លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបក្រុងអរិយក្សត្រ គ្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន ឃុន សៀ អឹមផត អិចផត នៅលើផ្ទៃដី ទំ១៨០ហិកតា ស្ថិតនៅតាមបណ្តោយមាត់ទន្លេទល់មុខនឹងទីក្រុងរណបកោះពេជ្រ និងកោះនរា។ ថ្នាក់ដឹកនាំក្រុងអរិយក្សត្រ រូបនេះ ជឿជាក់ថា ក្រោយទីក្រុងរណបនេះលេចចេញជារូបរាង វានឹងជួយធ្វើឱ្យតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន និងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពល ក៏ដូចជាជួយធ្វើឱ្យទីផ្សារដីធ្លីនៅតំបន់នោះកាន់តែមានភាពល្អប្រសើរ ព្រមទាំងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ពលរដ្ឋនៅមូលដ្ឋានផងដែរ។
ដោយឡែក លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា នៅពេលគម្រោងអភិវឌ្ឍន៍ទីក្រុងរណបក្រុងអរិយក្សត្រមានដំណើរការ វានឹងរួមចំណែកជួយទាក់ទាញការវិនិយោគកាន់តែច្រើនចូលទៅកាន់តំបន់នោះ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ សង្កេតឃើញថា បញ្ហាខ្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនអាចជារបាំងមួយក្នុងការទាក់ទាញអ្នកវិនិយោគឱ្យទៅបោះទុនវិនិយោគនៅតំបន់នោះ។ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចនៅតំបន់នោះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ប្រសិនបើមិនមានការប្រែប្រួលទេ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបក្រុងអរិយក្សត្រ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។
សូមរំលឹកថា ក្រុងអរិយក្សត្រនៃខេត្តកណ្តាល ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់ឃុំចំនួន៦ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន៥ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ដែលធ្វើឱ្យក្រុងអរិយក្សត្រ មានសង្កាត់សរុបចំនួន១១៕
អត្ថបទ៖ បូ ដូឡា