ការទទូចរបស់ប្រទេសអង់គ្លេសយ៉ាងដូច្នេះ បន្ទាប់ពីប្រទេសនេះ រួមជាមួយនឹងអាមេរិក ទើបតែបានប្រកាសថានឹងកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីក្នុងឆ្នាំនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ជាមួយនឹងការលើកឡើងពីជំហរដូចគ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកឡើងជាការសាទរដល់ការរួបរួមគ្នានៃប្រទេសលោកខាងលិច អឺរ៉ុប រួមទាំងអង់គ្លេស ដែលបានប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ លោកស្រី Liz Truss និយាយទៀតថា ភាពរឹងមាំនៃសម្ព័ន្ធភាពរបស់លោកខាងលិច បានធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក ពូទីន ផ្ញាក់ផ្អើលជាខ្លាំង ហើយវាត្រូវតែមានការចូលរួមដាក់ទណ្ឌកម្ម ក៏ដូចជាសម្ពាធបន្ថែមទៀត ដើម្បីធ្វើឲ្យប្រាកដថា ការឈ្លានពានរបស់ទីក្រុងម៉ូស្គូ លើទីក្រុងកៀវ ពិតជាត្រូវបរាជ័យ។
លោកស្រី Liz Truss បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាមួយនឹងលោក អានតូនី ប្លីងឃីន រដ្ឋមន្ត្រីការប្រទេសអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ិនតោនយ៉ាងដូច្នេះថា «យើងត្រូវតែខិតខំទ្វេដងថែមទៀត ទៅលើទណ្ឌកម្មរបស់យើង ដែលរួមបញ្ចូលទាំងប្រទេស G7 ត្រូវតែបញ្ឈប់ការនាំចូលប្រេង និងហ្គាសពីរុស្ស៊ី ហើយត្រូវតែអនុវត្តឲ្យបានពេញលេញនូវការហាមឃាត់ធនាគាររុស្ស៊ី ក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់សកល SWIFT»។ លោកស្រី Liz Truss សង្កត់ធ្ងន់ទៀតថា «ពេលនេះ គឺមិនមែនជាពេលដែលត្រូវបោះបង់ចោលការដាក់ទណ្ឌកម្មលើរុស្ស៊ីនោះទេ! លោក ពូទីន ត្រូវតែបរាជ័យនៅក្នុងសង្គ្រាមឈ្លានពាននេះ»។
សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននាំមុខប្រទេសលោកខាងលិច ក្នុងការឈានទៅកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចទាក់ទឹងនឹងវិស័យប្រេងរបស់រុស្ស៊ី ដោយអាមេរិកនឹងហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ហើយឆាប់ៗនេះ ប្រទេសកាណាដា ក៏នឹងអនុវត្តតាមអាមេរិកដែរ ខណៈដែលទីក្រុងឡុងចក្រភពអង់គ្លេសវិញ បានសន្យារួចហើយថា នឹងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីនៅក្នុងឆ្នាំនេះ។
ក្រុមប្រទេសផ្សេងទៀត នៃក្រុមប្រទេសជឿនលឿនទាំង៧ ដូចជា បារាំង, អាល្លឺម៉ង់, អ៊ីតាលី និងជប៉ុន នៅមិនទាន់មានការបញ្ចេញសកម្មភាពបែបណានៅឡើយទេ ជុំវិញនឹងការទទូចឲ្យមានការហាមឃាត់ប្រេងនាំចូលពីរុស្ស៊ីនេះ ប៉ុន្ដែ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានព្រមាននៅដើមសប្ដាហ៍នេះថា ការផ្អាកការនាំចូលប្រេងពីរុស្ស៊ី អាចនឹងធ្វើឲ្យសន្ដិសុខថាមពលអឺរ៉ុបជួបហានិភ័យ។
សូមបញ្ជាក់ថា ប្រទេសនៅតំបន់អឺរ៉ុប គឺមានការពឹងផ្អែកខ្លាំងណាស់លើការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដើម្បីប្រើប្រាស់ ហើយបើទោះបីជា ប្រទេសខ្លះបានត្រៀមខ្លួនក្នុងការធ្វើពិពិធកម្មទីផ្សារនាំចូលប្រេងជាបណ្ដើរៗក្ដី ប៉ុន្ដែនៅមានប្រទេសខ្លះទៀត នៅមិនទាន់មានទីផ្សារជំនួសរុស្ស៊ីបាននៅឡើយទេ។
មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានចេញមុខព្រមាននាពេលថ្មីៗនេះដែរថា ប្រសិនបើសហភាពអឺរ៉ុប ពិតជាហ៊ានកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីមែននោះ តម្លៃប្រេងលើទីផ្សារពិភពលោកនឹងហក់ឡើងដល់៣០០ដុល្លារអាមេរិកនៅក្នុងមួយធុងបារ៉ែល ខណៈដែលបច្ចុប្បន្នតម្លៃរបស់វាមានប្រមាណជាង១៣០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល៕