បើតាមរបាយការណ៍ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រចាំឆមាសទី ១ ឆ្នាំ២០១៩នេះ បានបង្ហាញឲ្យដឹងថា សរុបជារួម គម្រោងលំនៅដ្ឋានតម្លៃសមរម្យមានចំនួន ៤ ទីតាំង សាងសង់លំនៅដ្ឋានសរុបចំនួន ៨.២១៧ ខ្នង និង ២.៩៦០ ចំណែកឯកជន (បន្ទប់)។
របាយការណ៍ បានបញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងលំនៅដ្ឋានតម្លៃសមរម្យទាំង៤ ដែលបាននិងកំពុងសាងសង់នេះ គឺគម្រោងលំនៅដ្ឋានទីក្រុងរណបសិរីមង្គល សម្រេចបានសមិទ្ធផលសាងសង់បានលឿនជាងគេបង្អស់។
ខាងក្រោមនេះ ជារបាយការណ៍របស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ ដែលបានរៀបរាប់ពី ការសមិទ្ធផលសាងសង់របស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យនីមួយៗ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩នេះ។
១, គម្រោង អភិវឌ្ឍន៍លំនៅដ្ឋាន ទីក្រុងរសិរីមង្គល ៖ គម្រោងនេះ ជារបស់ក្រុមហ៊ុន WorldBridge Home Co.,Ltd ដែលត្រូវបានគេដឹងថា ជារបស់លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group និងត្រូវបានមហាជនស្គាល់ថា ជាអ្នកជំនួញដ៏ល្បីល្បាញ និងជោគជ័យមួយរូបនៅកម្ពុជា។ គម្រោងនេះ មានទីតាំង នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ ជារួមគម្រោងនេះ សម្រេចបាន ៥៣% និងទទួលបានការកក់លំនៅដ្ឋានចំនួន ៧០៣ ខ្នង។
២, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន បុរីមនោរម្យព្រែកតាទែន៖ អភិវឌ្ឍដោយក្រុមហ៊ុន B&BM Development Co.,Ltd មានទីតាំងនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។ ជារួមគម្រោងនេះ សម្រេច ១៤% និងបានលក់លំនៅដ្ឋានចំនួន ១.៤០៩ ខ្នង។
៣, គម្រោងលំនៅដ្ឋាន ហ្គ្រេនផាក៖ ដំណាក់កាលទី១ មានទីតាំងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងនេះ សម្រេចបាន ៤៧% និងទទួលបានការលក់ និងកក់ផ្ទះ ចំនួន ៣៩០ ខ្នង។
៤, គម្រោងលំនៅដ្ឋានអារ៉ាខាវ៉ា៖ ជាប្រភេទសំណង់អគារស្នាក់នៅរួម ដែលមានចំនួនបន្ទប់ស្នាក់នៅ ២.៩៦០ បន្ទប់ មានទីតាំងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជារួម គម្រោងនេះ សម្រេចបាន៣៧% និងទទួលបានអតិថិជន ចុះឈ្មោះទិញ ចំនួន ១.១២៥ បន្ទប់។
ទោះយ៉ាងណា នៅក្នុងរបាយការណ៍មិនបានបញ្ជាក់ពីតម្លៃនៃគម្រោងលំនៅដ្ឋាននីមួយៗនោះទេ ដ្បិតថា តម្លៃលំនៅដ្ឋានវាមានការប្រែប្រួល ទៅតាមនិន្នាការទីផ្សារជាក់ស្ដែង។ ប្រសិនបើលោកអ្នកចង់ ដឹងពីតម្លៃ ឬព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលជាម្ចាស់គម្រោងដោយផ្ទាល់។
សូមជម្រាបថា របាយការណ៍ពីក្រសួងដែនដី បានបញ្ជាក់ដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ នៅទូទាំង ប្រទេសសំណង់លំនៅដ្ឋានសរុបមានចំនួន ១.៧៤៤ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ៣.៧២៨.០៧៦ ម៉ែត្រការ៉េ មានទុនវិនិយោគ ជាង ១,៥៣ ពាន់លានដុល្លារអាមេរិក ស្មើនឹង៤.០១៨ ខ្នង។ ក្នុងនោះដែរ បណ្ដុំលំនៅដ្ឋានមានលក្ខណៈបុរីនៅទូទាំងប្រទេសមានចំនួន ១៧ ទីតាំង ស្មើនឹង១.៥២១.៧៤៥ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ជាង៥៣២ លានដុល្លារ៕