នៅជុំវិញគម្រោងផ្សារទំនើបមួយនេះ គឺពោរពេញដោយសក្តានុពល ដែលជាបណ្តុំនៃគម្រោងអភិវឌ្ឍន៍ខ្នាតធំៗ ដោយគេឃើញមានគម្រោងលំនៅដ្ឋាន ខុនដូ សាលារៀនអន្តរជាតិ និងសាកលវិទ្យាល័យ ជាដើម។
ម្យ៉ាងវិញទៀត ដោយសារតែទីតាំងនេះនឹងក្លាយជាទីប្រជុំជនដ៏មមាញឹក សម្រាប់ការរស់នៅនិងធ្វើអាជីវកម្មផងនោះ គម្រោងផ្សារទំនើប PH Diamond Place នេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដែលជាចំណុចកណ្តាលសម្រាប់តភ្ជាប់ទៅកាន់មហាវិថីសំខាន់ៗមួយចំនួន ដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស ផ្លូវលេខ២៧១ និង ជាពិសេស ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគេចាត់ទុកថា ផ្លូវអាស៊ានថ្មីសម្រាប់ភ្ជាប់ទៅកាន់ផ្លូវក្រវាត់ក្រុងទី២ និងទី៣ ផងដែរ។
ផ្សារទំនើបបែបអន្តរជាតិមួយនេះ នឹងធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួល ស៊ីវីល័យ និងមានសុភមង្គលដល់ពលរដ្ឋដែលរស់នៅក្នុងគម្រោងអភិវឌ្ឍទំនើបចម្រុះ The Star Diamond ផង និងពលរដ្ឋដែលរស់នៅក្នុងគម្រោងផ្សេងៗនៅក្បែរនោះផងដែរ។
អញ្ជើញទស្សនាវីដេអូ !
គម្រោងផ្សារទំនើប PH Diamond Place នេះគឺជាគម្រោងផ្សារទំនើបទី២ បន្ទាប់ពីគម្រោងផ្សារទំនើប PH ECO Mall ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ប៉េងហួត គ្រុប និងទទួលខុសត្រូវដោយប៉េងហួត រីថែល។
ផ្សារទំនើប PH Diamond Place នេះ មានផ្ទៃក្រឡាសម្រាប់ជួល ប្រមាណ ៤ម៉ឺន ម៉ែត្រការ៉េ ដោយមានកម្ពស់៥ជាន់ ប្រមូលផ្តុំទៅដោយហាងល្បីៗរហូតទៅដល់ជាង ២០០ហាង ថែមទាំងមានចំណតដ៏ធំទូលាយ ដែលអាចចតរថយន្តនិងម៉ូតូបានដល់ទៅ ២០០០គ្រឿងថែមទៀតផង។
លើសពីនេះទៅទៀត នៅក្បែរគ្នានឹងផ្សារទំនើប PH Diamond Place នេះដែរ ក៏មានសាលសន្និបាតមួយទៀត ដែលធំទូលាយមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗដើម្បីបម្រើឲ្យការជួបប្រជុំពីស្ថាប័នរដ្ឋនិងឯកជននានា ក៏ដូចជាកម្មវិធីរៀបអាពាហ៍ពិពាហ៍ និង ការតាំងពិពណ៌ផ្សេងៗផងដែរ។
យោងតាមការអោយដឹងពីប្រធានផ្នែកជួលជាន់ខ្ពស់នៃ ប៉េងហួត រីថេល បានអោយដឹងថា ដោយសារផ្សារទំនើបមានការរចនាបែបថ្មី ប្លែកពីគេ និងមិនធ្លាប់មានពីមុនមក ទើបថ្មីៗនេះគម្រោងផ្សារទំនើប PH Diamond Place បានទទួលពានរង្វាន់ ឌីហ្សាញស្ថាបត្យកម្មលក់រាយល្អជាងគេ (Best Retail Architectural Design) ពីកម្មវិធី Cambodia Property Award ដែលរៀបចំឡើងដោយក្រុមហ៊ុន Property Guru ផងដែរ៕