ទោះយ៉ាងណា បើយើងក្រឡេកមើលនៅក្នុងប្រទេសថៃឯណោះវិញ វិស័យធនាគារថៃ នៅតែរឹងមាំ ខណៈធនាគារធំៗជាច្រើនបានប្រកាសពីកំណើនប្រាក់ចំណេញខ្ពស់ បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចថៃ ហាក់មានការស្ទុះងើបឡើងយឺតក្ដី។
តាមសេចក្ដីរាយការណ៍មួយដោយ កាសែតបាងកកប៉ុស្ដិ៍បង្ហាញថា ធនាគារពាណិជ្ជធំៗ ដែលបានចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រថៃជិត ១០ធនាគារ បានបង្ហាញពីអត្រាប្រាក់ចំណេញសុទ្ធរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ សរុបដល់ទៅជាង ៦,៥ពាន់លានដុល្លារអាមេរិក កើនឡើងដល់ទៅប្រមាណ ១៥,៦% ធៀបនឹងឆ្នាំ២០២២។
កំណើនប្រាក់ចំណេញរបស់ធនាគារធំៗនៅក្នុងប្រទេសថៃនេះ ត្រូវបានរួមចំណែកដ៏ចម្បងពីការកើនឡើងនៃប្រាក់ចំណូលដែលបានមកពីកំណើនអត្រាកាប្រាក់ ជាលទ្ធផលនៃគោលនយោបាយដំឡើងអត្រាប្រាក់របស់ធនាគារកណ្ដាលថៃ ក្នុងគោលដៅទប់ទល់ស្ថានភាពអតិផរណា។
ជាមួយនឹងអត្រាការប្រាក់កើនឡើងនេះ បានធ្វើឲ្យវិស័យធនាគារនៅក្នុងប្រទេសថៃ សម្រេចបានចំណូលសុទ្ធពីអត្រាការប្រាក់ (NII) ដល់ទៅជាង ២០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ កើនឡើងជិត១៨% បើធៀបនឹងឆ្នាំ២០២២។
គេនៅចាំបានថា ធនាគារកណ្ដាលថៃ បានដំឡើងអត្រាការប្រាក់គោលដល់ទៅ ៨ដងឯណោះ បើគិតតាំងពីខែសីហា ឆ្នាំ២០២២មក ពោលគឺដំឡើងពីអត្រា ០,៥% មកដល់ ២,៥% នាពេលបច្ចុប្បន្ន ដោយកម្រិតអត្រាប្រាក់ ២,៥%នេះ គឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មានឡើយនៅក្នុងរយៈពេល ១ទសវត្សរ៍មកនេះ។
យ៉ាងណាក៏ដោយចុះ នៅក្នុងពេលជាមួយគ្នានេះ ឧស្សាហកម្មធនាគារជារួម ក៏នៅតែបន្ដកំណត់ទំហំ នៃការរំពឹងទុកការខាតបង់ឥណទាន (ECL) កាន់តែខ្ពស់ ស្របទៅតាមវិធានការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន នៅចំពេលដែលសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេសថៃកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។
ធនាគារ បាងកក ដែលត្រូវបានគេស្គាល់ថា ជាធនាគារផ្ដល់កម្ចីធំជាងគេបំផុតគិតក្នុងទំហំទ្រព្យសកម្ម បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួននៅឆ្នាំ២០២៣ មានជាង ១ពាន់លានដុល្លារ កើនជាង ៤២% ។ ធនាគារកសិកន ដែលជាធនាគារធំបំផុតទី២របស់ថៃ រួមជាមួយនឹងស្ថាប័នបុត្រសម្ព័ន្ធ ទទួលបានប្រាក់ចំណេញសុទ្ធជិត ១,២ពាន់លានដុល្លារ កើនជាង ១៨% ធៀបនឹងឆ្នាំ២០២២។
ធនាគារ ក្រុងថៃ (KTB) វិញ មានកំណើនប្រាក់ចំណេញសុទ្ធកើនដល់ជាង ១ពាន់លានដុល្លារ កើនជិត៩% ។
រីឯក្រុមហ៊ុន SCB X ដែលជាក្រុមហ៊ុនមេរបស់ធនាគារ SCB បានប្រកាសពីប្រាក់ចំណេញសុទ្ធកើនឡើងដល់ ជាង ១,២ពាន់លានដុល្លារ កើនប្រហែល ១៦% ខណៈដែលធនាគារក្រុងស្រ៊ី ដែលជាធនាគារធំបំផុតទី៥របស់ប្រទេសថៃ មានប្រាក់ចំណញសុទ្ធកើនឡើងដល់ ជាង ៩២០លានដុល្លារ កើនជាង៣,៤% បើធៀបនឹងឆ្នាំ២០២២។
ទន្ទឹមគ្នានឹង ប្រាក់ចំណេញរបស់ធនាគារធំៗនៅក្នុងប្រទេសថៃកើនឡើង បើមើលទៅលើស្ថានភាពបំណុលគ្រួសារនៅក្នុងប្រទេសថៃនាពេលនេះ ក៏កំពុងកើនឡើងកាន់តែខ្ពស់ទៅៗគួរឲ្យបារម្ភផងដែរ ។ របាយការណ៍ពីរាជរដ្ឋាភិបាលថៃបង្ហាញថា គិតត្រឹមត្រីមាសទី២នៅឆ្នាំ២០២៣ បំណុលគ្រួសាររបស់ប្រទេសថៃមានដល់ទៅជាង ៤៥០ ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ ៩០,៧% នៃទំហំ GDP ។ តួលេខនេះ បានធ្វើឲ្យប្រទេសថៃ កំពុងក្លាយជាប្រទេសមួយ ដែលមានអត្រាបំណុលគ្រួសារខ្ពស់ជាងគេលំដាប់ទី ៣ នៅអាស៊ី តាមពីក្រោយកូរ៉េខាងត្បូង និងទីក្រុងហុងកុង និងមានចំណាត់ថ្នាក់ទី១២ នៅទូទាំងសកលលោក។