ក្រុមហ៊ុន Chailease Holding ដែលជាក្រុមហ៊ុនផ្ដល់សេវាជួលដ៏ធំបំផុតមួយនៅកោះតៃវ៉ាន់ បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីទិញយកភាគហ៊ុន ៦០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Cellcard Finance PLC ដែលជាកូនក្រុមហ៊ុនមួយរបស់ Royal Group។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taipei Times។
លោក Albert Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chailease Holding ត្រូវបានកាសែត Taipei Times ដកស្រង់សម្ដីថា «កិច្ចព្រមព្រៀងទិញភាគហ៊ុននេះធ្វើឡើង ខណៈដែលក្រុមហ៊ុនស្វះស្វែងបង្កើនវត្តមាននៅក្នុងទីផ្សារអាស៊ាន»។ លោក Chen បន្តថា លោកមើលឃើញឱកាសច្រើនសម្រាប់កំណើនអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងបានទិញភាគហ៊ុន ៦០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Cellcard Finance PLC ដើម្បីឆ្លើតតបនឹងផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Chailease Holding។
នេះជាការទិញភាគហ៊ុនក្នុងក្រុមហ៊ុននៅកម្ពុជាពីសំណាក់ក្រុមហ៊ុនចិនទីពីរហើយ ក្នុងពេលមិនដល់មួយខែផងទេ។ ថ្មីៗនេះ ធនាគារពាណិជ្ជ និងសន្សំ ស៊ាង ហៃ (The Shanghai Commercial & Saving Bank,.Ltd (SCSB) ដែលមានការិយាល័យកណ្តាលនៅទីក្រុងតៃប៉ិ និងមានបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង និងទីក្រុងស៊ាងហៃប្រទេសចិន បានក្លាយជាភាគទុនិកថ្មីរបស់មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បន្ទាប់ពីភាគទុនិកចាស់របស់AMKចំនួន៣ បានបានផុតអណត្តិវិនិយោគ និងបានចាកចេញ។ នេះបើតាមសេចក្តីប្រកាសរបស់មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ។
តាមពិតទៅ បើតាមការផ្សាយរបស់សារព័ត៌មាន Taipei Times ក្រុមហ៊ុន Chailease Holding ដែលមានមូលដ្ឋាននៅតៃវ៉ាន់ និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានសហការគ្នាបើកក្រុមហ៊ុន Chailease Royal Leasing PLC តាំងពីចុងឆ្នាំ២០១៦មកម្ល៉េះ ដែលក្រុមហ៊ុននេះផ្ដល់សេវាជួលនិងសេវាហិរញ្ញវត្ថុផ្សេងទៀត សម្រាប់ការទិញបង់រំលោះរថយន្ត គ្រឿងចក្រ និងបរិក្ខារសំណង់ នៅកម្ពុជា។
នៅក្រោយការលក់ភាគហ៊ុន ៦០% នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Cellcard Finance នឹងត្រូវប្ដូរឈ្មោះទៅជា Chailease Royal Finance PLC បន្ទាប់ពីស្ថាប័ននិយ័តកម្មនៅកម្ពុជាផ្ដល់ភ្លើងខៀវរួចហើយនោះ។
ក្រុមហ៊ុន Chailease Royal នឹងផ្ដល់ការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា ជាមួយនឹងការផ្ដល់មូលនិធិសម្រាប់ប្រតិបត្តិការ ខណៈដែលប្រឡូកនៅក្នុងវិស័យធនាគារនៅកម្ពុជា ដើម្បីកែលម្អនិងធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន។
បើតាមសន្ទុះនៃការវិនិយោគរបស់ចិននៅកម្ពុជា គេរំពឹងថា ការទិញភាគហ៊ុនក្រុមហ៊ុននៅស្រុកខ្មែរពីសំណាក់វិនិយោគិនចិន អាចនឹងមានច្រើនថែមទៀត នៅពេលអនាគត៕