ជាក់ស្ដែង ថ្មីៗនេះ មានប្រទេសអឺរ៉ុបចំនួន២បន្ថែមទៀតហើយ គឺអៀកឡង់ និងហូរឡង់ បានសម្រេចផ្អាកចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេសនេះ។
កន្លងមកថ្មីៗនេះ មានប្រទេសជាច្រើនបានផ្អាកចាក់វ៉ាក់សាំង AstraZeneca គឺដោយសារតែថ្មីៗនេះ មានការរាយការណ៍ថា មានករណីសង្ស័យមានអ្នកចាក់វ៉ាក់សាំងនេះរួច បានជួបបញ្ហាកំណកដុំឈាមក្នុងសសៃ។
ទោះយ៉ាងណា ខាងមជ្ឈមណ្ឌលពិសោធន៍របស់ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នៅអង់គ្លេសបានធ្វើការត្រួតពិនិត្យឡើងវិញ និងបានចេញមុខច្រានចោលនូវការលើកឡើងនេះ ដោយបញ្ជាក់ថា គ្មានភ័ស្ដុតាងណាមួយបញ្ជាក់ថាវ៉ាក់សាំងAstraZeneca ធ្វើឲ្យមានកំណកឈាមក្នុងសសៃនោះទេ។ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកក៏បន្ដអំពាវនាវឲ្យបណ្ដាប្រទេសនានាបន្ដប្រើប្រាស់ថ្នាំវ៉ាក់សាំង AstraZenecaនេះដដែល។
ទោះជាបែបនេះក្ដី ថ្មីៗនេះប្រទេសចំនួន២ទៀត គឺអៀកឡង់ និងហូរឡង់ បានសម្រេចផ្អាកការប្រើប្រាស់ថ្នាំវ៉ាក់សាំងនេះ ការសម្រេចចិត្តផ្អាកដូចនេះ ធ្វើឡើង នៅបន្ទាប់ពីគេទទួលបានរបាយការណ៍ថា នៅប្រទេសន័រវែស មានគ្រូពេទ្យជួរមុខ៣នាក់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗក្រោយចាក់វា់ក់សាំង AstraZeneca រួច។
អាជ្ញាធរសុខាភិបាលរបស់ប្រទេសន័រវែសបានឲ្យដឹង កាលពីចុងសប្ដាហ៍មុននេះ ថាបុគ្គលិកសុខាភិបាលទាំង៣នាក់នៅក្នុងប្រទេសន័រវែស ដែលទើបតែទទួលបានវ៉ាក់សាំង AstraZeneca កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យដោយសារ មានហូរឈាមឥតឈប់ មានកំណកឈាមក្នុងសរសៃឈាម និងសម្ពាធឈាមចុះទាបខ្លាំង។ ករណីនេះមានលក្ខណៈស្រដៀងគ្នានឹងករណីដែលកើតឡើងនៅដាណឺម៉ាក ពោលគឺអ្នកចាក់វ៉ាក់សាំងរួចបានកើតមានដុំកំណកឈាមនៅក្នុងសរសៃឈាម។
គួររំឭកផងដែរថា គិតមកដល់ពេលនេះមានប្រទេសនៅអឺរ៉ុបចំនួន ៩ប្រទេសហើយ ដែលបានសម្រេចផ្អាកកម្មវិធីចាក់វ៉ាក់សាំង AstraZeneca។ ស្របពេលដែលប្រទេសអ៊ីតាលី និងអូទ្រីស មិនផ្អាកទាំងស្រុងនោះទេ ដោយប្រទេសទាំងពីរនេះគ្រាន់តែផ្អាកចាក់វ៉ាក់សាំងក្នុងបាច់ (Batch) នៃវ៉ាក់សាំងមួយចំនួន ដែលគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីនៅ ដាណាម៉ាក និងន័រវែសប៉ុណ្ណោះ។
ក្រៅតែពីនៅអឺរ៉ុប កាលពីចុងសប្ដាហ៍កន្លងទៅនេះដែរ ប្រទេសថៃក៏បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីដែលបានផ្អាកការចាក់វ៉ាក់សាំងAstraZeneca របស់អង់គ្លេសនេះដែរ ស្របពេលដែលវៀតណាម បានប្រកាសផ្ទុយពីនេះថា ខ្លួននឹងនៅតែបន្តប្រើប្រាស់វ៉ាក់សាំងប្រភេទនេះដដែល ដោយហេតុថា ខ្លួនពុំទាន់មានរកឃើញករណីកំណកឈាមនៅក្នុងសរសៃបន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca នៅឡើយទេ ប៉ុន្តែនឹងខិតខំតាមដានប្រតិកម្មនៅក្រោយការចាក់វ៉ាក់សាំងយ៉ាងយកចិត្តទុកដាក់។
នៅកម្ពុជាឯណេះវិញឃើញថា លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានពន្យល់កាលពីពេលថ្មីៗនេះហើយថា វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើឈ្មោះថា កូវីហ្សែល (covishield) មានភាពខុសគ្នាពីវ៉ាក់សាំង ដែលប្រើប្រាស់នៅអឺរ៉ុប ដោយខាងក្រុមហ៊ុន AstraZeneca បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុននៅឥណ្ឌាដើម្បីផលិតដោយខ្លួនឯង។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក និងគណៈកម្មាធិការសុវត្ថិភាពនៃនិយតករឱសថអឺរ៉ុប កំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែអះអាងថាបច្ចុប្បន្នពុំទាន់មានភ័ស្តុតាងបញ្ជាក់ថាការចាក់វ៉ាក់សាំង AstraZeneca បានបណ្ដាលឲ្យមានឈាមកកនៅក្នុងសរសៃនៅឡើយទេ។ គេបានដាក់ការសន្និដ្នានជំហានដំបូងថា វាអាចបណ្តាលមកពីការអាឡែរហ្ស៊ី ឬ អ្នកចាក់អាចមានប្រតិកម្មជាមួយវ៉ាក់សាំងដោយខ្លួនឯងប៉ុណ្ណោះ៕