តាមរយៈការអង្កេតរបស់មន្ត្រីជំនាញ និងយោងទៅលើលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានរកឃើញថា អាល់កុលដែលបាននិងកំពុងចរាចរលើទីផ្សារទាំងនោះ ភាគច្រើនមិនមែនជាអាល់កុលធម្មតា (អេទីលអាល់កុល) ដែលមានមុខងារប្រើប្រាស់សម្រាប់គោលបំណងលាងសំអាតដៃ បង្ការការចំលងមេរោគទេ ប៉ុន្តែគឺជាសាធាតុមេតាណុល ដែលមានបរិមាណខ្ពស់រហូតដល់៨០% ដែលសារធាតុនេះអាចជ្រាបចូលទៅក្នុងស្បែក និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសអាចប៉ះពាល់ដល់ការមើលឃើញរបស់ភ្នែក។ មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានបន្ថែមទៀតថា សារធាតុមេតាណុលនេះ អាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនយកវាទៅប្រើប្រាស់លាយជាមួយភេសជ្ជៈនិងគ្រឿងស្រវឹងផ្សេងៗ។
ហេតុដូចនេះ ក្រសួងពាណិជ្ជកម្មបានចេញនូវវិធានការ០២ ដើម្បីទប់ស្កាត់នូវចែកចាយអាល់កុលនោះក្លែងក្លាយទាំងនោះបន្តទៀត។ វិធានការទី១ គឺផលិតផលអាល់កុល ដែលនាំចូលនិងចែកចាយ ត្រូវដាក់ស្លាកសញ្ញាប្រភព អាស័យដ្ឋានអ្នកចែកចាយ ឈ្មោះផលិតផល ព្រមទាំងកម្រិតជាតិអាល់កុល ដែលគិតជាភាគរយ។វិធានការទី២ ពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញនិងចែកចាយផលិតផលអាល់កុល ដែលគ្មានស្លាកសញ្ញា និងគ្មានប្រភពច្បាស់លាស់ទាំងនោះ។ ហើយប្រសិនបើនៅតែបន្តចែកចាយផលិតអាល់កុលក្លែងក្លាយទាំងនោះទៀត ក្រសួងនឹងចាត់វិធានការតាមច្បាប់ជាធរមាន៕