វិស័យទេសចរណ៍

តើការកក់កញ្ចប់ដំណើរកម្សាន្តមកកម្ពុជា នៅក្នុងរដូវសម្បូរភ្ញៀវទេសរចរនេះ មានកំណើនយ៉ាងណាដែរ?


វិស័យទេសចរណ៍កម្ពុជា បានចាប់ផ្ដើមមានសកម្មភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ជាពិសេសនៅក្នុងរដូវសម្បូរភ្ញៀវទេសចរនេះតែម្តង។ តួយ៉ាងបើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យទេសចរណ៍ ការកក់កញ្ចប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសរចរអន្តរជាតិ ចូលមកកម្ពុជា នៅក្នុងរដូវកាលសម្បូរភ្ញៀវទេសចរនៅឆ្នាំនេះ ហាក់មានកំណើនល្អប្រសើរជាងឆ្នាំមុន។ តើមានកត្តាអ្វីខ្លះ ជំរុញឱ្យការកក់កញ្ចប់ដំណើរកម្សាន្តចូលមកកម្ពុជាមានកំណើនល្អប្រសើរនៅឆ្នាំនេះ?
វិស័យទេសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរដូវសម្បូរភ្ញៀវទេសចរនៅឆ្នាំនេះ ចន្តរនៃការកក់កញ្ចប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសរចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា ហាក់មានកំណើនខ្ពស់ជាងឆ្នាំមុន។ តែយ៉ាងណាអ្នកជំនាញរូបនេះមិនបានបញ្ជាក់លម្អិតពីតួលេខ នៃការកក់កញ្ចប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសនោះទេ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគមរូបនេះ ភាពល្អប្រសើរនៃការកក់កញ្ចប់ដំណើរកម្សាន្តនេះ គឺដោយសារកំណើននៃការតភ្ជាប់ជើងហោះហើរផ្លូវអាកាស ជាពិសេសការតភ្ជាប់ជើងហោះហើរថ្មីៗជាបន្តបន្ទាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។

លោកជំទាវ ឆាយ ស៊ីវលីន មានសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកកាន់តែច្រើនថែមទៀតនៅចុងឆ្នាំ២០២៤នេះ ដោយសារមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា កាន់តែសម្បូរបែប គួបផ្សំកម្ពុជា បានជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។ ការបង្កើត និងរៀបចំឱ្យមានព្រឹត្តិកាណ៍ទេសចរណ៍នានា ជាបន្តបន្ទាប់នៅចុងឆ្នាំនេះ ក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅកម្ពុជា ផងដែរ​។

​មិនខុសគ្នាពីលោកជំទាវ ឆាយ ស៊ីវលីន នោះទេ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា ទទួលស្គាល់ថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលបានកក់កញ្ចប់ដំណើរកម្សាន្តមកកម្ពុជា នៅឆ្នាំនេះ ពិតជាមានការកើនឡើងជាងឆ្នាំមុនប្រាកដមែន ប៉ុន្តែសម្ទុះនេះហាក់នៅមានកម្រិតនៅឡើង និងមិនទាន់អាចវិលទៅរកភាពល្អប្រសើរដូចមុនពេលមានវិបត្តិកូវីដ-១៩ នោះទេ។

​លោកជំទាវ ឆាយ ស៊ីវលីន កត់សម្គាល់ឃើញថា សម្ទុះនៃការចាយវាយរបស់ភ្ញៀវទេសចរអន្តរជាតិ នៅឆ្នាំនេះហាក់មានការរឹតត្បិតជាងមុន ពោលគឺពួកគេចំណាយតែទៅលើសេវាកម្មមួយចំនួនដូចជាការស្នាក់​នៅ មធ្យោបាយដឹកជញ្ជូន ការចូលកម្សាន្តតាមរមណីយដ្ឋាន និងម្ហូបអាហារជាដើម ខណៈការចាយវាយទៅលើការទិញវត្ថុអនុស្សាវរីយ៍ហាក់មានការថមថយជាងមុន។ បើតាមអ្នកជំនាញរូបនេះជាមធ្យមភ្ញៀវទេសចរម្នាក់អាចចំណាយថវិការចាក់ចូលសេដ្ឋកិច្ចកម្ពុជា ចន្លោះពី៥៨០ដុល្លារទៅ១,២០០ដុល្លារ លើការកម្សាន្តនៅកម្ពុជាចំនួន៤ថ្ងៃ ដោយមិនគិតពីការចំណាយលើសំបុត្រយន្តហោះ។

​សូមបញ្ជាក់ថា តាមស្ថិតិរបស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៤លាន៨សែននាក់ កើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


តើអ្នកជំនាញមានការរំពឹងបែបណា ប្រសិនបើក្រុមហ៊ុនយក្សចិន BYD បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា?

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាជឿជាក់ថា កម្ពុជានឹងអាចទាញបានផលប្រយោជន៍ជាច្រើន ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអគ្គិស BYD របស់ចិនមកវិនិយោគបង្កើត…

ចិនដាក់ចេញវិធានថ្មីៗ ដើម្បីជំរុញពាណិជ្ជកម្ម ចំពេលមានការព្រួយបារម្ភពីរបបពន្ធគយរបស់លោក ដូណាល់ ត្រាំ

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសដាក់ចេញពីវិធានការគោលនយោបាយថ្មីៗជាច្រើនក្នុងគោលបំណងជំរុញពាណិជ្ជកម្មក្រៅប្រទេស រួមទាំងការសន្យាពង្រឹងការគាំទ្រផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ