វិស័យកសិកម្ម

តើវិបត្តិសកលបច្ចុប្បន្នជាឱកាសមាសសម្រាប់អ្នកមានធនធានក្នុងការងាកមកវិនិយោគលើវិស័យកសិកម្ម ឬយ៉ាងណា?


វិស័យកសិកម្មតែងត្រូវបានមើលឃើញថា ជាវិស័យដែលមានហានិភ័យខ្ពស់ និងទាមទារពេលវេលាយូរ ដើម្បី​ប្រមូលផលចំណេញ ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគ ឬអ្នកមានធនធាននៅក្នុងស្រុកភាគច្រើនហាក់​មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគលើវិស័យនេះ។
វិស័យកសិកម្ម
ដោយ

យ៉ាងណាមិញ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះចរន្តនៃការវិនិយោគក្នុងវិស័យកសិកម្មបានស្ទុះឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សេដ្ឋីៗ និងអ្នកមានធនធាននានា ជាពិសេសក្រុមអ្នកជំនួញដែលធ្លាប់រកស៊ីក្នុងវិស័យអចលនទ្រព្យ។

ស្របពេលដែលពិភពលោកកំពុងញាំញីដោយសង្គ្រាម អតិផរណាហក់ឡើងខ្ពស់ និងការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងសកល តើនេះជាឱកាសល្អសម្រាប់អ្នកមានធនធាននៅកម្ពុជា ក្នុងការបង្វែរទិសដៅមកចាប់យកឱកាសវិនិយោគលើវិស័យកសិកម្មដែរឬទេ?

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលវាជាឱកាសដ៏ល្អសម្រាប់អ្នកមានធនធានក្នុងស្រុកអាចសម្លឹកមើលក្នុងការបោះទុនវិនិយោគ។

ជាការកត់សម្គាល់របស់អ្នកជំនួញដ៏ល្បីល្បាញរូបនេះ កន្លងមកអ្នកមានធនធានភាគច្រើនតែងសម្លឹងទៅលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែនៅពេលវិស័យអចលនទ្រព្យធ្លាក់ចុះ ពួកគេហាក់ងាកមកសម្លឹងមើលឱកាសវិនិយោគក្នុងវិស័យកសិកម្មច្រើនគួរឱ្យកត់សម្គាល់។ អ្នកឧកញ៉ា សៀ ឬទ្ធី បានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងទីផ្សារកសិកម្មនៅលើពិភពលោក គឺមានទំហំធំធេងណាស់ ដូច្នេះកម្ពុជា គួរចាំបាច់ធ្វើពិពិធកម្មទៅលើកសិផលណាដែលអាចបង្កើនតម្លៃបន្ថែមខ្ពស់ និងងាយស្រួលក្នុងការដឹកជញ្ជូននាំចេញ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា វិបត្តិសង្គ្រាមនានានៅលើពិភពលោកនាពេលបច្ចុប្បន្ន បានក្លាយជាកត្តាអំណោយផលមួយសម្រាប់ជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យការវិនិយោគលើវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តួយ៉ាងអ្នកធ្លាប់រកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនបានងាកមកវិនិយោគលើវិស័យកសិកម្មវិញជាបន្តបន្ទាប់ផងដែរ។ បើតាមអ្នកជំនាញរូបនេះ ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន វាជាឱកាសមាសសម្រាប់អ្នកដែលមានធនធានក្នុងការវិនិយោគលើវិស័យកសិកម្ម ដ្បិតវាមិនត្រឹមផ្តល់ផលចំណេញផ្នែកអាជីវកម្មប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកក្នុងការជួយរក្សាសន្តិសុខស្បៀងផងដែរ។

ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាការវិនិយោគក្នុងវិស័យកសិកម្មមានសញ្ញាវិជ្ជមានជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែទំហំ នៃការបោះទុននៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យអ្នកមានធនធាន និងសេដ្ឋីគ្រាក់ៗក្នុងវិស័យអចលនទ្រព្យ ដែលកំពុងជួបប្រឈម គប្បីបង្វែរទុនមកវិនិយោគលើវិស័យនេះឱ្យបានកាន់តែច្រើន។ អ្នកជំនាញរូបនេះបានបន្ថែមថា ទោះបីជាផលចំណេញពីវិស័យកសិកម្មអាចមានល្បឿនយឺត និងមិនទាន់ចិត្តដូចវិស័យផ្សេងៗ ប៉ុន្តែវាជាគ្រឹះសេដ្ឋកិច្ចជាតិដ៏រឹងមាំ និងយូរអង្វែងបំផុត ដែលជួយទ្រទ្រង់សន្តិសុខស្បៀង និងកសាងជាតិប្រកបដោយនិរន្តរភាព ពិសេសក្នុងបរិបទដែលពិភពលោកកំពុងជួបវិបត្តិសង្គ្រាម និងការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះបានឱ្យដឹងថា ទំហំទុនវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា បានកើនឡើងពីប្រមាណជាង១០០លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ប្រមាណ៤០០លានដុល្លារនៅក្នុងឆ្នាំ២០២៥ និងបន្តមានកំណើនបន្ថែមទៀតនៅឆ្នាំ២០២៦ នេះ៕




អត្ថបទបន្ទាប់


តើយុទ្ធនាការបោសសម្អាតអំពើពុករលួយរបស់លោក ស៊ី ជីនពីង ដើម្បីលុបបំបាត់អំពើពុករលួយ ឬជាការវាស់ស្ទង់ភាពស្មោះត្រង់ចំពោះបក្ស?

ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២ មក យុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ក្តៅគគុករបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបើកការស៊ើបអង្កេ…

អ្នកចិញ្ចឹមមាន់សាច់ប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ ក្រោយតម្លៃមាន់បានដាំក្បាលចុះមកនៅត្រឹមជាង២,០០០រៀលក្នុង១គីឡូក្រាម

ទីផ្សារមាន់សាច់នៅកម្ពុជា កំពុងជួបវិបត្តិធ្លាក់ថ្លៃយ៉ាងធ្ងន់ធ្ងរ ដែលកំពុងរុញច្រានឱ្យម្ចាស់កសិដ្ឋាន និងកសិករជាច្រើនប្រឈមមុខនឹងការខាតបង់ប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ