អាស៊ាន-វិបត្តិនៅភូមា

ក្រោយកិច្ចប្រជុំកំពូល តើអាស៊ានរកបានដំណោះស្រាយអ្វីខ្លះ សម្រាប់វិបត្តិនៅភូមា?


ដូចការគ្រោងទុក នៅថ្ងៃសៅរ៍ទី ២៤ ខែមេសា ប្រទេសសមាជិកអាស៊ាន ទាំង១០ប្រទេស បានមកជួបប្រជុំគ្នា និងបានបញ្ចប់ជាស្ថាពរហើយ ជុំវិញការពិភាក្សារកដំណោះស្រាយសម្រាប់វិបត្តិនៅភូមា និងកិច្ចការតំបន់សំខាន់ៗផ្សេងទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មេដឹកនាំរបបសឹកភូមាលោក ម៉ីន អ៊ុងឡាំង ក៏បានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំនេះ ដូចទៅការគ្រោងទុកផងដែរ។
កិច្ចប្រជុំកំពូលអាស៊ានរកដំណោះស្រាយសម្រាប់វិបត្តិនៅភូមា នាថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី
ដោយ

កិច្ចប្រជុំ​ដែល ដឹកនាំ​ដោយ​ប្រធាន​ប្តូរ​វេន​អាស៊ាន​គឺ​ប្រទេស​ប្រ៊ុ​យ​ណេ និង​មាន​កំពូល​មេដឹកនាំ​ប្រទេស​ចំនួន ៧​រូប​ចូលរួម លើកលែងតែ​ប្រទេស​ថៃ ហ្វី​លី​ពី​ន និង​ឡាវ បាន​ចាត់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​មក​ចូលរួម​ជំនួស​វិញ​។

ក្រោយ​ការ​ពិភាក្សា​គ្នា​អស់​ពេល​ជា​ច្រើន​ម៉ោង តើ​អាស៊ាន​រកបាន​ដំណោះស្រាយ និង​វិធាន​ការណ៍​អ្វីខ្លះ​សម្រាប់​វិបត្តិ​នៅ​ភូមា? 


មេដឹកនាំ​យោធា​ភូមា យល់ព្រម​អនុញ្ញាត​ឲ្យ​ប្រតិភូ​អាស៊ាន​មួយ​រូប​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ភូមា ព្រមទាំង​អនុញ្ញាត​ឲ្យ​អាស៊ាន​ផ្តល់​ជា​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ភូមា​ផង​ដែរ

លោក លី ស៊ា​ន​ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ប្រាប់​សារព័ត៌មាន The Straits Times ឲ្យ​ថា មេដឹកនាំ​យោធា​ភូមា លោក ម៉ី​ន អ៊ុ​ង​ឡាំង បាន​និយាយ​ប្រាប់​ទៅ​កាន់​កិច្ចប្រជុំ​ទាំងមូល​ថា លោក​មិន​បាន​ជំទាស់​នឹង​អាស៊ាន ដែល​ចង់​ដើរតួ​នាទី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ ឬ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច និង​ជា​ជំនួយ​មនុស្សធម៌​របស់​គណៈប្រតិភូ​អាស៊ាន​នោះ​ទេ ហើយ​លោក​បន្ត​ថា លោក​ក៏​នឹង​ចូលរួម​ជាមួយ​អាស៊ាន​បន្ត​ទៀត​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ផង​ដែរ​។

មេដឹកនាំ​យោធា​ភូមា​រូប​នេះ គូសបញ្ជាក់​ទៀត​ថា​៖«​វា​ជា​ការ​លំបាក​ក្នុង​ការ​ពិភាក្សា​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​មួយ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​វា​ជា​ជំហាន​ល្អ​មួយ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​សម​ស្រប​នៅ​ពេល​អនាគត​»​។

នៅ​ចុង​ក្រោយ លោក ម៉ី​ន អ៊ុ​ង​ឡាំង​លើក​ឡើង​ថា លោក​រំពឹង​នឹង​ឃើញ​ដំណើរ​ទស្សនកិច្ច​ពី​ប្រតិភូ​អាស៊ាន និង​ជំនួយ​មនុស្សធម៌​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។

ឥណ្ឌូ​នេ​ស៊ី​ស្នើ​បង្កើត​ប្រ​សិត​ពិសេស​អាស៊ាន ដើម្បី​រួមចំណែក​ដោះស្រាយ​វិបត្តិ​ជាមួយ​គ្រប់​ភាគី

ក្នុង​នាម​ជា​អ្នក​បើកទ្វារ​ផ្ទះ​ទទួល​រៀបចំ​កិច្ចប្រជុំ ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​លោក ចូ​កូ វី​ដូ​ដូ ជា​ប្រធានាធិបតី បាន​ស្នើ​ឲ្យ​បង្កើត​ប្រេសិត​ពិសេស​អាស៊ាន​ម្នាក់ ក្នុង​ការ​ចូលរួម​ចំណែក​ឲ្យ​បាន​ច្រើន ដើម្បី​ដោះស្រាយ​វិបត្តិ​ជាមួយ​គ្រប់​ភាគី​។

លោក ចូ​កូ​វី ដូ​ដូ ក៏​បាន​ទទូច ឲ្យ​មេដឹកនាំ​ភូមា​បើកផ្លូវ​ឲ្យ​ជំនួយ​មនុស្សធម៌​មក​ពី​គ្រប់​ភាគី​មិន​ថា ជំនួយ​ពី​អាស៊ាន ឬ​លោក​ខាងលិច​នោះ​ទេ ឲ្យ​បាន​ទៅ​ដល់​ដៃ​ពលរដ្ឋ​ភូមា​ដែល​កំពុង​រង​គ្រោះ​។ ជា​ពិសេស លោក​បាន​ទាមទា​ឲ្យ​ដោះ​លែង នូវ​អ្នកទោស​នយោបាយ​ទាំងអស់ ដែល​របប​សឹក​បាន​ចាប់​ឃុំខ្លួន រាប់​ពី​ពេល​មាន​រដ្ឋប្រហារ​កើតឡើង​នៅ​ដើមខែ​កុម្ភៈ​។

អាស៊ាន​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ភូមា​ជា​បន្ទាន់ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ 

លោក ម៊ូ​យី​ឌី​ន យ៉ា​សី​ន នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បូក​រួម​នឹង​ថ្នាកដឹកនាំ​អាស៊ាន​ដទៃ​ទៀត បាន​ស្នើ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​គ្រប់​ទម្រង់​នៅ​ភូមា បូក​រួម​នឹង​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​បាត់បង់​ចាប់តាំងពី​មាន​រដ្ឋប្រហារ​មក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ Reuters​។

យ៉ាងណា​ក៏​ដោយ​ចុះ មេដឹកនាំ​ទាំងអស់​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន្ទ​រួច​ហើយ លើ​បញ្ហា​វិបត្តិ​នៅ​ប្រទេស​ភូមា ហើយ​ដែល​នឹង​ត្រូវ​ប្រកាស​ដោយ​ប្រទេស​ប្រ៊ុយ​ណេ ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន តាម​រយៈ​សេចក្តីថ្លែងការណ៍​រួម។

ជាក់ស្តែង​ បើ​យោង​តាម​សេចក្ដី​ថ្លែង​ការ​រួម​ជា​ផ្លូវការ ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រទេស​ទាំងអស់​បាន​យល់​ស្រប​រួម​គ្នា​ជា​ឯកច្ឆ័ន្ទ​លើ​ដំណោះស្រាយ​៥​ចំណុច​ដូច​ខាងក្រោម​៖

១. ភាគី​ជម្លោះ​ត្រូវ​រក្សា​ភាព​អត់ធ្មត់​បំផុត និង​ត្រូវ​បញ្ឈប់​អំពើ​ហឹ​ង្សា​នៅ​ក្នុង​ប្រទេស​ភូមា​ជា​បន្ទាន់

២. ភាគី​ជម្លោះ​ដែល​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​សន្ទនា​គ្នា រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ឈរ​លើ​ផលប្រយោជន៍​របស់​ប្រជាជន

៣.  ប្រេសិត​ពិសេស​របស់​អាស៊ាន​នឹង​ដើរតួ​នាទី ជួយ​សម្រួល​ដល់​ការ​សម្រុះសម្រួល​គ្នា និង​ដំណើរការ​សន្ទនា ដោយ​មានការ​គាំទ្រ​ពី​អគ្គលេខាធិការ​អាស៊ាន​

៤. អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ភូមា​តាម​រយៈ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ដើម្បី​ជំនួយ​មនុស្សធម៌​និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ ហៅ​កាត់​ថា AHA Centre

៥. ប្រេសិត​ពិសេស​និង​គណៈប្រតិភូ​អាស៊ាន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់

សូម​បញ្ជាក់​ថា អង្គការសហប្រជាជាតិ​បាន​ព្រមាន​ពី​អសន្ដិសុខ​ស្បៀងអាហារ ដែល​កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ភូមា ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​នេះ បូក​រួម​នឹង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដែល​នឹង​រុញច្រាន​ឲ្យ​ពលរដ្ឋ​ភូមា​រាប់​លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាព​អត់ឃ្លាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

គួរ​រំឭក​ថា ប្រទេស​ភូមា​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វឹកវរ​ចាប់តាំងពី​ពួក​យោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ចេញពី​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​។ យោង​តាម​ក្រុម​អ្នក​ឃ្លាំមើល​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា មាន​ជន​ស៊ី​វិល​យ៉ាង​ហោច​ជិត ៧៥០ នាក់ ត្រូវ​បាន​កងទ័ព​ភូមា​សម្លាប់ ហើយ​មនុស្ស​ជាង ៣.១០០ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​៕ 

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ស្លាប់ និងឆ្លងថ្មី មាន ៥១១នាក់

ត្រឹមមួយថ្ងៃ កម្ពុជាមានករណីអ្នកស្លាប់ដល់ទៅ ១០នាក់ និងអ្នកដែលបានឆ្លងកូវីដ-១៩ ករណីថ្មីមានដល់ទៅ ៥១១នាក់ ក្នុងនោះ មាន២នាក់ជាករណីនាំចូល និ…

រាជរដ្ឋាភិបាលសម្រេចបើកឲ្យដំណើរឆ្លងខេត្តមួយទៅខេត្តមួយឡើងវិញ តែការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅបន្ដ

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច បញ្ឈប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីដ្ឋានទេសចរណ៍ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ