អ្នកស្រី ពេជ្រ ណា អ្នករស់នៅក្នុងបុរី ប៉េង ហួត ដឹស្តា អិតធីណល ក្នុងតំបន់ស្ទឹងមានជ័យ បានឲ្យដឹងថា តំបន់ស្ទឹងមានជ័យពីមុន ជាតំបន់សម្រាប់ចាក់សម្រាម និងមានភាពស្ងាត់ជ្រងំ ប៉ុន្ដែ បច្ចុប្បន្ន ស្ទឹងមានជ័យ ដែលធ្លាប់ជាជាយក្រុង ឥឡូវវាបានក្លាយជាក្រុងបាត់ទៅហើយ។
អ្នកស្រីនិយាយថា៖ «ឥឡូវមានផ្សារទំនើប មានផ្លូវស្អាត អត់ពិបាករស់នៅដូចមុនទេ គ្រាន់តែស្ទះចរាចរណ៍ពេលគេចេញធ្វើការ ឬទៅរៀនតែបន្តិចទេ»។
ដូចគ្នាដែរ លោកយាយ ហឺ លៀម ពលរដ្ឋរស់នៅតំបន់ស្ទឹងមានជ័យ បានមានប្រសាសន៍ថា៖ «ស្ទឹងមានជ័យពីដើមស្ងាត់ ឥឡូវវាទៅជាក្រុងបាត់ទៅហើយ មានសាលារៀន… ខ្ញុំមកនៅទីនេះ៥ឆ្នាំហើយ កាលមុនផ្លូវដើរមិនរួចទេផងហ្នឹង សុទ្ធតែទឹក ឥឡូវមានភ្លៀងមួយស្របក់ វាហូរទៅអស់ហើយ»។
ការប្រែប្រួលដ៏គួរឲ្យកត់សម្គាល់បំផុតមួយ នៃតំបន់ស្ទឹងមានជ័យ គឺការកញ្ជ្រោលងើបឡើងនៃគម្រោងលំនៅដ្ឋាន ដែលបានផុសឡើងគ្រប់ទិសទី។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ KFA បានឲ្យដឹងថា ១០ឆ្នាំមុន ស្ទឹងមានជ័យ មានបញ្ហាជាច្រើន ដូចជា ការកកស្ទះចរាចរណ៍ និងជាតំបន់ដីចាក់សម្រាមជាដើម។ កាលនោះ ទីនេះ ជាតំបន់សម្បូរឃ្លាំង និងរោងចក្រ ប៉ុន្ដែ បច្ចុប្បន្ន មានស្ពានអាកាស និងការអភិវឌ្ឍបុរីលំនៅដ្ឋានលំដាប់ខ្ពស់ និងអគារពាណិជ្ជកម្មផងដែរ។
លោកឧកញ៉ា នួន រិទ្ធី ថ្លែងប្រាប់ខេមបូណូមីសយ៉ាងដូច្នេះថា៖ «កន្លងមក ស្ទឹងមានជ័យជាតំបន់រោងចក្រឧស្សាហកម្ម តែកែប្រែបន្តិចៗម្តងៗ មកជាតំបន់បុរីលំនៅដ្ឋាន។ លើសពីនេះ ស្ទឹងមានជ័យ ជាច្រកមួយដ៏សំខាន់រវាងជាយក្រុង និងមកទីក្រុងភ្នំពេញផងដែរ»។
ទន្ទឹមនឹងការរីកលូតលាស់វិស័យអលចនទ្រព្យតំបន់នៅស្ទឹងមានជ័យ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានពង្រីកគម្រោងបុរីលំនៅដ្ឋានបែបប្រណីតរបស់ខ្លួនទៅក្នុងតំបន់ស្ទឹងមានជ័យនេះដែរ។ តួយ៉ាង គឺគម្រោងបុរី ដឹ ស្តារ អិតធីណលនេះជាដើម។
គម្រោងបុរី The Star Eternal របស់ក្រុមហ៊ុនបុរី ប៉េង ហួត ស្ថិតនៅចម្ងាយប្រមាណមួយគីឡូម៉ែត្រពីស្ពានអាកាសស្ទឹងមានជ័យ។ បើតាមអ្នកគ្រប់គ្រងផ្នែកលក់ គម្រោង The Star Enternal ឲ្យដឹងថា តម្រូវការលំនៅដ្ឋានបែបបុរី នៅក្នុងតំបន់ស្ទឹងមានជ័យ មានការកើនឡើងគួរឲ្យកត់សម្គាល់។
តាមការព្យាកររបស់អ្នកជំនាញអចលនទ្រព្យ តម្រូវការលំនៅដ្ឋានរបស់ប្រជាជនដែលមានជីវភាពមធ្យម និងខ្ពស់នៅក្នុងរាជធានីភ្នំពេញ នឹងនៅតែបន្តកើនឡើងជាច្រើនទៅមុខទៀត៕