មហាសេដ្ឋី​ពិភព​លោក​ដែល​មិន​ទុក​លុយ​នៅធនាគារ

មហាសេដ្ឋីអេហ្ស៊ីប​​រូប​នេះ​គ្រប់គ្រង​លុយ​កាក់ខ្លួនឯង ដោយ​មិនទុក​នៅ​ធនាគារទេ


មហាសេដ្ឋីដែល​មានប្រាប់រាប់ពាន់លានដុល្លារ វ័យ​ ៧២ឆ្នាំ រូបនេះ បាន​បង្កើត​ក្រុមហ៊ុន​វិនិយោគ​មួយ កាលពីមួយទសវត្សរ៍មុន ដើម្បី​មើលខុសត្រូវ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក តាម​របៀប​ដូច​គ្នា​នឹង​របៀប​ដែល​លោក​និង​បងប្អូន​ប្រុស​របស់​លោក​បាន​បង្កើត​ជំនួញ​ក្ដោបក្ដាប់​ដោយគ្រួសារ​ ឲ្យ​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​លំដាប់ពិភព​លោក ដែល​រួមមាន​បុត្រ​សម្ព័ន្ធ​ជាច្រើន ដូចជា ប្រ៊ែន​ភោជនីយដ្ឋាន McDonald (ម៉ាកដូណាល់) និង​ភ្នាក់ងារ​​ចែកចាយ​រថយន្ត​ពីក្រុមហ៊ុន General Motors ជាដើម ។
ដោយ
លោក មហាម៉េដ មេនសួរ (Mohamed Mansour)

Mansour Group ដែល​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​គ្រួសារ​អេហ្ស៊ីប​ដ៏ធំបំផុត​មួយ​នេះ តាមរយៈ​ក្រុមហ៊ុន​គ្រប់គ្រង​វិនិយោគ​គ្រួសារ​របស់ខ្លួន បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែលសុទ្ធ​សឹង​ជាក្រុមហ៊ុនធំៗ​លំដាប់​ពិភព​លោក តួយ៉ាង Airbnb Inc., Twitter Inc., និង Snowflake Inc. ជាដើម ។ 

លោក ម៉ូហាម៉េដ មេនសួរ ធ្លាប់បាន​និយាយ​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ Bloomberg របស់សហរដ្ឋ​អាមេរិក ថា "ខ្ញុំធ្លាប់ទុកលុយ​របស់​ខ្ញុំ​នៅ​ក្នុង​ធនាគារ​ដែរ ប៉ុន្តែ ខ្ញុំ​មិន​សប្បាយចិត្ត​ចំពោះ​ប្រាក់ចំណេញ​ដែល​ខ្ញុំ​បាន​ទទួល​មក​វិញ​ឡើយ ។ ជានិច្ចកាល ពួកគេ​ឲ្យ​ក្រុមការងារ​ដ៏ពូកែ​មួយ មក​ជួប​អ្នក ធ្វើ​ឲ្យ​អ្នក​ពេញចិត្ត ប៉ុន្តែ​ អ្នក​មិនដឹង​ទេថា តើ​អ្នក​ណា​ពិតប្រាកដ​ដែល​ចាត់ចែង​លុយ​របស់អ្នក បន្ទាប់មក អ្នក​ទទួលបាន​ការប្រាក់ ២% ក្នុង​មួយឆ្នាំ ។"

មហាសេដ្ឋី​ជនជាតិ​អេហ្ស៊ី​ប​រូប​នេះ បាន​បន្ត​ថា "ឥឡូវនេះ ខ្ញុំ​អាច​និយាយ​បានថា វា​ជា​លុយ​របស់ខ្ញុំ ខ្ញុំ​នឹង​យក​វា​ទៅវិនិយោគ ។ បើ​ខ្ញុំ​ខាត ក៏ខាត​ទៅ ។"

លោក មេនសួរ បាន​ជួយ​ដឹកនាំ​ក្រុមហ៊ុន​គ្រួសារដ៏ធំមួយនេះ --ដែលបាន​បង្កើត​ឡើង​ដំបូង​បង្អស់​ជា​ក្រុមហ៊ុន​នាំ​ចេញ​កប្បាស កាលពីឆ្នាំ​១៩៥២-- នៅក្រោយ​ពេល​ដែល​ឪពុក​របស់​លោក​បាន​ទទួលមរណភាព នៅឆ្នាំ​១៩៧៦ ។ ឥឡូវ ក្រុមហ៊ុន​ Mansour Group នេះ បើតាម​ការ​គណនា​របស់​ Bloomberg មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៧​ពាន់​លានដុល្លារ​អាមេរិក ។

កូនប្រុស​រ​បស់​លោក ឈ្មោះ Loutfy គឺជា​អគ្គនាយក​​​ ក្រុមហ៊ុន​គ្រប់គ្រង​វិនិយោគ​គ្រួសារ​របស់​លោក ដែលមាន​មូលដ្ឋាននៅទីក្រុងឡុងដ៍ អង់គ្លេស ឈ្មោះ Man Capital ដែលមាន​ជំនួញ​ផ្នែក​គ្រប់គ្រង​មូលធន​វិនិយោគ​រួមគ្នា​មួយ នៅ​ទីក្រុង​ សាន់ ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក ផងដែរ ។ 

នៅពេល​ដែល​សារព័ត៌មាន Bloomberg សួរ​លោកថា តើ​ហេតុ​អ្វី​បាន​ជា​លោក​បង្កើត​ក្រុមហ៊ុន​គ្រប់គ្រង​វិនិយោគ​ជា​លក្ខណៈគ្រួសារ លោក​ មហាម៉េដ មេនសួរ បាន​ឆ្លើយ​យ៉ាង​ដូច្នេះថា ៖ 

«ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងឡាយ ដែលស្ថិតក្រោម​ក្រុមហ៊ុន​មេ Mansour Group មាន​ភាពរឹងមាំ​ខ្លាំង ហើយ​យើង​មាន​លុយក្នុង​ដៃ​ច្រើន ។ នៅពេល​អ្នក​ធ្វើ​ជំនួញ អ្នក​មិន​ចាប់អារម្មណ៍​ទៅលើ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ប៉ុន្មាន​ទេ ហើយ​ខ្ញុំ​ចង់​អាច​គ្រប់គ្រង​និង​ចាត់ចែង​លុយ​របស់​ខ្ញុំ​ដោយ​ខ្លួន​ឯង ។ កាលមុន យើងធ្លាប់​ប្រើ​ធនាគារ X ឬ Y ប៉ុន្តែ ខ្ញុំ​បាន​និយាយថា "ការ​គ្រប់គ្រង​លុយកាក់​មិន​មែន​ជា​វិទ្យាសាស្ត្រ​ផលិត​រ៉ុក្កែត​ឯណា!? យើង​អាច​ជួល​មនុស្ស​ក្មេងៗ ពូកែៗ ដែលអាច​ជួយ​គ្រប់គ្រង​លុយ​របស់​យើង​បានទេតើ ។ បើ​ធនាគារអាចធ្វើ​បាន រឿង​អី​ដែល​យើង​មិនអាច​ធ្វើបាន ?"»។

លោក មេនសួរ បាន​បន្ត​ថា "ឥឡូវ​នេះ ក្រុម​របស់​យើងមាន​គ្នា ១៤នាក់ រួមទាំងកូនប្រុស​បង្កើត​របស់ខ្ញុំ ហើយ​យើង​បាន​កសាង​នូវ​កេរ្តិ៍ឈ្មោះ​ដ៏ល្បីល្បាញ ។ លំហូរ​នៃ​គម្រោង​វិនិយោគ​រត់​មក​រក​យើង ហើយ​ក្នុង​មួយឆ្នាំ យើង​ធ្វើ​ការបោះទុន​វិនិយោគ​ទៅ​លើ​​គម្រោង​ ១ ឬ​ ២ ។ វា​ជា​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ ហើយ​ទៅថ្ងៃអនាគត ការបង្កើត​ក្រុមហ៊ុន​គ្រប់គ្រង​វិនិយោគ​លក្ខណៈគ្រួសារ​នឹង​ពេញ​និយម ។ យើង​មិន​ចូលចិត្ត​ទិញ​ក្រុមហ៊ុន រួចហើយ​កំណត់​ពេលដើម្បី​បែងចែក​ផល​ចំណេញ​ទៅ​ឲ្យ​ម្ចាស់​ភាគហ៊ុ​ននោះទេ ។ យើង​ដឹង​ពីរបៀប​ទិញ និង​កសាង​ក្រុមហ៊ុន​ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុនអស្ចារ្យ ហើយ​យើង​ដឹង​ពី​របៀប​រកមើល​វិស័យ​ដែល​ជានិន្នាការ​ទៅថ្ងៃអនាគត ។" 

នៅពេលសួរ​ថា តើ​ហេតុអ្វី​បាន​ជា​លោក​វិនិយោគច្រើន​ក្រៃលែង​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា ? លោក មេនសួរ បាន​និយាយថា "ប្រហែល ១៥ឆ្នាំ​មុន ខ្ញុំ​បានចូលរួម​សន្និសីទ​មួយ ហើយ​ខ្ញុំ​បាន​ឮ​បុរស​ម្នាក់​និយាយថា ពិភព​លោក​នឹង​ប្រែប្រួល ៖ នៅថ្ងៃ​ណាមួយ អ្នក​មិន​ចាំបាច់​ទៅជួប​គ្រូ​ពេទ្យ​ដល់​មន្ទីរពេទ្យ​ទេ ។ ផ្ទុយទៅវិញ អ្នកត្រូវការតែ​អេក្រង់​មួយ ហើយ​វេជ្ជបណ្ឌិត​នឹង​ពិនិត្យ​អ្នក ហើយ​ចេញ​វេជ្ជបញ្ជាឲ្យ​អ្នក ។ បន្ទាប់ពី​ឮដូច្នោះ ខ្ញុំ​បាន​និយាយថា អនាគត គឺ​បច្ចេកវិទ្យា​នេះ​ឯង ហើយ​ខ្ញុំ​បាន​វិនិយោគ​តាំងពីដំបូងដៃ​ទៅ នៅ​ក្នុង​ក្រុមហ៊ុន Facebook, Twitter, Uber, Spotify និង​ថ្មីៗនេះ គឺក្រុមហ៊ុន Snowflake និង Adyen ។"

លោក មហាម៉េដ មេនសួរ បាន​និយាយថា លោក​បាន​វិនិយោគ​លុយ​យ៉ាងច្រើន​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា និងថា ទ្រព្យ​សម្បត្តិ​ឯកជនរបស់​លោក​ស្ថិតនៅក្នុង​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ។ លោកថា លោក​ទុក​លុយ​វិនិយោគ​នៅជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា ពីព្រោះលោកគិតថា ក្រុមហ៊ុនទាំងនេះ​នឹង​នៅតែលូតលាស់​ ទោះបី​ក្នុង​អំឡុងពេលកូវីដ-១៩ក្ដី ៕




អត្ថបទបន្ទាប់


តំបន់​ផ្លូវ​វេងស្រេង​នឹង​កាន់តែអ៊ូអរខ្លាំងហើយ នៅ​ពេល​ផ្សារ​ទំនើប​ K Mall ​​បើក​ទ្វារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២១

ផ្សារ K Mall ដែលជាផ្សារទំនើបថ្មីបំផុត និងជាទីតាំង សម្រាប់ការរស់នៅបែបទាន់សម័យ នៅតាមបណ្ដោយផ្លូវវេង ស្រេង បានរៀបចំ “ពិធីសាងសង់ដល់ ជាន…

នៅវៀតណាម ! ខឹងគេ​ច្រៀង​ខារ៉ាអូខេ​តម្លង់​ពេក បុរស​ម្នាក់​"គប់​គ្រាប់បែកសាំង"ទៅលើ​ផ្ទះ​អ្នកជិតខាង

នៅទីក្រុង​ហាណូយ ប្រទេសវៀតណាម បុរស​វ័យ​ ៦១​​ឆ្នាំ​ម្នាក់ បាន​គប់​ដបសាំង​ដែល​មាន​ភ្លើង​ឆេះ ទៅលើ​ដំបូល​ផ្ទះ​អ្នកជិតខាង ដោយសារខឹង​នឹងអ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ