របាយការណ៍ដដែលបានបន្តថា ការរីករាលដាលនៃកូវីដ១៩ប្រភេទឌែលតានៅក្នុងប្រទេសទាំងនេះ បានទាញទម្លាក់ការព្យាករសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីទាំងមូលក្នុងឆ្នាំនេះ ពី ៧,៣% មកនៅ៧,២% ខណៈដែលការព្យាករសម្រាប់ឆ្នាំក្រោយនឹងមាន៥,៤%។
បើនិយាយពីប្រទេសចិនវិញ មហាអំណាចមួយនេះ នៅបន្តតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ដដែល ប៉ុន្តែសម្រាប់ការព្យាករពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ គឺមិនមានកែប្រែប្រួលនោះទេ ពោលគឺសេដ្ឋកិច្ចចិននឹងមានរង្វង់ ៨,១%ដដែល ខណៈដែលការព្យាករនៅឆ្នាំ២០២២ ចិននឹងមានកំណើនសេដ្ឋកិច្ចតែប្រមាណ ៥,៥%ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ដែលធ្លាប់ត្រូវបាន ADB ព្យាករកាលពីខែមេសាថា នឹងមានកំណើន១១%ក្នុងឆ្នាំ២០២១ ប៉ុន្តែពេលនេះសេដ្ឋកិច្ចមហាយក្សមួយនេះ ត្រូវបានព្យាករទម្លាក់១% វិញ ដោយមានមកនៅត្រឹមកំណើន១០% ខណៈដែលសេដ្ឋកិច្ចក្នុងតំបន់អាស៊ានទាំងមូល ត្រូវបានADB ព្យាករទម្លាក់ពី ៤,៤% មកនៅត្រឹម ៤%។ ការព្យាករទម្លាក់ពីសេដ្ឋកិច្ចបណ្ដាប្រទេសទាំងនេះ នេះធ្វើឡើង ក្រោយពីមានរលកឆ្លងកូវីដ១៩ បំប្លែងថ្មី ឌែលតា កំពុងបោកបក់ នៅក្នុងប្រទេសជាច្រើន បូករួមនឹងវិធានការបិទខ្ទប់ក្នុងប្រទេសមួយចំនួនផងដែរ។ យ៉ាងណាមិញ សម្រាប់ឆ្នាំក្រោយ ADB រំពឹងថា សេដ្ឋកិច្ចឥណ្ឌានឹងមានកំណើនត្រឹម ៧,៥% រីឯប្រទេសនៅតំបន់អាស៊ាននឹងមានកំណើនក្នុងរង្វង់ ៥,២%។
បើនិយាយពីឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ានវិញ គេសង្កេតឃើញថា បច្ចុប្បន្នឥណ្ឌូនេស៊ីក៏ជាប្រទេសដែលមានការឆ្លងរាលដាលកូវីដ១៩ខ្លាំងក្លាជាងគេក្នុងតំបន់ផងដែរ។ ប្រការនេះ ធ្វើឲ្យសេដ្ឋកិច្ចឥណ្ឌូនេស៊ីត្រូវបានគេព្យាករទម្លាក់ដូចគ្នាពី ៤,៥% មកនៅ ៤,១% មុននឹងកើនឡើង ដល់៥%វិញនៅឆ្នាំក្រោយ។
មិនមែនតែឥណ្ឌូនេស៊ីនោះទេ ប្រទេសក្បែរខាងជាច្រើនទៀតដូចជា ម៉ាឡាស៊ី ថៃ និងវៀតណាម ដែលសុទ្ធសឹងជាប្រទេសមានការចរាចរមេរោគកូវីដ១៩ ឌែលតាយ៉ាងសកម្ម ក៏ត្រូវបានធនាគារ ADB ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចដូចគ្នាដែរ។
ជាក់ស្តែង កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានព្យាករទម្លាក់ពី ៦% មកនៅត្រឹម៥,៥% មុននឹងកើនដល់ ៥,៧%វិញនៅឆ្នាំក្រោយ។ ប្រទេសថៃ ត្រូវបានព្យាករបន្ថយកំណើនពី ៣%មកនៅត្រឹម២% មុននឹងស្ទុះឡើងវិញដល់ ៤,៩%នៅឆ្នាំក្រោយ។ ខណៈដែល សេដ្ឋកិច្ចវៀតណាម ត្រូវបានព្យាករទម្លាក់ពី ៧,៦% មកនៅ ៥,៨%វិញ មុននឹងកើនដល់៧%វិញនៅឆ្នាំ២០២២។ ទោះយ៉ាងណា នៅក្នុងការព្យាករថ្មីរបស់ ធនាគារ ADB នេះ មិនបានបញ្ចូលការព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្ដែ គេនៅចាំថា កាលពីពេលកន្លងទៅ ធនាគារនេះ ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងមាន ៤% នៅឆ្នាំ២០២១ និងបន្ដកើនដល់ ៥,៥% នៅឆ្នាំ២០២២។
សូមជម្រាបថា នៅក្នុងឆ្នាំនេះ ADB បានព្យាករជារួមនូវសេដ្ឋកិច្ចនៃបណ្តាប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងអស់ថា នឹងមានកំណើនយឺតមែនទែន ពោលគឺត្រឹមតែ ០,៣% ធ្លាក់ចុះពីចំនួន ១,៤%នៃការព្យាករកន្លងមក។ ខណៈដែលប្រទេសនៅតំបន់អាស៊ីកណ្តាល ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាលឿនជាង ក្នុងទំហំ ៣,៤%។ យ៉ាងណាមិញ សេដ្ឋកិច្ចតំបន់ទាំងពីរនេះ ត្រូវបានព្យាករថានឹងហក់ឡើងវិញដល់៤% នៅឆ្នាំ២០២២៕