លោក ហេង សួរ បាននិយាយប្រាប់ រ៉យទ័រ ដូច្នេះថា ”មានរោងចក្រចំនួន៩១ ដែលត្រូវបានព្យួរការងារ គិតមកទល់នឹងថ្ងៃនេះ។”
លោក ហេង សួរ បាននិយាយថា ចំនួនកម្មករដែលរងប៉ះពាល់មានប្រហែលជា ៦១៥០០នាក់ ហើយរដ្ឋាភិបាលនឹងផ្តល់ជាប្រាក់ខែចំនួនប្រមាណជា ៣៨ដុល្លារក្នុងមួយខែ ដល់ពួកគាត់។
គួររំឭកថា រដ្ឋាភិបាលធ្លាប់បានប្រកាសថា កម្មករដែលត្រូវបានព្យួរការងារនឹងទទួលបានប្រាក់ឧបត្ថម្ភ ៦០% នៃប្រាក់ខែគោល ១៩០ដុល្លាររបស់ពួកគេ ដោយក្នុងនោះ រដ្ឋនឹងផ្តល់ ២០% ចំណែកឯថៅកែរោងចក្រត្រូវផ្តល់បន្ថែម ៤០%ទៀត។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បាននិយាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ថា សម្រាប់ខែមេសា និងឧសភានេះ រោងចក្រមិនមានលទ្ធភាពបង់ ៤០ភាគរយបាននោះទេ ដោយសារការលក់សម្លៀកបំពាក់នៅអាមេរិក អឺរ៉ុប និងកាណាដា បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការផ្ទុះឡើងនូវមេរោគកូវីដ១៩។
លោក កាំង ម៉ូនីកា បាននិយាយដូច្នេះថា “ស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ន កម្មករនិយោជិតទទួលបានប្រាក់ឈ្នួល ៤០ភាគរយនៃប្រាក់ឈ្នួលគោល ពីនិយោជក។ ប៉ុន្តែ ដោយសាររោងចក្រអស់សាច់ប្រាក់ អាចនឹងមានការផ្លាស់ប្តូរ បន្ទាប់ពីចូលឆ្នាំថ្មីហើយ យើងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលចូលរួមចំណែកក្នុងការជួយឧស្សាហកម្មរបស់យើងឱ្យរស់រានក្នុងរយៈពេលខ្លី។"
លោក កាំង ម៉ូនីកា បានបន្តថា “បច្ចុប្បន្ននេះ ជំងឺរាតត្បាតនៃវីរុសកូវីដ១៩ មានសភាពធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា ដែលជាទីផ្សារធំរបស់យើង។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានចំនួន ២៨ភាគរយ សហភាពអឺរ៉ុប មានចំនួន ៤៦ភាគរយ និងកាណាដា ៨ ភាគរយ នៃបរិមាណនាំចេញសរុបរបស់កម្ពុជា៕”