
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៨ ខែសីហា កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី(CAVAC) និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចុះអនុស្សណៈយោគយល់គ្នា ដើម្បីគាំទ្រការបង្កើតសួនឧស្សាហកម្មកសិចំណីអាហារ(AIP)។
វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ ដើម្បីឱ្យវិស័យនេះ ងើបឡើងវិញចាំបាច់ណាស់ដែលកម្ពុជា ត្រូវស្វែងរកធនធានបន្ថែម ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា ផលរំខានចំបងបង្កឡើងដោយកូវីដ-១៩ មានន័យថា ត្រូវស្វែងរកធនធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ក្រោយអនុស្សណៈនៃការយោគយល់នេះ CAVAC នឹងផ្ដល់ការគាំទ្របច្ចេកទេស និងថវិកាជួយដល់ក្រុមឧត្តមប្រឹក្សា ដើម្បីបង្កើត និងអនុវត្តគំរូសេដ្ឋកិច្ចសមស្របមួយ សម្រាប់សួនឧស្សាហកម្មកសិចំណីអាហារ។ AIP គឺជា តំបន់កសិឧស្សាហកម្ម ផ្ដោតលើការកែច្នៃផលិតផល។
គម្រោងភាពជាដៃគូមេគង្គ-អូស្ដ្រាលី គឺជាកញ្ចប់ថវិកាជំនួយចំនួន ២៣២លានដុល្លារអូស្រ្ដាលី ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ តាមរយៈគម្រោងនេះ នឹងជួយកម្ពុជា បង្កើតថាមពលកកើតឡើងវិញ ផ្ដល់ជំនួយដល់ធនធានទឹក ផ្ដល់អាហារូបករណ៍សន្តិសុខបច្ចេកវិទ្យា និងការពង្រឹងការវិនិយោគ៕
អត្ថបទ៖ ខន ណារី