ផ្សារទំនើបអ៊ីអន៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ បច្ចុប្បន្ន កំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ដោយគម្រោងវិនិយោគតម្លៃជាង២០០លានដុល្លារអាមេរិកមួយនេះ គ្រោងនឹងសាងសង់បញ្ចប់ និងបើកដំណើរការនៅចុងឆ្នាំ២០២២។ បច្ចុប្បន្ន ផ្សារទំនើបអ៊ីអនម៉លមានជ័យ ក៏កំពុងប្រកាសរើសបុគ្គលិកជាច្រើនមុខតំណែង ដើម្បីត្រៀមសម្រាប់បម្រើការនៅក្នុងផ្សារទំនើបនេះផងដែរ។ នេះបើយោងតាមការផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន AEON Mall Cambodia។
ផ្សារទំនើបអ៊ីអន៣នេះ គឺជាគម្រោងវិនិយោគធំជាងគេមួយរបស់ក្រុមហ៊ុន AEON បើធៀបនឹងគម្រោងផ្សារទំនើបធំៗចំនួន២ទៀត ដែលក្រុមហ៊ុនជប៉ុនមួយនេះ កំពុងបើកដំណើរការនៅកម្ពុជានាពេលបច្ចុប្បន្ន។ ផ្សារទំនើប អ៊ីអន៣ សាងសង់នៅលើផ្ទៃដីជាង១៧ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅតាមបណ្ដោយផ្លូវសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ និងមានហាងសរុបប្រមាណ ២៥០ហាង និងកន្លែងចតរថយន្ដអាចដាក់បានដល់ទៅ ៤ពាន់គ្រឿង។
របាយការណ៍ពីក្រុមហ៊ុនបម្រើសេវាអចលនទ្រព្យ CBRE បានឲ្យដឹងថា វិស័យលក់រាយនឹងបន្ដកើនឡើងថែមទៀត នៅឆ្នាំ២០២២នេះ ដោយក្នុងនោះ ការផ្គត់ផ្គង់សម្រាប់ទីតាំងលក់រាយអាចនឹងកើនដល់ទៅជាង១៩ម៉ឺនម៉ែត្រការ៉េ។
សូមបញ្ជាក់ថា ក្រៅតែពីគម្រោង ផ្សារទំនើបអ៊ីអន៣ គេសង្កេតឃើញថា កម្ពុជាកំពុងមានគម្រោងផ្សារទំនើបធំៗក៏គ្រោងនឹងសាងសង់រួចរាល់នៅត្រឹមឆ្នាំ២០២២នេះផងដែរ ដូចជា ផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល, ផ្សារទំនើបសិនជូរី ផ្លាហ្សា, ផ្សារទំនើប Prince International Plaza និងគម្រោងផ្សារទំនើប Lucky Pavilion Mall ជាដើម៕