បន្ទាប់ពីថ្នាំព្យាបាលកូវីដ១៩ ប្រភេទគ្រាប់របស់ក្រុមហ៊ុនអាមេរិក Merck បានទទួលការសាកល្បងជោគជ័យនិងកំពុងរង់ចាំការអនុម័តអនុញ្ញាតឲ្យប្រើប្រាស់នៅអាមេរិកនោះ បច្ចុប្បន្នកំពុងធ្វើឲ្យប្រទេសអ្នកមានជាច្រើនបាននិងកំពុងតាមចរចាសុំទិញថ្នាំមួយប្រភេទនេះ ខណៈដែលអាមេរិកហ៊ានទិញក្នុងតម្លៃដល់ទៅ ៧០០ដុល្លារអាមេរិកឯណោះ ក្នុងមួយកញ្ចប់។ ប្រការនេះបានធ្វើឲ្យអង្គការសុខភាពពិភពលោកព្រួយបារម្ភថា ប្រទេសក្រីក្រអាចនឹងកាន់តែលំបាកក្នុងការទទួលបានថ្នាំនេះ យកទៅប្រើប្រាស់ ខណៈបទពិសោធន៍កន្លងមក ប្រទេសក្រីក្របានជួបការលំបាកជាច្រើនរួចហើយក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩។ ដោយមើលឃើញពីបញ្ហានេះ មូលនិធិ Gate Foundation របស់មហាសេដ្ឋីអាមេរិកលោក Bill Gates បានត្រៀមទុកកញ្ចប់ថវិកាប្រមាណ ១២០លានដុល្លារអាមេរិក ដើម្បីជួយប្រទសមានចំណូលទាប និងមធ្យមអាចទិញយកថ្នាំព្យាបាលកូវីដ១៩នេះ យកទៅប្រើប្រាស់ ដើម្បីប្រឆាំងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃកូវីដ១៩។
ទឹកប្រាក់ពីមូលធិនិរបស់មហាសេដ្ឋីអាមេរិក លោក Bill Gates ដែលត្រៀមទុក១២០លានដុល្លារនោះ នឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងធ្វើឲ្យមានលក្ខណៈទូទៅសម្រាប់ការទទួលបានថ្នាំប្រឆាំងនឹងមេរោគកូវីដ១៩សម្រាប់ប្រទេសនានា ប្រសិនបើថ្នាំនេះ ត្រូវបាននិយ័តករអាមេរិកអនុម័តសម្រាប់ឲ្យប្រើប្រាស់បន្ទាន់ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកស្រី ម៉ាលីនដា ហ្វ្រេនស៍ ហ្គេត (Melinda French Gates)ដែលជាសហប្រធាននៃមូលនិធិនេះ បានបញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់មូលនិធិក្នុងការជួយប្រទេសក្រីក្រឲ្យទទួលបានថ្នាំព្យាបាលកូវីដ១៩នេះ គឺជាការជួយឲ្យមនុស្ស និង ប្រទេសកាន់តែច្រើនឡើង ទទួលបានថ្នាំសម្រាប់ការព្យបាល ប៉ុន្ដែវាមិនទាន់បញ្ចប់នៅត្រឹមនេះនោះទេ ពោលគឺមូលនិធិក៏ត្រូវការម្ចាស់ជំនួយផ្សេងទៀតចូលរួម ទាំងផ្នែកឯកជន និង រដ្ឋ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Merck រួមជាមួយនឹងដៃគូរបស់ខ្លួនមួយទៀត កំពុងផលិតថ្នាំគ្រាប់ម្យ៉ាងដែលអាចប្រឆាំងទប់ទល់ និងព្យាបាលមេរោគកូវីដ១៩ មិនឲ្យអ្នកជំងឺមានសភាពជំងឺធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់បាត់បង់ជីវិតបាន៥០%ផងដែរ។ បច្ចុប្បន្ន ថ្នាំនេះ កំពុងរង់ចាំការអនុម័តឲ្យប្រើប្រាស់បន្ទាន់ពីរដ្ឋាភិបាលអាមេរិកនៅក្នុងខែនេះ។
មិនត្រឹមតែ មូលនិធិ Gates
Foundations នោះទេ
ដែលបានចូលរួមក្នុងការជួយឲ្យប្រទេសក្រីក្រអាចមានលទ្ធភាពទទួលបានថ្នាំព្យាលបាលកូវីដ១៩យកទៅប្រើប្រាស់។
ថ្មីៗនេះដែរ អង្គការសុខភាពពិភពលោកក៏បានបង្កើតកម្មវិធីថ្មីមួយ
ដែលនឹងជួយឲ្យប្រទេសក្រីក្រ អាចទិញថ្នាំនេះបានក្នុងតម្លៃត្រឹមតែ
១០ដុល្លារប៉ុណ្ណោះ ក្នុងមួយកញ្ចប់
ខណៈដែលថ្នាំព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merckនេះ
ត្រូវបានសហរដ្ឋអាមេរិកកក់ទិញក្នុងតម្លៃដល់ទៅ ៧០០ដុល្លារឯណោះក្នុងមួយកញ្ចប់
ដោយការប្រើប្រាស់របស់វាអាចប្រើបានរយៈពេល៥ថ្ងៃ។
គេសង្កេតឃើញថា កន្លងមកប្រទេសក្រីក្របានជួបបញ្ហាខ្លាំងមែនទែនក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ចាក់ជូនពលរដ្ឋរបស់ខ្លួន ដោយសារតែប្រទេសអ្នកមានជាច្រើនបានបញ្ជាទិញវ៉ាក់សាំងស្ដុកទុកដែលធ្វើឲ្យការផ្គត់ផ្គង់ខ្វះខាត។ ជាក់ស្ដែង នៅអាហ្វ្រិក មកទល់ពេលនេះ ទើបតែមានប្រជាជនប្រមាណតែ៥%នៃប្រជាជនសរុបដែលទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩។ គូរបញ្ជាក់ដែរថា គិតមកទល់បច្ចុប្បន្ន ចំនួនអ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង២៤០លាននាក់ហើយ ក្នុងនោះ អ្នកស្លាប់មានជាង៥លាននាក់៕