ធនាគាររដ្ឋធំៗរបស់វៀតណាម ដូចជា BIDV, Agribank និងVietinBank នៅសប្ដាហ៍នេះ បានកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជនរយៈពេល ១២ខែ ដោយកាត់បន្ថយ០,២ ពិន្ទុភាគរយ មកនៅត្រឹមអត្រាការប្រាក់បញ្ញើ៥,៦%។
ធនាគាររដ្ឋធំមួយទៀត ដូចជា Vietcombank បានរក្សាអត្រាការប្រាក់បញ្ញើរយៈពេល១២ខែ នៅ៥,៨% ដដែល ប៉ុន្ដែ ធនាគារនេះ បានកាត់បន្ថយអត្រាការប្រាក់បញ្ញើរយៈពេល២៤ខែ និង៣៦ខែ ដោយកាត់០,២ពិន្ទុភាគរយ ពោលគឺមកនូវ អត្រាការប្រាក់៥,៧% សម្រាប់ប្រាក់បញ្ញើរយៈពេល២៤ខែ និង៥,៤% សម្រាប់ប្រាក់បញ្ញើរយៈពេល៣៦ខែ។
ធនាគារឯកជនធំៗផ្សេងទៀត ដូចជា Techcombank ក៏បានកាត់បន្ថយអត្រាការប្រាក់បញ្ញើរយៈពេល ១២ខែ ប្រមាណ ០,៤ ពិន្ទុភាគរយផងដែរ មកនូវត្រឹមអត្រាការប្រាក់ ៤,៥% ទៅ៥% អាស្រ័យលើទំហំនៃប្រាក់បញ្ញើរបស់អតិថិជន។
ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងថា កំណើនឥណទានរបស់ធនាគារ ក្នុងរយៈពេល៩ខែដំបូងនៅឆ្នាំ២០២០នេះ គឺមានត្រឹមតែ៥,១២% ប៉ុណ្ណោះ ដែលវាគឺមានទាបជាងតួលេខដែលធ្លាប់មានកំណើន២ខ្ទង់នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ។
នៅក្នុងខែសីហា ធនាគាររដ្ឋនៃប្រទេសវៀតណាម បានកែប្រែគោលដៅកំណើនឥណទានរបស់ខ្លួន សម្រាប់ឆ្នាំ២០២០ ពី១៤% មកនៅត្រឹម ១០,១% ប៉ុណ្ណោះ។ ធនាគារនេះក៏បានកាត់គោលនយោបាយអត្រាការប្រាក់ ៤ដងមកហើយ គិតមកទល់នឹងឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ច៕