ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវសរុបមានប្រមាណ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបមានប្រមាណ៩៤ម៉ឺននាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៦៥៣,៨៩៦នាក់
* ខេត្តកំពង់ចាម ៥៤១,៩០០នាក់
* ខេត្តបន្ទាយមានជ័យ ៤៧១,១១៩នាក់
* ខេត្តសៀមរាប ៤៥៥,៩៨៤នាក់
* ខេត្តព្រៃវែង ៣៩៦,៣២៨នាក់
* ខេត្តកំពង់ស្ពឺ ៣៤៥,០១៨នាក់
* ខេត្តពោធិ៍សាត់ ៣៣៨,៩១៦នាក់
* ខេត្តកំពង់ឆ្នាំង ៣០០,៥៦១នាក់
* ខេត្តកំពត ២៨៤,៨៩៣នាក់
* ខេត្តព្រះសីហនុ ២៦៤,៣០៨នាក់
* រាជធានីភ្នំពេញ ២៤០,៤៦០នាក់ ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើកអាជីវកម្មឡើងវិញ បានទទួលការកក់ពេញស្ទើរ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលមានវិបត្តិកូវីដ១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។
ចំពោះវិស័យឯកជនបានសម្ដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។
ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើនបានជ្រើសជម្រើសមិនពាក់ម៉ាស់។ ក្នុងន័យនេះ តាមការស្ទង់មតិ និងសង្កេតជាក់ស្តែងមិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លងជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯងនៅផ្ទះបានដែរ។
ជាមូយគ្នានេះ ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងពេលចូលឆ្នាំ៣ថ្ងៃ ឯកឧត្តមរដ្ឋមន្ត្រីឱ្យផ្នែកជំនាញសេដ្ឋកិច្ចទេសចរណ៍បូកសរុបរាយការណ៍ ហើយនឹងបញ្ជាក់តាមក្រោយ។ ប៉ុន្តែតាមការសាកសួរ និងស្ទង់មតិបឋមចំពោះគ្រួសារមួយដែលមានគ្នា៥នាក់ ហើយធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង៥០០ដុល្លារទេ (គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ ចាក់សាំង រួមទាំងការទិញទំនិញផ្សេងៗរៀបចំរណ្តាប់បង្សុកូល និងចង្ហាន់ទៅវត្តផង)៕
អត្ថបទ សោម ស្រីពេជ្រ