ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឲ្យដឹងថា អចលនទ្រព្យស្ថិតនៅក្នុងខេត្តដែលមានសក្តានុពលទៅលើការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចតាមបែបធម្មជាតិ គឺមានតម្រូវការអចលនទ្រព្យខ្លាំងនឹងបានកើនឡើងតម្លៃជាបន្តបន្ទាប់។
ជាក់ស្តែងគម្រោងមួយចំនួននៅក្នុងខេត្តទាំង៦នោះ មានការដោះដូរទិញលក់អចលនទ្រព្យយ៉ាងមម៉ាញឹក។ ជាងនេះទៀត អ្វីដែលជាការកត់សម្គាល់ក្នុងពេលជាមួយគ្នានេះ អ្នកវិនិយោគបានពង្រីកការវិនិយោគដោយបានបោះទុនធ្វើការវិនិយោគជាបន្តបន្ទាប់ទៅលើវិស័យសំណង់លក្ខណៈបុរី ស្របតាមបណ្តោយផ្លូវតភ្ជាប់ទៅកាន់ខេត្តសក្តានុពលទាំងនោះ មានផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និង ផ្លូវជាតិលេខ ៦ជាដើម។
អ្នកជំនាញអចលនទ្រព្យ បានធ្វើការសន្និដ្ឋានថា វិស័យសំណង់កម្ពុជា នៅតែបន្តជាមួយនឹងភាពរឹងមាំនៅក្នុងរយៈពេល ៥ឆ្នាំតទៅមុខទៀត ខណៈអំណាចទិញក្នុងស្រុក និង អន្តរជាតិនៅមានសន្ទុះខ្លាំង ដោយមានការគាំទ្រពីខាងវិស័យធនាគារ ពិសេសបូករួមនឹងស្ថិរភាព កំណើនសេដ្ឋកិច្ច និង ស្ថិរភាពនយោបាយ។
លោកច្រឹក សុខនីម បញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញបន្តរីកចម្រើនខ្លាំងនៅភាគខាងជើង ឈៀងខាងលិច និងខាងកើតឈៀងខាងត្បូង ខណៈនៅតំបន់នោះមានកំណើនប្រជាជន រស់នៅច្រើន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំទូលាយ ផ្តល់ភាពទាក់ទាញដល់ការវិនិយោគ៕