ក្រោយពេលដែលអឺរ៉ុបបានជួបនូវរលកឆ្លងកូវីដ១៩កាន់តែខ្លាំងក្លាឡើង និងចាប់ផ្ដើមមានការដាក់ចេញវិធានការរឹតដ្បិតជាបន្ដបន្ទាប់នោះ កំពុងធ្វើឲ្យជះឥទ្ធិពលមិនល្អមួយចំនួនទៅដល់ទីផ្សារភាគហ៊ុន និងតម្លៃប្រេងឆៅ រួមទាំងលុយអឺរ៉ូផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ជាក់ស្ដែង កិច្ចសន្យាគម្លាតថ្លៃនៃតម្លៃប្រេង គឺបានរអិលធ្លាក់ចុះប្រហែល ១% នៅពេលបើកជួញដូរនាថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅអង់គ្លេស នៅមានតម្លៃត្រឹមតែ ជាង ៧៨ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល ខណៈប្រេងឆៅនៅអាមេរិកវិញមានជិត ៧៥ដុល្លារក្នុងមួយធុងបារ៉ែល។ ការថយចុះតម្លៃប្រេងឆៅ គឺនៅចំពេលដែលមានក្ដីបារម្ភអំពីការផ្គត់ផ្គង់មានលើសតម្រូវការ ហើយការថយចុះនេះ គឺមានដល់កម្រិតទាបបំផុតក្នុងរយៈពេល៧សប្ដាហ៍ចុងក្រោយនេះ។
ដោយឡែក ចំពោះផ្សារភាគហ៊ុនវិញ បើមើលទៅលើផ្សារភាគហ៊ុននៅអូស្ត្រាលី បានរអិលធ្លាក់ចុះ ០,៤% ខណៈផ្សារភាគហ៊ុនជប៉ុន ធ្លាក់ចុះ០,៣% ។
អ្នកជំនាញផ្នែកយុទ្ធសាស្ត្រនៃធនាគារជាតិអូស្ត្រាលី លោក រ៉ូតរីហ្គូ ខាតទ្រីល (Rodrigo Catril) បាននិយាយថា «ដោយសារតែមានការផ្ទុះការតវ៉ាទាក់ទងវិធានការកូវីដ១៩ និងអត្រាឆ្លងកូវីដ១៩មានការកើនឡើងខ្លាំងនៅអឺរ៉ុបនៅចុងសប្ដាហ៍កន្លងទៅនេះ បានធ្វើឲ្យមានការចោទសួរឡើងនូវសំណួរជាច្រើនអំពីភាពធន់របស់អឺរ៉ុប និងសេដ្ឋកិច្ចរបស់អឺរ៉ុបផងដែរ។
អ្នកជំនាញរូបនេះ ក៏បានទាញចំណាប់អារម្មណ៍ ដោយលើកឡើងទាក់ទងនឹងលុយដុល្លារអាមេរិកផងដែរ ដោយលោកបានអះអាងថា វាពិតជាពិបាកណាស់ក្នុងការ មើលឃើញថា តើលុយដុល្លារអាមេរិក អាចនឹងរងផលប៉ះពាល់ដោយសារតែបញ្ហាដែលកំពុងកើតឡើងនៅអឺរ៉ុបដែរ ឬក៏អត់នោះ។
សូមបញ្ជាក់ថា តម្លៃលុយអឺរ៉ូ នៅថ្ងៃចន្ទបានធ្លាក់ចុះ ០,២% ដោយ១អឺរ៉ូ ដូរបានជិត១ដុល្លារ១៣សេន មានការធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជិត ១៦ខែមកនេះ។ នេះបើតាមទិន្នន័យបង្ហាញដោយរ៉យទ័រ៕