ការនិយាយបែបនេះពីក្រុមអ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន អំឡុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានព្រលយសំដីថា អាមេរិកនឹងចូលជួយកោះតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារពីសំណាក់ប្រទេសចិនមែននោះ។
ប្រមុខដឹកនាំក្រុងវ៉ាស៊ីនតោនបាននិយាយដូច្នេះថា៖ អាមេរិកនៅតែប្រកាន់យកនូវនយោបាយ ចិនតែមួយដដែល ដោយមិនមានអ្វីផ្លាស់ប្តូរនោះទេ ពោលគឺ អាមេរិកនៅតែទទួលស្គាល់ថា រដ្ឋាភិបាលក្រុងប៉េកាំង គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឲ្យប្រទេសចិនទាំងមូល។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា លោកបៃឌិនក៏បានលើកឡើងផងដែរថា ការវាយយកកោះតៃវ៉ាន់ដោយប្រើកម្លាំងទ័ព គឺជារឿងមិនត្រឹមត្រូវ ដែលអាចនឹងបង្កនូវផលវិបាកខាងផ្នែកសន្តិសុខ នៅក្នុងតំបន់ទាំងមូល ហើយបង្កើតជាបញ្ហាច្រើនលើសពីសង្គ្រាម ដូចអ្វីដែលកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្នអ៊ីចឹងដែរ។
ទោះយ៉ាងណា គ្រានោះលោកបៃឌិន ក៏បានថយក្រោយមួយជំហានវិញ ដោយនិយាយថា លោកមិនជឿថា ព្រឹត្តិការណ៍បែបនេះនឹងអាចកើតមាននោះទេ។ ក្នុងន័យនេះលោកបៃឌិន ចង់និយាយថា លោកមិនជឿថា ចិនពិតជាអាចបើកឆាកប្រយុទ្ធវាយយកតៃវ៉ាន់ដោយប្រើកម្លាំងឡើយ។
ក្រោយការថ្លែងរបស់ប្រធានាធិបតីរូបនេះ សេតវិមាន និងមន្ទីរបញ្ជកោណអាមេរិក បានចេញមកបកស្រាយថា ការថ្លែងសាររបស់លោកចូបៃឌិនទាំងលើកចុងក្រោយនេះ និងពេលកន្លងមក មិនបានឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់អាមេរិកទេ។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតៃប៉ិ បានថ្លែងអំណរគុណដល់លោកបៃឌិន ដែលបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះមួយនេះ។ ដោយឡែកទីក្រុងប៉េកាំងឯណោះវិញ បានហៅ និងព្រមានការថ្លែងរបស់លោកបៃឌិន ថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគបានធ្វើការប្រមើលមើលថា លោកបៃឌិន ច្បាស់ជាមិនចង់ឃើញជម្លោះ ឬការប្រើប្រាស់កម្លាំងយោធា នៅច្រកសមុទ្រតៃវ៉ាន់នោះទេ។ អ្នកវិភាគជឿថា ការថ្លែងរបស់លោកចូ បៃឌិនលើកនេះ ទំនងជាការបកស្រាយជ្រុលមាត់មួយពេល ប៉ុន្តែក្នុងន័យចង់ព្រមានដល់ទីក្រុងប៉េកាំងកុំឱ្យវាយប្រហារតៃវ៉ាន់ឲ្យសោះ។
ជាចុងក្រោយអ្នកវិភាគយល់ថា ទាំងចិន និងទាំងតៃវ៉ាន់មិនគួរយកចិត្តទុកដាក់នឹងសំដីរបស់លោកបៃឌិនពេកទេ។ កុំយកចិត្តទុកដាក់ពេក ក៏ដោយសារតែការចូលជួយកោះតៃវ៉ាន់របស់អាមេរិក មិនប្រាកដថា អាមេរិកនឹងបញ្ជូនទ័ពមកដោយផ្ទាល់នោះទេ។ អាមេរិកអាចត្រឹមតែបញ្ជូនសព្វាវុធ ផ្តល់ការសំងាត់ និងព័ត៌មានសំខាន់ៗប៉ុណ្ណោះ ដូចអ្វីដែលគេកំពុងធ្វើក្នុងសង្គ្រាមនៅអ៊ុយក្រែនអ៊ីចឹងដែរ៕