វិស័យពាណិជ្ជកម្ម

វៀតណាម និងចិន ចុះកិច្ចព្រមព្រៀងរួមគ្នាចំនួន១០ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី


ប្រទេសវៀតណាម និងមហាយក្សចិន បានចុះកិច្ចព្រមព្រៀងចំនួន១០រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរហូតដល់ការទូទាត់ឆ្លងដែនតាម QR កូដ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ទៅកាន់ទីក្រុងហាណូយ ខណៈដែលប្រទេសជិតខាងទាំងពីរនេះកំពុងស្វះស្វែងជំរុញទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពដ៏សំខាន់នៃទំនិញនាំចូលសម្រាប់វិស័យផលិតកម្មរបស់វៀតណាម ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់១៤៨ពាន់លានដុល្លារនៅក្នុងរយៈពេល៩ខែឆ្នាំនេះ កើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង១០ខាងលើធ្វើឡើង​បន្ទាប់ពីជំនួបរបស់លោក លី ឈាង ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ។ គោលបំណងនៃការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការកសិកម្ម និងកសិពាណិជ្ជកម្ម។

ទូរទស្សន៍រដ្ឋវៀតណាម បានផ្សាយថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ បានស្នើឱ្យភាគីចិន ជំរុញកសិពាណិជ្ជកម្ម (Agricultural Trade) ជាមួយវៀតណាម បើកទ្វារទទួលយកកសិផលវៀតណាម និងធ្វើឱ្យប្រសើរឡើងនូវការបង្កើនការជម្រះពន្ធគយនៅតាមព្រំដែន។

ប្រទេសវៀតណាម និងប្រទេសចិន ក៏បានចុះកិច្ចព្រមព្រៀងមួយ ស្តីពីការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពលើការស្ទង់មតិសម្រាប់គម្រោងតភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែនផងដែរ។ ទាំងប្រទេសវៀតណាម និងប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ម្តងហើយម្តងទៀតក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវដែក ប៉ុន្តែរហូតមកទល់ពេលនេះ​មិនទាន់បានប្រកាសផែនការជាក់លាក់ ឬទំហំប៉ាន់ស្មាននៃការវិនិយោគសម្រាប់គម្រោងតភ្ជាប់ផ្លូវដែកនេះនៅឡើយទេ។

បច្ចុប្បន្ន ផ្លូវដែកដ៏សំខាន់តភ្ជាប់ក្រុងគុនមីង ក្នុងខេត្តយូណាន ប្រទេសចិន ភាគខាងត្បូង ទៅកាន់ទីក្រុងហាណូយ និងទីក្រុងកំពង់ផែហៃហ្វុងរបស់វៀតណាម។ ផ្លូវដែកនេះត្រូវបានសាងសង់ឡើងដោយបារាំង តាំងពីអំឡុងសម័យអាណានិគមបារាំង ដាក់លើប្រទេសវៀតណាម កាលពីជាងមួយសតវត្សរ៍មុនមកម៉្លេះ ហើយវានៅតែត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាម រហូតមកដល់បច្ចុប្បន្ន ខណៈដែលប្រទេសចិន បានជួសជុលកែលម្អទៅជាផ្លូវដែកល្បឿនលឿនរួចទៅហើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានថា ប្រទេសក្រីក្របំផុតទាំង២៦ កំពុងធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុដ៏ក្រក់បំផុតមិនធ្លាប់មាន

ធនាគារពិភពលោកបានបញ្ចេញរបាយការណ៍ថ្មីមួយគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែតុលា ថា ប្រទេសក្រីក្របំផុតទាំង២៦ ដែលមានរហូតដល់ទៅ៤០% នៃប្រជាជនក្រ…

តើមានកត្តាប្រឈមធំៗអ្វីខ្លះ ដែលរាំងស្ទះដល់ការទាក់ទាញភ្ញៀវទេសចរតាមផ្លូវអាកាសរបស់កម្ពុជា?

មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល បានគូសបញ្ជាក់ថា បើទោះបីជាមកទល់ពេលនេះវិស័យអាកាសចរណ៍កម្ពុជា បានបង្ហាញសញ្ញាណល្អប្រសើរឡើងវិញជាបណ្តើរៗក៏ពិតមែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ