កម្មវិធី Alipay ដែលមានអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់ក្នុងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ត្រូវបានរដ្ឋាភិបាលចិន ដាក់គោលដៅកាត់ផ្ដាច់សេវាកម្មផ្តល់ប្រាក់កម្ចីខ្នាតតូចរបស់កម្មវិធីនេះ ដោយសារតែមើលឃើញថាកម្មវិធីទូទាត់ Alipay មានគោលបំណងគ្រប់គ្រងលើ ភាពរីកចម្រើនដោយគ្មានសណ្តាប់ធ្នាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗនានាក្នុងប្រទេសចិន។
បច្ចុប្បន្ននេះ កម្មវិធី Alipay របស់ក្រុមហ៊ុន ANT Group អនុញ្ញាតឲ្យអ្នកប្រើប្រាស់ទិញអ្វីគ្រប់យ៉ាងបាន ដោយបង់ប្រាក់តាម កាតឥណទានធនាគាររបស់ពួកគេ ឬអាចប្រើប្រាស់កម្ចីខ្នាតតូចដែលគ្មានសុវត្ថិភាព។
បើតាមប្រភពមិនបញ្ចេញឈ្មោះមកពី និយ័តករហិរញ្ញវត្ថុចិន បានប្រាប់ដល់ សារព័ត៌មាន Financial Times ឲ្យបានដឹងថា រដ្ឋាភិបាលចិន ជឿជាក់ថា អំណាចផ្តាច់មុខរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ កើតមានឡើងនៅពេលដែលពួកគេអាចគ្រប់គ្រងទិន្នន័យបានទាំងអស់ ដូច្នេះរដ្ឋាភិបាលចិន ចង់បញ្ចប់ករណីនេះ។
ជាក់ស្តែង កាលពីឆ្នាំ ២០២០ នៅពេលដែលក្រុមហ៊ុន ANT Group របស់មហាសេដ្ឋីចិន JACK MA គ្រោងនឹងបោះផ្សាយលក់មូលបត្រតម្លៃជាង ៣៧ពាន់លានដុល្លារអាមេរិក ដែលជាការបោះផ្សាយធំជាងគេបង្អស់ទូទាំងសកលលោក ស្រាប់តែមានការសម្រេចបញ្ឈប់ការបោះផ្សាយនោះភ្លាមៗ ដោយទាមទារការត្រួតពិនិត្យបន្ថែមពី និយ័តករចិន ហើយបើតាមការចុះផ្សាយរបស់ សារព័ត៌មាន The Wall Street Journal បានគូសបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺជាអ្នកបញ្ឈប់ការបោះផ្សាយនេះផ្ទាល់តែម្តង។
ការសម្រេចបញ្ឈប់ការបោះផ្សាយមូលបត្រធំជាងគេបង្អស់លើសកលលោកនេះ កើតឡើងមុនថ្ងៃបោះផ្សាយ តែ ២ថ្ងៃតែប៉ុណ្ណោះ ដោយហេតុផលថា មហាសេដ្ឋី JACK MA បានធ្វើការវាយប្រហារជាសាធារណៈដល់ និយ័តករ ដែលជាស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុ និងធនាគាររបស់ប្រទេសចិន។
ដូច្នេះហើយ រដ្ឋាភិបាលចិន បន្តផែនការបំបែកអំណាចផ្តាច់មុខ និងពង្រឹងសុវត្ថិភាពទិន្នន័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗជាបន្តបន្ទាប់ ដោយអាជីវកម្មរបស់លោក JACK MA ទទួលរងការបង្ក្រាបនេះច្រើនជាងគេ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍