នេះបើតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍របស់ធនាគារពិភពលោក ក្រោមចំណងជើងថា កម្ពុជា លើសពីការតភ្ជាប់បណ្ដាញ បានបង្ហាញថា នៅប្រទេសកម្ពុជា មានគ្រួសាររហូតដល់ជាង ៨៨% លទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់តិចបំផុត៤ម៉ោងក្នុងមួយថ្ងៃ ក្នុងនោះ គិតមកទល់បច្ចុប្បន្ន លទ្ធភាពទទួលបានអគ្គិសនីតាមរយៈបណ្តាញខ្សែចែកចាយរបស់រដ្ឋត្រូវបានពង្រីករហូតដល់ ៧១,៥%។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅតំបន់ជនបទ បច្ចុប្បន្ន មានគ្រួសារចំនួនប្រមាណ ៣០ភាគរយ ដែលពឹងផ្អែកទៅលើប្រភពអគ្គិសនីមិនមែនបណ្តាញចែកចាយរដ្ឋ ដើម្បីទទួលបានអគ្គិសនីប្រើប្រាស់ ក្នុងនោះមានប្រព័ន្ធស្រូបថាមពលពន្លឺព្រះអាទិត្យខ្នាតលំនៅឋាន ចង្កៀងគោមប្រើថាមពលព្រះអាទិត្យ និងអាគុយសាកភ្លើង។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ថាមពលមានសារសំខាន់ណាស់សម្រាប់ពង្រីកសមត្ថភាពប្រកួតប្រជែងផ្នែកឧស្សាហកម្មដែលបង្កើតការងារថ្មី ហើយសម្រាប់ធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈដែលពង្រីកឱកាស ជួយឱ្យពលរដ្ឋកម្ពុជាគ្រប់រូបមានជីវភាពប្រកបដោយគុណភាពកាន់តែល្អជាងមុន។
លោក វិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ធ្លាប់បានលើកឡើងថា ជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យបានទៅដល់គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជាឲ្យមានអគ្គិសនីប្រើប្រាស់ តាមរយៈបណ្ដាញផ្គត់ផ្គង់របស់រដ្ឋ។
យ៉ាងណាក៏ដោយចុះ តម្លៃថាមពលអគ្គិសនីនៅកម្ពុជានៅតែមានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាង ពោលគឺបច្ចុប្បន្នមានតម្លៃជាមធ្យមប្រមាណ ៧២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈដែលថៃមានតម្លៃប្រមាណ ៤៨០រៀល រីឯវៀតណាមមានតម្លៃត្រឹមតែ ២៨០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះបើតាមការបញ្ជាក់ពីរបាយការណ៍របស់ធនាគារពិភពលោក។
សូមជម្រាបដែរថា តាមរបាយការណ៍ពីក្រសួងរ៉ែនិងថាមពល បានបង្ហាញថា ប្រភពថាមពលអគ្គិសនីប្រើប្រាស់នៅកម្ពុជាមាន ២ប្រភព គឺប្រភពអគ្គិសនីដែលផលិតក្នុងស្រុក និងប្រភពអគ្គិសនីដែលបាននាំចូល។
នៅឆ្នាំ២០១៧ ប្រភពអគ្គិសនីក្នុងស្រុករបស់កម្ពុជាមានជាង១៨០០មេហ្គាវ៉ាត់ ឬស្មើនឹងជាង ៨១% នៃប្រភពថាមពលអគ្គិសនីសរុប ខណៈដែលប្រភពអគ្គិសនីនាំចូលមានជាង ៤០០មេហ្គាវ៉ាត់ ឬស្មើនឹងប្រមាណជាង១៨%។ ដោយឡែក នៅឆ្នាំ២០១៨នេះ កម្ពុជារំពឹងថា នឹងបង្កើនប្រភពអគ្គិសនីក្នុងស្រុកឲ្យបានដល់ជាង ២២០០មេហ្គាវ៉ាត់ ឬស្មើនឹងជាង ៨៣% នៃប្រភពថាមពលអគ្គិសនីសរុប៕