លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន ចំនួនកម្មករកម្មាការនី ដែលមានចុះឈ្មោះក្នុងបញ្ជី នៅក្នុងបេឡាជាតិរបបសន្ដិសុខសង្គម (បសស) មាន ៧៨ម៉ឺននាក់ តែបើបូកសរុបទាំងកម្មករធ្វើការពេញម៉ោងនិងក្រៅម៉ោង អាចមានរហូតដល់ ៩០ម៉ឺននាក់ ខណៈដែលកន្លងមកនេះ ការចំណាយលើប្រាក់ខែកម្មករ ក្នុងមួយខែៗ មានប្រមាណ ១៦០លានដុល្លារអាមេរិក។
ដោយឡែក សម្រាប់ប្រាក់ឈ្នួលរបស់កម្មករម្នាក់ៗ តាមរយៈគោលការណ៍ថ្មី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំក្រោយនេះ អាចមានប្រមាណ ២៥០ដុល្លារក្នុងមួយខែ ដោយក្នុងនោះ ប្រាក់ខែគោលអប្បបរមាមានចំនួន ១៨២ដុល្លារអាមេរិក។
ដូច្នេះ សម្រាប់ការចំណាយលើប្រាក់បៀវត្ស កម្មករកម្មការនីរោងចក្រកាត់ដេរទាំងអស់នៅកម្ពុជា អាចមានរហូតដល់ ២០០លានដុល្លារក្នុងមួយខែ ខណៈដែលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ក៏ជាថ្ងៃដែលត្រូវចាប់ផ្ដើមអនុវត្តការបើកប្រាក់បៀវត្ស ១ខែ ២ដង ជូនកម្មករកម្មការិនី ផងដែរ។
ជុំវិញនឹងការបើកប្រាក់ខែ ១ខែ ២ដងនេះដែរ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានគូសបញ្ជាក់ដែរថា មកទល់ពេលនេះ រោងចក្រ៥៦៦ រោងចក្រ ដែលជាសមាជិករបស់ GMAC បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការអនុវត្ត ការបើកប្រាក់ខែជូនដល់កម្មករកម្មការនី ដែលជាតម្រូវពីរាជរដ្ឋាភិបាលកម្ពុជា។
ថ្មីៗនេះ ខាងសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀងជាមួយធនាគារ អេស៊ីលីដា ដើម្បីជួយជំរុញឲ្យមានភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព សម្រាប់គាំទ្រដល់ការបើកប្រាក់ខែ១ខែ ២ដង ជូនដល់កម្មករកម្មការនីផងដែរ។
បើតាម ការអះអាង ពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានលើកឡើងថា ការដំឡើងប្រាក់ខែដល់កម្មករកម្មាការីរោងចក្រកាត់ដេរនៅកម្ពុជា គិតត្រឹមរយៈពេល៥ឆ្នាំកន្លងមកនេះ បានកំណើនខ្ពស់ រហូតដល់ប្រមាណ ១៧០% ទៅហើយ ដែលវាក៏ជាក្ដីព្រួយបារម្ភមួយចំពោះថៅកែរោងចក្រផងដែរ។
បើធៀបជាមួយនឹងប្រទេសវៀតណាម ប្រាក់ខែគោលអប្បរមារបស់កម្មកររោងចក្រកាន់ដេរ នៅកម្ពុជា គឺមានខ្ពស់ជាប្រទេសវៀតណាមទៅទៀត។ នេះបើតាមការគូសបញ្ជាក់ពី លោកខេន លូ។
សូមជម្រាបថា តាមអ្នកជំនាញសេដ្ឋកិច្ច ធ្លាប់បានលើកឡើងថា វិស័យកាត់ដេររបស់កម្ពុជា ហាក់កំពុងរងនូវសម្ពាធប្រកួតប្រជែងខ្លាំងជាមួយនឹងប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងបង់ក្លាដេស ជាដើម ដោយសារតែប្រទេសទាំងនោះ មានប្រាក់ខែកម្មករទាប និងការចំណាយលើថាមពលដូចជាទឹកភ្លើង ក៏មានទាបជាងប្រទេសកម្ពុជាផងដែរ។
ទោះយ៉ាងណា នៅឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត ដល់ម្ចាស់រោងចក្រកាត់ដេរផងដែរ ដូចជាការសម្រួលដល់ការចុះថ្លៃអគ្គិសនីពី ១៦ សេន មក១៤សេន ខណៈដែលខាងរោងចក្របានស្នើចុះពី១៦ មក ១២ តែការសម្រេចចុងក្រោយចុះបានតែ២សេនប៉ុណ្ណោះ។
តំណាងសមាគមរោងចក្របានះអាងថា ទោះបីជាមានការចុះថ្លៃ ២សេនក៏ដោយ ប៉ុន្ដែ តម្លៃ អគ្គិសនីនៅកម្ពុជានៅតែខ្ពស់ជាងប្រទេសដៃគូប្រជែង ដូចជាវៀតណាម បង់ក្លាដេស មីយ៉ាន់ម៉ា និងថៃ៕