សង្គ្រាមពាណិជ្ជកម្ម

ក្រុមហ៊ុនធំៗជាង ៥០កំពុងពន្លឿនការរើផលិតកម្មចេញពីចិនទាំងប្រញាប់ប្រញាល់


ក្រុមហ៊ុន អន្តរជាតិល្បីៗ ប្រមាណ ជាង ៥០ ក្រុមហ៊ុនបាន និងកំពុងពន្លឿនការរើចំណែកផលិតកម្មរបស់ខ្លួនដែលមាននៅប្រទេសចិន ទាំងប្រញប់ប្រញាល់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ជំនួសវិញ ដើម្បីជៀសផុតពីសម្ពាធពន្ធគយ នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលបាននិងកំពុងបន្តអូសបន្លាយមកជាង១ឆ្នាំមកហើយនោះ។
ក្រុមហ៊ុនធំៗជាង ៥០កំពុងពន្លឿនការរើផលិតកម្មចេញពីចិនទាំងប្រញាប់ប្រញាល់ (រូបភាព៖ https://overclocked.ru/)
ដោយ

ក្នុងចំណោម​ក្រុមហ៊ុន​ជាង ៥០ នោះ ក៏មានក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់អាមេរិក ដូចជា Apple, HP និងDell  រួមទាំង​ក្រុមហ៊ុន​ជប៉ុន Nintedo ផងដែរ កំពុង​ពន្លឿន​ការ​រើ​ចំណែក​នៃ​ផលិតកម្ម​របស់ខ្លួន​ចេញពី​ប្រទេសចិន។ នេះបើតាម​ការ​ចុះផ្សាយ​ដោយសារព័ត៌មាន​ជប៉ុន​ធំមួយ គឺ Nikkei Asian Review។

សង្គ្រាមពាណិជ្ជកម្ម​អាមេរិក និងចិន បាន​អូសបន្លាយ​មកជាង ១ឆ្នាំមកហើយ ដោយ​កន្លងមក អាមេរិក​បាន​ដំឡើង​ពន្ធគយ ២៥%​សម្រាប់​ទំនិញចិន​តម្លៃ​២០០ ពាន់​លានដុល្លារអាមេរិក។ មកទល់​នឹងពេលនេះ នៅមិនទាន់​មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​សម្រេច​ជាផ្លែ​ផ្កា​ដោយ​ភាគីទាំងពីរ​ ក្នុងការ​ឆ្ពោះទៅរក​ការ​បញ្ចប់សង្គ្រាមជាផ្លូវការ នៅឡើយទេ។ ប៉ុន្ដែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែ​បន្ត​គំរាម​កំហែង​ជាថ្មី ក្នុងការ​ដំឡើង​ពន្ធគយ​លើ​មុខទំនិញចិន​ប្រមាណ ៣២៥ ពាន់លាន​ដុល្លារអាមេរិក​បន្ថែមទៀត។ 

ដោយសារតែ​ស្ថាន​ការណ៍ នៃសង្គ្រាម​នៅតែ​មានកម្ដៅ​ និងអាច​ឆេះឆួល​ខ្លាំងឡើង​ ពិបាក​ប៉ាន់ស្មានទុកមុន​នោះ មាន​ក្រុមហ៊ុន​កាន់តែច្រើន​ឡើងនៅប្រទេសចិន រួម​ទាំងក្រុមហ៊ុន​អន្តរជាតិ និងក្រុមហ៊ុន​ចិន​ក្នុងស្រុកផង កំពុង​ពិចារណា​ផ្លាស់ប្តូរ​រោងចក្រ​ផលិត​ចេញពីប្រទេស​ចិន​​ទៅរក​ប្រទេស​ដែល​មិនជាប់ការ​ដំឡើង​ពន្ធគយ​អាមេរិក។

ក្រុមហ៊ុន​ផលិត​កុំព្យូទ័រអាមេរិក HP និង Dell អាចនឹង​រើ​ផលិតកម្ម​ប្រមាណ ៣០% នៃ​ការផលិត​កុំព្យទ័រ Notebook របស់ខ្លួន​ចេញពីប្រទេសចិន ទៅកាន់ប្រទេស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​វិញ នេះបើតាម​ការរាយការណ៍​របស់សារព័ត៌មាន​ជប៉ុន Nikkei។ ជាមួយគ្នានេះ ក្រុមហ៊ុន​ Apple ក៏បាន​ស្នើ​ដល់​ដៃគូ​ផ្គត់ផ្គង់​ធំៗ​របស់ខ្លួន ឲ្យ​គិតគូរ​ពី​ផលប៉ះពាល់នៃ​តម្លៃ​ផលិតផល ដោយក្រុមហ៊ុន​នេះ ចង់ឲ្យ​មានការ​រើ​ផលិតកម្ម​ពី១៥ ទៅ៣០% ចេញពីប្រទេសចិន ទៅកាន់ប្រទេស​ឥណ្ឌាវិញ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះដែរ ក្រុមហ៊ុន GoerTek ដែលជារោងចក្រ​សំខាន់​មួយ​សម្រាប់​ផ្គត់ផ្គង់​ផលិតផល​ឲ្យ ក្រុមហ៊ុន Apple នោះ បាន​ប្រកាសថា នឹង​ចាប់ផ្ដើម​ដំណើរការ​សាកល្បង​រោងចក្រ​ផលិត​កាស​ស្ដាប់ត្រចៀកឥតខ្សែ Airpods នៅក្នុងប្រទេស​វៀតណាម ដែលវា​គឺជា​កាត់មូលដ្ឋាន​ផលិត​ចេញ​ពីប្រទេសចិន។

ក្រុមហ៊ុនជប៉ុន Nintedo ក៏នឹង​ទាញចំណែក​នៃការផលិត​វីដេអូហ្គេម​របស់ខ្លួន ចេញពីប្រទេសចិន ទៅកាន់ប្រទេស​វៀតណាម​ផងដែរ។ នេះបើតាម​ការបញ្ជាក់​របស់ សារព័ត៌មាន Nikkei ដដែល។

ប្រភពព័ត៌មាន​ដដែល​បានឲ្យដឹងទៀតថា មិនមែន​តែ​ក្រុមហ៊ុន​បរទេសនោះទេ ដែល​បាននិងកំពុង​គិតគូ​រើ​ទីតាំង​​ផលិតកម្មចេញពី​ប្រទេសចិន ប៉ុន្ដែ​ក៏មានក្រុមហ៊ុន​ក្នុងស្រុក​របស់ចិន​មួយចំនួន​ ​នឹង​ត្រៀមរើ​ចេញពីប្រទេសចិន​ផងដែរ។ តួយ៉ាង ក្រុមហ៊ុន​ផលិតគ្រឿងអេឡិចត្រូនិកចិន TCL នឹង​រើ​ការផលិត​ទូរទស្សន៍​របស់ខ្លួន​ទៅកាន់​ប្រទេស​វៀតណាមដែរ ខណៈដែល​ក្រុមហ៊ុន​ផលិតសម្បក​កង់រថយន្ដ​ចិន Sailun Tire ក៏នឹង​ប្តូរខ្សែច្រវាក់​ផលិតកម្ម​ពីប្រទេសចិន​ទៅកាន់ ប្រទេសថៃផងដែរ។ 

ការអូសបន្លាយ​នៃសង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និងចិន​ហាក់កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់សេដ្ឋកិច្ច​ចិន គួរឲ្យ​កត់សម្គាល់។ តាមរបាយការណ៍មួយ ដែល​ផ្សាយដោយសារព័ត៌មាន CNBC បញ្ជាក់ថា សេដ្ឋកិច្ច​ចិន​បង្ហាញពី​កំណើនយឺត ដែលមាន​ប្រមាណ ៦,២% ប៉ុណ្ណោះ នៅត្រីមាស​ទី២ឆ្នាំនេះ ដែលវា​ជា​កំណើន​មួយ​ស្ថិត​ក្នុងសភាពខ្សោយ​ខ្លាំង គិតត្រឹម​២៧ឆ្នាំ​ចុងក្រោយនេះ។

លោកដូណាល់ ត្រាំ បាន​ចាត់ទុកថា កំណើនយឺត​នៃសេដ្ឋកិច្ច​ចិននាពេលនេះ គឺជា​ភ័ស្ដុតាងបញ្ជាក់ថា ចិន​គឺកំពុង​ចាញ់​ក្នុងសង្គ្រាម​ពាណិជ្ជកម្មនេះ ខណៈ​ដែល​ប្រទេសចិន​ប្រឈម​នឹង​ការ​ចាកចេញ​របស់​ក្រុមហ៊ុន​ផលិតធំៗ​កាន់តែច្រើន។ 

លោកត្រាំ បាននិយាយ​នៅក្នុង​ Twitter​របស់ខ្លួន​កាលពីថ្ងៃចន្ទ ទី១៥ កក្កដានេះថា «ពន្ធគយ​របស់​សហរដ្ឋអាមេរិក កំពុង​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា ទៅលើ​ក្រុមហ៊ុន​ដែលកំពុង​ចង់​ចាកចេញ​ពីប្រទេសចិន​ទៅរក​ប្រទេស​ដែលមិនមាន​របាំងពន្ធគយនេះ។ មានក្រុមហ៊ុន​រាប់ពាន់​កំពុង​ចាកចេញ។ នេះ គឺជាមូលហេតុ​ ដែលប្រទេសចិន​ចង់​បង្កើត​កិច្ចព្រមព្រៀង [កិច្ចព្រមព្រៀង​ជាមួយសហរដ្ឋអាមេរិក]»៕.  

None



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្ម៖ កាណាដា គ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារ នៅក្នុងឆ្នាំ ២០១៩-២០២០

សម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ប្រទេសកាណាដា គ្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក ដែលការបញ្ជាទិ…

ក្រុមហ៊ុន នារីម៉ូតូឌុបទេសចរណ៍ វៀតណាម នឹងពង្រីកប្រតិបត្តិការនៅកម្ពុជា ខែក្រោយ

ក្រុមហ៊ុននារីម៉ូតូឌុបទេសចរណ៍ វៀតណាម I Love Asia Tour ដែលជាក្រុមហ៊ុនបង្កើតថ្មី នឹងមានប្រតិបត្តិការផ្ដល់សេវាម៉ូតដុបទេសចរនៅប្រទេសវៀតណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ