ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានស្នើឲ្យមេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ផ្តើមនូវការកសាងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការអភិវឌ្ឍប្រព័ន្ធអេកូរថយន្តអគ្គិសនីរបស់តំបន់។ទីភ្នាក់ងារព័ត៌មាន Antara បានរាយការណ៍ថា សំណើរនេះត្រូវបានលោក វីដូដូ បានលើកឡើងនៅក្នុងអំឡុងពេលដែលមេដឹកនាំអាស៊ាន និង ប្រទេសទាំងបី ចូលរួមប្រជុំកិច្ចប្រជុំកំពូល អាស៊ានបូកបីកាលពីថ្ងៃពុធ ។
លោក វីដូដូ បាននិយាយថា ឱកាសសហប្រតិបត្តិការថ្មីគឺចាំបាច់ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងជាអាទិភាពនាពេលអនាគតនៅក្នុងតំបន់ដែលមានប្រជាជាតិជាង ៦០០ លាននាក់នេះ។
លោក វីដូដូ បានលើកឡើង នៅក្នុងកិច្ចប្រជុំកំពូលដែលចូលរួមដោយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង ( Li Qiang) នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ស៊ុក យល់ ( Yoon Suk Yeol) ថា " គម្រោងនេះមានសារៈសំខាន់សម្រាប់វឌ្ឍនភាពនិងការរីកចម្រើននៃតំបន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលដៅនេះនឹងត្រូវបានរំខាន ប្រសិនបើសន្តិភាព និងស្ថិរភាពក្នុងតំបន់មិនត្រូវបានរក្សា។
លោកបានសង្កត់ធ្ងន់តាមសម្រង់សំដីដើមថា “ខ្ញុំសូមអញ្ជើញយើងទាំងអស់គ្នាឱ្យចែករំលែកនូវអារម្មណ៍ដូចគ្នា មានការយល់ដឹងដូចគ្នា ធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយបន្តគោរពច្បាប់អន្តរជាតិ”។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក វីដូដូ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ឥឡូវនេះគឺជាពេលវេលាត្រឹមត្រូវដើម្បីបង្កើតក្របខ័ណ្ឌថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងអាស៊ាន និងដៃគូទាំងបីរបស់ខ្លួន។
លោកបានបន្ថែមថា យន្តការអាស៊ានបូកបី ត្រូវតែបន្តចក្ខុវិស័យរបស់ខ្លួនចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃពេលវេលានោះ ពោលគឺវិបត្តិហិរញ្ញវត្ថុសកល ហើយនៅតែមានទំនាក់ទំនងទៅនឹងការដោះស្រាយបញ្ហាប្រឈមសកលបច្ចុប្បន្ន ដែលត្រូវបានកំណត់ដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះ និងវិបត្តិអាកាសធាតុ ជាដើម ។
លោកបានបន្ថែមទៀតថា ការយកឈ្នះលើបញ្ហាប្រឈមទាំងនេះ និងការរួមចំណែកដល់ការអភិវឌ្ឍន៍របស់អាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់ការក្លាយជាមជ្ឈមណ្ឌលនៃកំណើន ទាមទារឱ្យមានការប្តេជ្ញាចិត្តជាថ្មី។ យើងត្រូវតែអាចសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍អាស៊ាន។
លោកបានមានប្រសាសន៍បន្តថា ប្រសិនបើអាស៊ានបូកបី រួបរួមគ្នានោះ បណ្តាប្រទេសនៅក្នុងយន្តការនេះអាចរួមចំណែកមិនត្រឹមតែក្នុងការកសាងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានសន្តិភាព និងវិបុលភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។
នៅពេលនេះអាស៊ានហាក់ក្លាយមជ្ឈមណ្ឌលមួយនៃឧស្សាហកម្មរថយន្តអគ្គីសនី ដោយនៅក្នុងនោះ ប្រទេសដែលធំៗកំពុងតែយកចិត្តទុកដាក់និងមានសក្តានុពលលើវឧស្សាហកម្មនេះរួមមាន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងម៉ាឡេស៊ី៕
ដោយៈ សរ សុជាតិ