ប្រាក់ចំណេញអេស៊ីលីដា

ធនាគារអេស៊ីលីដា រំពឹងប្រាក់ចំណេញកើនលើស ១០០ លានដុល្លារ នៅឆ្នាំ២០២០ ចំពេលធនាគារនេះប្រកាសនឹងចូលផ្សារហ៊ុន


នៅឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា នឹងបើកនូវសករាជថ្មីរបស់ខ្លួនក្នុងវិថីហិរញ្ញវត្ថុនៅកម្ពុជា ហើយក៏ត្រូវបានគេមើលឃើញថា នឹងអាចក្លាយជាធនាគារគំរូមួយផងដែរ ក្នុងការបោះជំហានជើងចូលក្នុងទីផ្សារភាគហ៊ុននៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ ស្របពេលដែល ធនាគារដ៏ធំមួយនេះ នឹងបោះផ្សាយលក់ភាគហ៊ុននោះ ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា ក៏ត្រូវបានរំពឹងដែរថា នឹងហក់កើនឡើងលើស ១០០លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ដែលប្រាប់សារព័ត៌មានខេមបូណូមីសនាពេលថ្មីៗនេះ។
ស្នាក់ការកណ្ដាល​ធនាគារអេស៊ីលីដា
ដោយ

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ខេបូណូមីសថា សម្រាប់​ឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា រំពឹង​ប្រាក់ចំណេញ​នឹងកើនឡើង​លើសឆ្នាំ២០១៩ទៅទៀត ដោយយ៉ាងហោចណាស់​ក៏មានកំណើន​១០%ដែរ ខណៈដែល​កាលពីឆ្នាំ២០១៩​ប្រាក់ចំណេញ​របស់អេស៊ីលី ធ្លាប់បាន​រំពឹងថានឹង​មាន​ប្រមាណ ១០០ លាន​ដុល្លារអាមេរិក។

លោកបណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍​យ៉ាងដូច្នេះថា «រឹតតែច្រើន​ជាងឆ្នាំ២០១៩ទៀត [កំណើនប្រាក់ចំណេញឆ្នាំ២០២០] … នរណា​ចង់បាន​ប្រាក់ចំណេញ​ស្មើ​ឆ្នាំមុននោះ? វាត្រូវតែច្រើនជាងហ្នឹង! ... បទពិសោធន៍ជាក់ស្ដែង​មួយឆ្នាំៗ​កើន​ប្រមាណជាង​១០%»។

ដោយឡែក សម្រាប់​ប្រាក់ចំណេញ​នៅឆ្នាំ២០១៩​របស់ធនាគារ​អេស៊ីលីដាវិញ ត្រូវបាន​លោកបណ្ឌិត អ៊ិន ចាន់នី​បាន​គូសបញ្ជាក់ថា ខាងធនាគារ​នៅមិនទាន់បាន​ធ្វើសវនកម្មនៅឡើយទេ។ ប៉ុន្ដែ លោកបាន​បង្ហើបឲ្យដឹង​ថា សម្រាប់​ផលបត្រឥណទាន​ដែលធនាគារនេះ ទទួលបាន​នៅឆ្នាំ២០១៩ មានប្រមាណ ៣,៧ ពាន់លាន​ដុល្លារអាមេរិក​ និងប្រាក់​ញ្ញើសន្សំប្រមាណ ៤,២ ពាន់លាន​ដុល្លារអាមេរិក (លេខមិនទាន់ធ្វើសវនកម្ម) បាន​សបញ្ជាក់ឲ្យថា ប្រាក់ចំណេញ​របស់អេស៊ីលីដា​នៅឆ្នាំ២០១៩ គឺមានកំណើន​ខ្ពស់គួរសម ដែលប្រាក់ចំណេញ​ក្រោយបង់ពន្ធរួច មាន​ប្រមាណជាង​១០០​លាន​ដុល្លារអាមេរិក ប៉ុន្ដែ​ ត្រូវធ្វើសវនកម្ម​ជាមុនសិន មុននឹង​ធនាគារ​ប្រកាស​តួលេខ​ជាផ្លូវការ។ 

អ្នកចុះឈ្មោះ​បើកគណនី ដើម្បីត្រៀមទិញ​ភាគហ៊ុន ធនាគារ​អេស៊ីលីដា

សូមបញ្ជាក់ដែរថា បើសិន​មិនមាន​អ្វីប្រែប្រួលទេ តាមការរំពឹងទុក​ ធនាគារអេស៊ីលីដា​នឹង​បោះផ្សាយ​លក់ភាគហ៊ុន​របស់ខ្លួន​លើកដំបូង​ នៅមុនខែ​មេសា​ឆ្នាំ២០២០នេះហើយ ខណៈដែលវត្ត​មាន​របស់អេស៊ីលីដា​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា ក៏ត្រូវបាន​គេមើលឃើញថា គឺជាប្រវត្តិសាស្ត្រមួយផងដែរ សម្រាប់​ផ្សារមូលបត្រ​កម្ពុជា​ ដែលមាន​ការបោះផ្សាយ​លក់ភាគហ៊ុនលើកដំបូង​ពីសំណាក់ធនាគារពាណិជ្ជ។

ធនគារ​អេស៊ីលីដា ក៏បាន​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពីការបោះផ្សាយ​លក់មូលបត្រកម្មសិទ្ធិ ឬហៅថា​លក់ភាគហ៊ុន ចំនួន​៤លើករួចមកហើយ ដែលមាន​អ្នកចូលរួម​ប្រមាណជាង ៦០០ នាក់ ក្នុងនោះ ក៏មាន​ការចុះឈ្មោះ បើក​គណនី​ទិញ​ភាគហ៊ុន​ច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ នេះបើតាម​ការអះអាង​របស់​លោក បណ្ឌិត អ៊ិន ចាន់នី។

សិក្ខាកាម​ចូលរួម​សិក្ខាសាលា​ស្ដីអំពី​ការ​បោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​របស់ធនាគារ​អេស៊ីលីដា

គួររំឭកដែរថា បច្ចុប្បន្ននេះ ភាគទុនិក​របស់អេស៊ីលីដា មានចំនួន​៦ ភាគទុនិក ក្នុងនោះ ភាគហ៊ុន​ខ្មែរ​មានចំនួន ២ ស្ថាប័ន និង​បរទេស​មានចំនួន​៤ ស្ថាប័ន តែបើគិតពីចំណែក​ភាគហ៊ុនខាងភាគទុនិក​ខ្មែរ​កាន់កាប់ចំណែក​ហ៊ុន ៥១% និងបរទេស​កាន់កាប់​៤៩%។

ការគ្រោង​បោះផ្សាយ​លក់ភាគហ៊ុន​របស់អេស៊ីលីដានេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ធនាគារនេះ អះអាងថា គឺដើម្បី​ជាការចែករំលែក​នូវផលចំណេញ​ ដល់ប្រជាជនកម្ពុជា។

បើតាម​ការគូសបញ្ជាក់ របស់លោក​បណ្ឌិត អ៊ិន ចាន់នី គិតតាំងពីការចាប់កំណើត​ឡើង នៅឆ្នាំ ១៩៩៣ មួយនឹង​ដើមទុនដំបូងប្រមាណ ៦១​ ម៉ឺនដុល្លារ គិត​មកទល់ដំណាច់ឆ្នាំ២០១៩ ទុនរបស់​អេស៊ីលីដា បានកើនឡើង​រហូតដល់ទៅ ៧០០ដង ​ធ្វើឲ្យ​ទុនរបស់​ម្ចាស់ទ្រព្យ​កើនឡើង​ប្រមាណ ៩០០លាន​ដុល្លារអាមេរិក រីឯទ្រព្យសកម្មវិញ កើនឡើង​រហូតដល់ ៩.០០០ដង ខណៈប្រាក់ចំណេញ​កើនដល់ជិត​២.០០០ដង​ផងដែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនឆ្នោតវៀតណាម ប្រកាសប្រាក់ចំណេញជាង៥៦ លានដុល្លារអាមេរិក នៅឆ្នាំ២០១៩

ក្រុមហ៊ុនឆ្នោតវៀតណាម HCMC Lottery Company Ltd. រកបានប្រាក់ចំណូលជាង៣៨៥ លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ កើនឡើង១៥,២% ធៀបនឹងឆ្នាំ២០១៨ ដោយ…

សហព័ន្ធកៅស៊ូវៀតណាមនឹងពង្រីកផ្ទៃដីចៀរជ័រកៅស៊ូនៅកម្ពុជាឲ្យបានដល់ ៦,៥ ម៉ឺនហិកតា នៅឆ្នាំ២០២០

សហព័ន្ធកៅស៊ូវៀតណាម បានអះអាងថា នៅឆ្នាំ២០២០នេះសហព័ន្ធនេះ នឹងធ្វើការពង្រីកផ្ទៃដីចៀរជ័រកៅស៊ូនៅកម្ពុជា ឲ្យបានដល់៦,៥ ម៉ឺនហិកតា សម្រាប់ធ្វើកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ