បើតាមទីភ្នាក់ងារបារាំង AFP បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីបង់ក្លាដេសបានអនុញ្ញាតឲ្យពលរដ្ឋ ការលក់ដូរ និងជាពិសេសសេដ្ឋកិច្ចទាំងមូល មានសកម្មភាពឡើងវិញ ក្នុងអំឡុងពេលនៃការផ្អាកវិធានការបិទខ្ទប់ ដើម្បីឲ្យពលរដ្ឋអាចមានលទ្ធភាពដើរទិញទំនិញ និងយកទៅជួបជុំគ្រួសារនៅស្រុកកំណើត ជាការរត្រៀមអបអរសាទរបុណ្យសាសនាដ៏ធំ របស់ប្រទេសដែលភាគច្រើនជាជនជាតិម៉ូស្លីមមួយនេះ។
តាមការប៉ាន់ស្មានជាទូទៅ យ៉ាងហោចណាស់មានប្រជាជនជាង ១០លាននាក់ ដែលនឹងត្រូវចេញដំណើរត្រលប់ទៅភូមិឋានរបស់ពួកគេវិញ ក្នុងអំឡុពេលបុណ្យ អេត អាលអាហានេះ ខណៈដែរអ្នកកាន់សាសនាអ៊ីស្លាមប្រមាណ ៣០ ទៅ ៤០លាននាក់នៅទូទាំងប្រទេស ត្រូវបានគេរំពឹងទុកថា នឹងមកជួបជុំគ្នាសំពះព្រះក្នុងវិហារសាសនាផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកជំនាញផ្នែកសុខាភិបាលនៅបង់ក្លាដេស បានបង្ហាញក្តីព្រួយបារម្ភចំពោះការផ្អាកវិធានការបិទខ្ទប់ប្រទេស ព្រមទាំងសម្តែងការខកចិត្តចំពោះខ្លាំងមែនទែន ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ខណៈពេលដែលបង់ក្លាដេសទើបមានប្រជាជានជាង ៤លាននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស ក្នុងចំណោមប្រជាជនសរុបទាំងជាង ១៦០លាននាក់ ហើយការរាតត្បាតកូវីដ១៩ក្នុងប្រទេសមួយនេះក៏មិនទាន់ថមថយនៅឡើយ សូម្បីតែបន្តិច។
គួររំឭកថា បង់ក្លាដេសជាប្រទេសក្បែរខាងរបស់ឥណ្ឌាមួយក្នុងចំណោមប្រទេសក្បែរខាងផ្សេងទៀត ដែលទទួលរងឥទ្ធិពលពីការឆ្លងរាលដាលកូវីដ១៩ទ្រង់ទ្រាយធំនៅឥណ្ឌាចូលមកក្នុងប្រទេសរបស់ខ្លួន។
សូមជម្រាបថា មុនពេលផ្អាកការបិទខ្ទប់នេះ និងរហូតមកដល់ម៉ោងនេះ បង់ក្លាដេសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ជាមធ្យមមានជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈអ្នកស្លាប់មានជាមធ្យម ២០០នាក់ក្នុងមួយថ្ងៃ។ ទាក់ទងនឹងតួលេខពិតប្រាកដ ត្រូវបានសង្គមស៊ីវិលអះអាងថា អាចមានច្រើនជាងនេះទៀត។
បច្ចុប្បន្ន បង់ក្លាដេសមានអ្នកឆ្លងកូវីដ១៩សរុបប្រមាណជាង ១លាន១សែននាក់ ខណៈអ្នកស្លាប់មានជិត ១ម៉ឺន៨ពាន់នាក់ហើយ។ នេះបើតាមទិន្នន័យដែលចងក្រងនិងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters៕