នៅក្នុងពិធីសម្ពោធនេះដែរ ស្ថាបនិករមណីយដ្ឋានភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បានអោយដឹងថានៅក្នុងរយៈពេលជាង១ឆ្នាំនេះ ភូមិផ្កាត្រកួនបានវិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជាតំបន់កម្សាន្ដ ដែលមានចម្រុះទៅដោយសេវាកម្មកម្សាន្ដបែបធម្មជាតិ និងជាកន្លែងសម្រាកលំហែកាយលក្ខណៈគ្រួសារ ដែលស្ថិតនៅលើផ្ទៃដី៤០ ហិកតាឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
លោកបានបន្ថែមថា ពលរដ្ឋខ្មែរបច្ចុប្បន្នហាក់មាននិន្នាការទៅរកដីនៅតំបន់ជាយក្រុង ជាពិសេសនៅក្នុងស្រុកស្អាង ខេត្តកណ្តាលនេះផ្ទាល់តែម្តង។ លោកបានបន្ថែមថា ក្រោយពីបានលក់ដីជាង៤០ហិកតា និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកំសាន្តនានារួចហើយ រូបលោករួមទាំងសហស្ថាបនិកម្នាក់បានសម្រេចចិត្តបន្ថែមការវិនិយោគលើកដី៦០ហិកតាបន្ថែមទៀត ដោយគម្រោងថ្មីនេះ គឺស្ថិតក្នុងភូមិផ្កាត្រកួនដដែល ដែលលក្ខណៈប្លែកជាងមុន ព្រោះលំនៅទាំងនោះនឹងត្រូវសាងសង់តាមបណ្តោយដងព្រែក។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញពិការគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងបុរីលំហែកាយទាន់សម័យនៅតំបន់ជាយក្រុងបែបនេះ ដោយឯកឧត្តមបានលើកឡើងថា នាពេលអនាគត ដីនៅតំបន់ជាយក្រុងនឹងកាន់តែមានសក្តានុពលនឹងអាចមានតម្លៃជាងដីនៅក្នុងទីក្រុង ដោយសារតែសាររោងចក្រមួយចំនួនបានចាប់ផ្តើមប្តូរទៅកាន់តំបន់ជាយក្រុង ជាពិសេសរោងចក្រអេឡិចត្រូនិចដែលមិនមានការបញ្ចេញផ្សែងពុល ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសរចំពោះស្ថាបនិករមណីយដ្ឋានភូមិផ្កាត្រកួនផងដែរ ដែលបានមានគំនិតច្នៃប្រឌិតខ្ពស់ចំពោះការសាងសង់លំនៅខានបែបបុរាណ ដែលសក្តិសមទៅនឹងការនិយមបែបថ្មីៗនិងប្លែកៗពីសំណាក់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។
ក្នុងនាមជាស្ថាបនិករមណីយដ្ឋានភូមិផ្កាត្រកួន និងជាអ្នកជំនាញលើវិស័យសណ្ឋាគារមួយរូប លោក ឌិន សុមេធារិទ្ធ អះអាងថា នៅក្នុងបេសកកម្មជីវិតរបស់លោក គឺមានបំណងចង់ឲ្យពលរដ្ឋខ្មែរមានអាយុវែង តាមរយៈការរស់នៅជាមួយធម្មជាតិ ការលំហែអារម្មណ៍បន្ទាប់ពីបានមមាញឹកនឹងការងារក្នុងទីក្រុងហើយដោយមានទីកន្លែងលំហែកាយបែបធម្មជាតិនៅតំបន់ជាយក្រុងដែលមានខ្យល់អាកាសបរិសុទ្ធ គ្មានការរំខាន។
ចំណុចសំខាន់២របស់រមណីយដ្ឋានភូមិផ្កាត្រកួនគឺ ទី១ជាសួនកម្សាន្ដបែបធម្មជាតិដ៏ធំដោយមានបឹងធម្មជាតិ ទី២ ជាលំនៅដ្ឋានលំហែកាយ បែបបុរាណប្រកបដោយផាសុកភាពផងដែរ។ ស្ថាបត្យករ ឌិន សុមេធារិទ្ធ ប្តេជ្ញាថា នឹងធ្វើឲ្យរមណីយដ្ឋានផ្កាត្រកួននេះ ក្លាយជាជម្រើសដំបូង និងមានតែមួយគត់សម្រាប់អ្នកទីក្រុងមកកម្សាន្ដលេងជាលក្ខណៈក្រុមគ្រួសារ៕