លោក នេហ្សាត ប៉ាទ្រៀ (Nezar Patria ) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានរបស់ឥណ្ឌូនេស៊ីបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកចំនួនពីរ គឺ Microsoft និង Apple បានបង្ហាញពីចំណាប់អារម្មណ៍ចងវិនិយោគប្រទេសឥណ្ឌូនេស៊ី។ នាយកប្រតិបត្តិក្រុមហ៊ុនទាំងគ្រោងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ដែលបានបន្ថែមថា បច្ចុប្បន្នទាំងលោក សាតយ៉ា ណាដេឡា (Satya Nadella) នាយកប្រតិបត្តិក្រុមហ៊ុន Microsoft និងលោក ធីម ខុក (Tim Cook ) នាយកប្រតិបត្តិក្រុមហ៊ុន Apple កំពុងតែស្វែងរកឱកាសជួបលោកប្រធានាធិបតី ចូកូ វីដូដូ ក្នុងអំឡុងពេលពួកគេធ្វើទស្សនកិច្ចនៅឥណ្ឌូនេស៊ី។
លោក បានបញ្ជាក់ថា មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ ក៏បង្ហាញពីចេតនារបស់ពួកគេតាមលិខិត ដើម្បីជួបថ្នាក់ដឹកនាំឥណ្ឌូនេស៊ីផ្សេងទៀតផងដែរ។ លោកបានកត់សម្គាល់ថា នៅពេលនេះអាជ្ញាធរព្យាយាមផ្តោតការសហការលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យផលិតកម្ម។ លោក ប៉ាទ្រៀ យល់ឃើញថា ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរពិតជាវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ីមែននោះ វានឹងបើកឱកាសកាន់តែច្រើនសម្រាប់ប្រទេស និងប្រជាជនឥណ្ឌូនេស៊ីក្នុងការទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោកអនុរដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ក្នុងការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យឌីជីថលឱ្យកាន់តែប្រសើរបន្ថែមទៀត៕
ដោយៈ សរ សុជាតិ