របាយការណ៍បច្ចុប្បន្នភាពថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានចំណងជើងថា«ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី(ADO) ឆ្នាំ២០១៨» បានព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចរង្វង់ ៧% ដដែល សម្រាប់ឆ្នាំ២០១៨ និង២០១៩ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយប្រទេសដែលមានឧស្សាហកម្មធំៗផ្សេងៗទៀត នៅបន្តភាពរឹងមាំក្នុងកម្រិតមធ្យម។
លោកស្រី Suniya Durrani Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែបន្តពង្រីកជំហានដ៏រឹងមាំរបស់ខ្លួនកាន់តែប្រសើរឡើង ដោយត្រូវបានគាំទ្រដោយ ភាពរឹងមាំនៃការនាំចេញ កំណើនទេសចរបរទេស តម្រូវការក្នុងស្រុកមានការកើនឡើង និងភាពអំណោយផលនៃការពង្រីកគោលនយោបាយសារពើពន្ធជាដើម។
ទោះជាយ៉ាងណា លោកស្រី Suniya បានគូសបញ្ជាក់ដែរថា ការកើនឡើងនៃប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស ដោយមិនមានការបង្កើននូវផលិតភាពការងារ ក៏អាចបង្ករជាហានិភ័យក្នុងស្រុកធំៗ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងខាងក្រៅរបស់កម្ពុជាផងដែរ ខណៈដែលកម្ពុជានៅតែបន្តពឹងផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃថោក។
របាយការណ៍ពី ADB ដដែលនេះ បានឲ្យដឹងទៀតថា គិតនៅក្នុងឆមាសទី១ ឆ្នាំនេះ ការនាំចេញទំនិញរបស់កម្ពុជា កើនឡើងជាង ១៣% រីឯការនាំចូលវិញ កើនឡើងជិត ២៦%។ ឱនភាពគណនីចរន្ដ ដោយមិនរាប់បញ្ជូលជំនួយពីក្រៅប្រទេស នឹងកើនឡើង ១២% នៃ GDP នៅឆ្នាំនេះ ដែលចំនួននេះ គឺបានកើនឡើងពីប្រមាណ ១១% ក្នុងឆ្នាំ២០១៧ ។ ប៉ុន្ដែ ឱនភាពគណនីចរន្តនេះ ត្រូវបានគេរំពឹងថា នឹងអាចធ្លាក់ចុះមកវិញ នៅឆ្នាំក្រោយ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ជញ្ជីងទូទាត់ជារួម នឹងនៅតែបន្តមានអតិរេក ដោយសារតែមានលំហូរវិនិយោគផ្ទាល់ពីបរទេសរឹងមាំ ជំរុញឲ្យទុនបម្រុងបរទេសកើនឡើងពីជាង ៩ពាន់លានដុល្លារគិតក្នុងខែកក្កដា ឆ្នាំ២០១៨ រហូតដល់ប្រមាណ ១០ពាន់លានដុល្លារ នៅចុងឆ្នាំ២០១៨នេះ ដែលអាចទប់ទល់នឹងការចំណាយសម្រាប់ការនាំចូលបានរយៈពេល ៦ខែ។
បើក្រឡេកទៅមើល អត្រាអតិផរណាវិញ របាយការណ៍ ADB បានរកឃើញថា មានការថមថយមកវិញ ដោយគិតជាមធ្យម ស្ថិតក្នុងកម្រិត ២,៤% ប៉ុណ្ណោះ នៅក្នុងរយៈពេល ៦ដំបូង ក្នុងឆ្នាំ២០១៨ ដោយសារតែកំណើនតម្លៃស្បៀងអាហារស្ថិតនៅកម្រិតទាប។ យ៉ាងណាក៏ដោយ សម្រាប់អត្រាអតិផរណាជាមធ្យម នៅឆ្នាំ២០១៨នេះ ត្រូវបានព្យាករថា នឹងមាន ២,៦% ហើយនៅឆ្នាំ ២០១៩ អាចនឹងកើនដល់ ៣%។
ដោយឡែក ការកើនឡើងនូវការចំណាយរបស់រដ្ឋាភិបាល តាមរយៈការបង្កើនការវិនិយោគសាធារណៈ និងបៀវត្សរ៍សម្រាប់វិស័យសាធារណៈ ក៏ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី គូសបញ្ជាក់ដែរថា បានជួយរុញច្រានដល់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៨នេះដែរ។ តួយ៉ាង ចំណូលរដ្ឋក្នុងរយៈពេល ៦ខែដំបូង ក្នុងឆ្នាំ២០១៨ មានស្មើនឹងជាង ៥៣% នៃផែនការថវិកាសម្រាប់ឆ្នាំនេះ។ ទន្ទឹមនឹងនេះ ការចំណាយរបស់រដ្ឋវិញ មានត្រឹមតែជាង ៣៤% ប៉ុណ្ណោះ នៃផែនការប្រចាំឆ្នាំ។ ប៉ុន្ដែ បើតាមបទពិសោធន៍កន្លងមក ការចំណាយរបស់រដ្ឋអាចកើនឡើងវិញ នៅចុងឆ្នាំ៕