
កម្មវិធីប្រគល់រង្វាន់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពី ការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនេះ ក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

កម្មវិធីដ៏ពោរពេញទៅដោយអត្ថន័យនេះ មានការអញ្ជើញចូលរួមជាអធិបតីដោយ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ LOLC មាតាបិតាអ្នកអាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់ទៀត។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានលើកឡើងថា ការរៀបចំឡើងនូវកម្មវិធីប្រគល់រង្វាន់កុំព្យូទ័រ និងបណ្ណសរសើរដល់សិស្សានុសិស្សនិទ្ទេស A នេះ គឺដើម្បីចូលរួមលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យមានការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ។

លើសពីនេះ ការផ្ដល់រង្វាន់ជាកុំព្យូទ័រ ក៏បានជួយដល់ការសិក្សា និងការស្រាវជ្រាវនានារបស់សិស្សានុសិស្ស នៅពេលពួកគេចូលរៀននៅមហាវិទ្យាល័យផងដែរ។ ពិសេសជាងនេះ ការចូលរួមចំណែកនៅក្នុងការជំរុញលើកស្ទួយវិស័យអប់រំ គឺជាការផ្សាភ្ជាប់ជាមួយនឹងគុណតម្លៃស្នូលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលតែងតែចាត់ទុកការអប់រំជាកិច្ចការអាទិភាព។

លោក សុខ វឿន បានសង្កត់ធ្ងន់ទៀតថា «ការអប់រំ គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតសម្រាប់កែប្រែពិភពលោក ដើម្បីឲ្យឈានទៅដល់ការអភិវឌ្ឍដ៏ល្អមួយ។ ដូច្នេះ ប្រសិនបើសិស្សានុសិស្សទាំងអស់មានចំណេះដឹងល្អ នោះពួកគេអាចកែប្រែខ្លួនឯងឲ្យមានអនាគតល្អ នឹងជួយឲ្យសង្គមគ្រួសារមានភាពល្អប្រសើរ ពិសេសជួយឲ្យសង្គមជាតិយើងកាន់តែមានការរីកចម្រើន។»

យុវសិស្ស អ៊ិន ណារី សិស្សនិទ្ទេស A មកពីខេត្តសៀមរាប បានគូសបញ្ជាក់ថា ការទទួលបានរង្វាន់កុំព្យូទ័រពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រើប្រាស់លើការសិក្សាស្រាវជ្រាវ នៅពេលដែលរូបនាងចូលរៀនថ្នាក់មហាវិទ្យាល័យ។ យុវសិស្សរូបនេះ រំពឹងថា នឹងមានការផ្ដល់ជូនបែបនេះ សម្រាប់សិស្សានុសិស្សនិទ្ទេស A ជំនាន់ក្រោយៗទៀត ហើយបានលើកទឹកចិត្តឲ្យប្អូនៗសិស្សានុសិស្សជំនាន់ក្រោយខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបានលទ្ធផលសិក្សាល្អ ឈានទៅចាប់យកឱកាសល្អៗជាច្រើនទៀត ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។

លោក នេត សារ៉ាន់ អ្នកអាណាព្យាបាលសិស្សនិន្ទេស A មកពីខេត្តសៀមរាប បានលើកឡើងដែរថា លោកពិតជាមានក្ដីរំភើបយ៉ាងខ្លាំង ដោយកូនរបស់លោកបានទទួលរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន LOLC ព្រោះវាបានរួមចំណែកសំខាន់មួយ សម្រាប់ឲ្យកូនរបស់លោក ក៏ដូចជាសិស្សានុសិស្សផ្សេងទៀត ទទួលបានសម្ភារចាំបាច់សម្រាប់ការសិក្សា ពិសេសនៅពេលរៀនបន្ដនៅមហាវិទ្យាល័យ។

ជាមួយគ្នានេះ លោក អ៊ុក តារា អ្នកអាណាព្យាបាលសិស្សនិទ្ទេស A នៅរាជធានីភ្នំពេញ បានបញ្ជក់ថា ការផ្ដល់រង្វាន់លើកទឹកចិត្តនេះ គឺជាការចូលរួមជំរុញការបំផុសស្មារតីឲ្យសិស្សានុសិស្សខិតខំរៀនសូត្រកាន់តែខ្លាំង ហើយក្នុងនាមលោកជាអតិថិជនរបស់ LOLC ផងនោះ លោកសង្ឃឹមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនេះ នឹងបន្ដសកម្មភាពនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ លោកបន្ថែមទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ជាគ្រឹះស្ថានមួយ ដែលគិតគូអំពីការជួយដល់សង្គម តាមរយៈសកម្មភាពជាច្រើននាពេលកន្លងមក ហើយលោកជឿជាក់ថា ការបន្ដសកម្មភាពនេះ នឹងធ្វើឲ្យអតិថិជនកាន់តែមានជំនឿចិត្ត និងគាំទ្រLOLC កាន់តែច្រើនឡើង។

LOLC ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានភាពលេចធ្លោជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានទ្រព្យសកម្មសរុបជាង១,៥៧ពាន់លានដុល្លារអាមេរិក និងបុគ្គលិក ដែលមានបទពិសោធន៍ ជាង ៣.៦៥២នាក់ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ អិលអូអិលស៊ី មានគោលបំណងបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ៕
