ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាខ្លះដែលលក់ភាគហ៊ុន? តើការលក់ភាគហ៊ុននេះ គឺជារឿងត្រឹមត្រូវដើម្បីបន្តពង្រីកអាជីវកម្មរបស់ខ្លួនឲ្យមានជីវិតរស់នៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជាមែនដែរឬទេ?
ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលបានលក់ភាគហ៊ុនច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនបរទេស ដើម្បីឲ្យខ្លួនមាំមួន មានទំនុកចិត្តកាន់តែខ្លាំងក្នុងការប្រកួតប្រកួតជើងនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា កាលពីពេលថ្មីៗនេះ មានដូចជា ធនាគារ អេ អិន ហ្សិត ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) និង ថ្មីៗនេះទៀតសោត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លក់ភាគហ៊ុនប្រមាណ ៨០ភាគរយ ទៅឲ្យធនាគារសៀងហៃពាណិជ្ជសន្សំផងដែរ។
ជុំទៅនឹងការលក់ភាគហ៊ុនធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជានេះដែរ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ និង ធនាគារ បានបញ្ជាក់អះអាងយ៉ាងខ្លីស្រដៀងៗគ្នាថា កាលដែលភាគហ៊ុនរួមបញ្ជូលគ្នានេះ វាជារឿងល្អទៅវិញទេ ដើម្បីពង្រីកខ្លួនកាន់តែរឹងមាំ និងផ្តល់សេចក្តីទុកចិត្តដល់អតិថិជន និយាយរួមមិនមានអ្វីជាបញ្ហាធំដុំនោះឡើយ។
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ និង ធនាគារ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានលើកឡើងថា ការរួមប្របាច់បញ្ចូលគ្នារវាងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនបំផុតបានផ្តល់នូវផលចំណេញច្រើន ចំណេញទាំងផ្នែកធនធានមនុស្ស រចនាសម្ព័ន្ធគ្រប់គ្រង ការប្រមូលផ្តុំអតិថិជនដើម្បីងាយស្រួល ក្នុងការបម្រើតែមួយ និង ជាពិសេសគឺប្រភពដើមទុន កាន់តែរឹងមំា ដែលជាទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្ហាញពីទិសដៅ៥ឆ្នាំទៅមុខទៀតថា ចំនួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាអាចនឹងរូមច្របាច់បញ្ចូលគ្នាកាន់តែច្រើនឡើងបន្ថែមទៀត ខណៈ មើលឃើញថា កម្ពុជាស្ថិតនៅជាប្រទេសមួយតូចដែលមានប្រជាជន ប្រមាណ១៦ លាននាក់ និងមានធនាគារពាណិជ្ជរហូតជាង ៥០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានជាង ៧០ និង ប្រតិ បត្តិករឥណទានរាប់រយ កំពុងប្រកួតប្រជែងដ៏ស្រួចស្រាល់នៅក្នុងទីផ្សារដ៏តូចចង្អៀតមួយនេះ។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកប្រតិបតិ្ត គ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ អេអឹមខេ បានឲ្យដឹងថា នៅពេលការប្រកូតប្រជែងឈានដល់ចំណុចកំណត់ណា មួយ ដែលអ្នកប្រកួតប្រជែងមិនអាចទទួលបានប្រាក់ចំនេញគ្រប់គ្រាន់ សម្រាប់ការវិនិយោគ ខ្លួនឯងបាននោះ ពិតណាស់នឹងមានការលក់ភាគហ៊ុន ឬក៏ច្របាច់បញ្ចូលគ្នាកាន់តែច្រើន រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារ៕