ថ្លែងនាពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីទិសដៅការងារសំខាន់ៗ និងសកម្មភាពចម្បងៗ ដែលបានកំណត់នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់ក្រសួង។
បើតាមថ្នាក់ដឹកនាំរូបនេះ គម្រោងទាំងនោះរួមមាន គ្រោងអនុវត្តគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលនឹងត្រូវស្ថាបនាឡើងវិញនាពេលខាងមុខ។
ត្រៀមអនុវត្តគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម), កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគ្រៀល), ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក), ផ្លូវជាតិលេខ៥០សេ (កំពង់ឆ្នាំង-កំពង់ធំ) និងស្ពានឆ្លងកាត់ទន្លេសាប, ផ្លូវជាតិលេខ៥៧ (បាត់ដំបង-អូរព្រះ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដុំ), ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់), ផ្លូវវាងក្រុងសៀមរាប ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម-ពាមរក៍), ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប, ផ្លូវក្រវាត់ក្រុងទី៣ ផ្នែកខាងកើត និងស្ពានឆ្លងទន្លតភ្ជាប់នឹងផ្លូវក្រវាត់ក្រុង និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងដែល ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងជាច្រើនដើម្បីសម្រេចក្នុងឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល យល់ឃើញថាក្រសួងគួរតែសម្រេចឱ្យបានការចរចាឱ្យបានចប់សព្វគ្រប់មួយគម្រោងសិន។
ក្នុងន័យនេះ ថ្នាក់ដឹកនាំរូបនេះ អះអាងថា នៅក្នុងឆ្នាំ២០២៤នេះ គឺធ្វើយ៉ាងណាសម្រេចឱ្យបាននូវការចរចាឱ្យបានចប់សព្វគ្រប់ ឬសម្រេចឱ្យបាននូវការបើកការដ្ឋានសាងសង់ផ្លូវ ៥០C តភ្ជាប់ពីពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដ្បិតថាគម្រោងនេះត្រូវបានប្រមុខរាជដ្ឋាភិបាលកម្ពុជាប្រកាសជាគម្រោងអាទិភាពបំផុតក្នុងឆ្នាំនេះ។
បើតាម ឯកឧត្តម ស៊ុន ចាន់ថុល គម្រោងស្ថាបនាផ្លូវ ៥០សេនេះ ក៏ត្រូវបានឯកឧត្តម ប៉ែង ពោធិ៍នា ធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយដែរដើម្បីដាក់បញ្ចូលជាគម្រោងសម្រាប់ឆ្នាំ២០២៤។
សូមជម្រាបថា តាមផែនការដែលក្រសួងសាធារណការធ្លាប់បានប្រកាស គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេនេះ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងជាមួយខេត្តកំពង់ធំឆ្លងកាត់បឹងទន្លេសាប។ និងគម្រោងប្រើប្រាស់ រយៈពេលកសាងប្រមាណ៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ២៥០លានដុល្លារ៕