វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ

ធនាគារក៏ជាកូនបំណុល ដូចអ្នកខ្ចីប្រាក់ពីធនាគារ និង មីក្រូហិរញ្ញវត្ថុដែរ !


អ្នកជំនាញនៅក្នុងវិស័យធនាគារនិង ហិរញ្ញវត្ថុ បានលើកឡើងថា មិនមែនមានតែអ្នកខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ ដែលត្រូវចាត់ទុកថា ជាកូនបំណុល ស្ថាប័នធនាគារនិងហិរញ្ញវត្ថុខ្លួនឯង ក៏ជាកូនបំណុលរបស់អ្នកដាក់ប្រាក់បញ្ញើនៅក្នុងធនាគារដែរ។
ធនាគារក៏ជាកូនបំណុល ដូចអ្នកខ្ចីប្រាក់ពីធនាគារ និង មីក្រូហិរញ្ញវត្ថុដែរ !

ការ​លើក​ឡើង​របស់​អ្នកជំនាញ​ធនាគារ និង ហិរញ្ញវត្ថុ​ដូចនេះ បន្ទាប់​ពី​មាន ការ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​មហាជន​មួយ​ចំនួន ដែល​តែងតែ​ទទូច​ស្នើ ឲ្យ​គ្រឹះស្ថាន​ធនាគារ និង មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា មានការ​បន្ធូរបន្ថយ​ដល់​កូនបំណុល​របស់​ខ្លួន ក្នុងអំឡុងពេល ដែល​កម្ពុជា និង ពិភពលោក​កំពុង​តែ​មានការ​រីក​រាលដាល​ឆ្លង​នៃ​វីរុស​កូ​វី​ដ​១៩​។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក បណ្ឌិត អុិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង ជា​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេ​ស៊ី​លី​ដា បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​និយាយ​ដល់​នៅឡើយ​ទេ​ថា ធនាគារ​ជា​កូនបំណុល​របស់​អ្នក​ដាក់​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ ប៉ុន្តែ​ភាគច្រើន​បំផុត​និយាយ​តែ​ពី​អ្នក​ជាប់បំណុល​ធនាគារ​តែ​ប៉ុណ្ណោះ​។ជា​ការ​ពន្យល់​របស់​លោក​បណ្ឌិត បាន​លើក​ឡើង​ថា  បច្ចុប្បន្ន​អ្នក​ដែល​ខ្ចីប្រាក់​ពី​ធនាគារ​អេ​ស៊ី​លី​ដា មាន​ប្រមាណ ៤០​ម៉ឺន​នាក់ សរុប​ជា​ទឹកប្រាក់​កម្ចី​ប្រមាណ ៣,៨​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​បំណាច់​ខែមីនា ឆ្នាំ​២០២០ ខណៈ​អ្នក​ផ្ញើ​ប្រាក់​មាន​រហូត ២​លាន​នាក់ ដែល​គិត​ជា​សាច់ប្រាក់​ជាង ៤,២​ពាន់​លាន​ប៉ុណ្ណោះ​។

លោក​បណ្ឌិត​បាន​ពន្យល់​ទៀត​ថា ជា​មធ្យម​អ្នក​ខ្ចីប្រាក់​ពី​ធនាគារ​ក្នុង​១​នាក់ គិត​ជា​សាច់ប្រាក់​មាន​១​ម៉ឺន​ដុល្លារ ខណៈ​អ្នក​ដាក់​ប្រាក់​បញ្ញើ​១​នាក់​មាន​ចំនួន​តែ ២​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ  ដូច្នេះ​មាន​ន័យ​ថា​ទំហំ​អ្នក​ខ្ចីប្រាក់​មាន​ចំនួន​លើស​ពី​អ្នក​ដែល​បាន​ដាក់​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ​ទៅ​ទៀត ដែល​ត្រង់​ចំណុច​នេះ ប្រាក់​ដែល​គេ​(​អតិថិជន​) បាន​ផ្ញើ​ក្នុង​ធនាគារ​ត្រូវ​យក​ទៅ​ឲ្យ​អ្នក​ខ្ចី​បន្ត​ទៀត រីឯ​ធនាគារ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ប៉ុណ្ណោះ​។

លោក បណ្ឌិត អុិ​ន ចាន់​នី បាន​បញ្ជាក់​ទៀត​ថា បើ​ធនាគារ​ជា​កូនបំណុល​របស់​អ្នក​ផ្ញើ​លុយ​ដែរ​នោះ ថា​តើ ការ​ដែល​ឲ្យ​ធនាគារ​មានការ​លើកលែង​ចំពោះ​អ្នក​ខ្ចីប្រាក់​ពី​ធនាគារ តើ​ធនាគារ​ខ្លួនឯង​នឹង​មាន​ប្រាក់​មកពីណា​ដើម្បី​សងបំណុល​ដែល​គេ​បាន​ផ្ញើ នៅ​ពេល​ណា​ដែល​អ្នក​ផ្ញើ​ត្រូវការ​ប្រាក់​វិញ​នោះ នេះ​ជា​ចំនុច​មួយ​ដែល​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​និយាយ​ដល់​នៅឡើយ​ទេ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ចុះ ស្ថាប័ន​ធនាគារ​តែងតែ​ស្តាប់​ការ​ណែនាំ​របស់​ធនាគារជាតិ ដែល​ជា​អាណាព្យាបាល​ជា​និច្ច​។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ បាន​ឆ្លង​ទៅ​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ កាន់តែ​ច្រើន​ឡើង​ៗ ដែល​រំពឹង​ថា​បញ្ហា​នេះ​នឹង​អាច​រង​ផល​ប៉ះពាល់​រយៈពេល​យូរ ដូច្នេះ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ធ្វើការ​ចេញ​ប្រកាស​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា សូម​រក្សា​ភាព​ទន់ភ្លន់​ចំពោះ​ការ​ដោះស្រាយ​បំណុល ជាមួយ​កូនបំណុល ក្នុង​អំឡុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​។

បើ​តាម​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១ ធនាគារជាតិ​នៃ​កម្ពុ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​សារ​ជា​សម្លេង​របស់​លោក​ឲ្យ​ដឹង​ថា គ្រប់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​សូម​រក្សា​ភាព​ទន់ភ្លន់​ដោះស្រាយ​បំណុល​ជាមួយ​កូនបំណុល​តាម​ការ​អំពាវនាវ ក៏​ដូច​ជា​ការ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ចេញ​នា​ពេល​កន្លង​មក និង​ចៀសវាង​ជា​ដាច់​ខាន​មិន​ត្រូវ​រឹបអូស​ទ្រព្យ​បញ្ចាំ​របស់​កូនបំណុល​ខ្លួន​នោះ​ឡើយ ក្នុង​ពេល​ដែល​កំពុង​មានការ​រីក​រាលដាល​នៃ​វីរុស កូ​វី​ដ​១៩​។លោក​បណ្ឌិត អុិន ​ចាន់​នី បាន​បញ្ជាក់​បន្ថែម​ថា  ធនាគារ និង អតិថិជន​គឺជា​ដៃគូ​អាជីវកម្ម​ដ៏​ស្មោះ​ស្ម​គ្រ និង យូរអង្វែង​នៃ​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​គ្នា ដែល​ជាក់ស្តែង​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឥណទាន​របស់​ធនាគារ​អេ​ស៊ី​លី​ដារ​មាន​កំណើន​ជិត ១០០​លាន​ដុល្លារ​។លោក​បណ្ឌិត បន្ថែម​ថា ក្នុង​ពេល​ដែល​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ គុណភាព​ឥណទាន​បន្ត​រីក​លូតលាស់​ជាមួយនឹង​កំណើន​ល្អជា​ធម្មតា ខណៈ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​នៅ​មាន​កំណើន​ជា​ធម្មតា ដែល​ពួក​គាត់​គិត​ថា ធនាគារ​ជា​កន្លែង​ទុកដាក់​ប្រាក់​មាន​សុវត្ថិភាព​បំផុត​។

សូម​បញ្ជាក់​ដែរ​ថា ធនាគារ​អេ​ស៊ី​លី​ដា កាលពី​ថ្ងៃ ទី​០២ ខែមេសា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ បាន​ប្រកាស​ចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គោលដៅ​មនុស្សធម៌​នៅ​ក្នុង​ពេល​តែ​មួយ ដោយ​បរិច្ចាគ​ថវិកា​សរុប​ចំនួន ៣​ពាន់​លាន​រៀន ឬ​ស្មើនឹង​ប្រមាណ ៧៤ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

លោក​បណ្ឌិត អុិ​ន ចាន់​នី បាន​មាន​ប្រសាសន៍​ថា សុខភាព​របស់​ប្រជាពលរដ្ឋ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ពួក​គេ​ជា​កម្លាំង​ច​លករ​នៃ​ការ​កសាង​ជាតិ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ប្រជាជន​មាន​សុខភាព​ល្អ មានការ​ចូលរួម​កាន់តែ​សកម្ម ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន​។ ហេតុ​ដូចនេះ ធនាគារ​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​សុខុមាលភាព​សាធារណៈ​ក្នុង​ការ​ទប់ស្កាត់​សភាពការណ៍​គ្រោះភ័យ ដែល​បង្ក​ដោយ​ជំងឺ​រីក​រាលដាល​កូ​វី​ដ​-១៩ ​និង​បន្ត​ការ​បរិច្ចាគ​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​វិភាគទាន​សប្បុរសធម៌ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា និង​កាកបាទក្រហមកម្ពុជា​ដែល​ធនាគារ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


FACEBOOK បង្កើត​"មជ្ឈមណ្ឌល​ព័ត៌មាន កូវីដ-១៩" ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​វីរុសកូវីដ១៩ នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Facebook បាន​ប្រកាស​នៅ​ថ្ងៃនេះ (ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២០) ថា មជ្ឈមណ្ឌល​ព័ត៌មាន​វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ (Coronavirus (C…

សេដ្ឋកិច្ចសកល អាចនឹងខាតបង់ជាង ៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២០

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើការព្យាករណ៍ពី GDP របស់សេដ្ឋកិច្ចសកលលោក គឺអាចនឹងធ្លាក់ចុះប្រមាណ ៥% ពោលគឺ ខាតបង់ប្រមាណ ៤ទ្រីលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ