រាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងប្រហែល ៤លានដូសសម្រាប់ចាក់ជូនក្រុមមនុស្សវ័យចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ។
បើតាមក្រសួងសុខាភិបាល យុទ្ធនាការនៃការចាក់វ៉ាក់សាំងកុមារ និងយុវវ័យនេះគឺចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី០១ សីហា ឆ្នាំ២០២១ ដែលចេញពីរាជធានីភ្នំពេញ និងបានបន្តទៅដល់ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង និងកំពុងឈានទៅចាក់នៅតាមបណ្ដាខេត្តផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។
ការបើកយុទ្ធនាករចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ ជំហានដំបូង គឺធ្វើឡើងសម្រាប់កូនចៅឥស្សរជនដែលមាន តួនាទីជាឧបនាយករដ្ឋមន្ត្រី ឬមានឋានៈស្មើ រហូតដល់មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បម្រើការនៅក្នុងថ្នាក់ជាតិ កូនចៅឧញ៉ា និងកូនចៅរបស់មន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងកូនចៅអ្នកសារព័ត៌មានជាដើម។
គួរបញ្ជាក់ថា អាត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាមានកំណើនលឿនគួរឲ្យកត់សម្គាល់ព្រោះតែ កម្ពុជាមានការបញ្ជាទិញយ៉ាងយកទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងការទទួលបានជំនួយពីដៃគូនៃសម្ព័ន្ធមិត្តរបស់កម្ពុជាទៀតនោះដើម្បីជួយជំរុញទៅដល់ការចាក់វ៉ាក់សាំងនេះ ខណៈនៃការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងទៅសម្រេចបានដល់ ៧៨%ហើយ នៃគោលដៅ ១០លាននាក់ ឬស្មើនឹងប្រមាណ ៥០% នៃចំនួនប្រជាជនសរុប៕