សកម្មភាពអាជីវកម្ម និងវិស័យដឹកជញ្ជូន

ក្រុមអ្នកជំនួញ៖ សកម្មភាពអាជីវកម្ម និងវិស័យដឹកជញ្ជូន រងផលប៉ះពាល់ដោយសារតែប្រេងឥន្ធនៈឡើងថ្លៃ ប៉ុន្ដែមិនធ្ងន់ធ្ងរទេ


ក្រុមអ្នកជំនួញក្នុងវិស័យឧស្សាហកម្ម និងដឹកជញ្ជូនទំនិញនៅកម្ពុជា បានអះអាងថា បញ្ហាតម្លៃប្រេងឥន្ធនៈមានការឡើងថ្លៃខ្ពស់នៅមួយរយៈចុងក្រោយនេះ គឺបានធ្វើឲ្យមានការប៉ះពាល់មួយចំនួនដល់ខ្សែចង្វាក់ផលិតកម្ម ក៏ដូចជាធ្វើឲ្យចំណូលនៃសេវាដឹកជញ្ជូនទំនិញមានការធ្លាក់ចុះជាងមុនបន្ដិចមែន ក៏ប៉ុន្ដែ វាមិនទាន់បានជះឥទ្ធិពលធ្ងន់នៅឡើយទេ។
ទូរកុងតឺន័រដាក់ទំនិញ​ នៅកំពង់ផែស្វយ័តភ្នំពេញ

ទោះ​យ៉ាងណា ក្រុម​អ្នកជំនួញ​នៅ​តែ​មាន​ក្ដី​បារម្ភ​ថា ប្រសិនបើ​តម្លៃ​ប្រេង​ឆៅ​ពិភពលោក ក៏​ដូច​ជា​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បន្ដ​ឡើងថ្លៃ និង​អូស​បន្លាយពេល​កាន់តែ​យូរ​ទៀត នោះ​ចង់ ឬ​មិន​ចង់វា​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ជាក់​ជា​មិន​ខាន​ឡើយ​។

លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន​ទំនិញ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ជា​ការ​ពិត ការ​ឡើងថ្លៃ​នៃ​ប្រេងឥន្ធនៈ ពិតជា​បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ប៉ុន្ដែ​បច្ចុប្បន្ន ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា ហាក់​មិន​ទាន់​មានការ​ប្រែប្រួល​ខ្លាំង និង​ក្លាយជា​បញ្ហា​ចោទ​នៅឡើយ​ទេ​។ ដ្បិតថា មិន​ទាន់​ក្លាយជា​ក្ដី​កង្វល់​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ក្នុងស្រុក​ក៏​ដោយ​ចុះ ប៉ុន្ដែ​ប្រធាន​សមាគម​រូប​នេះ បាន​សង្កត់ធ្ងន់​ទៀត​ថា បើសិន​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ បន្ត​ឡើងថ្លៃ​ទៀត វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ជាក់​ជា​មិន​ខាន​ឡើយ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ជា ចាន់​ដា​រ៉ា បច្ចុប្បន្ន តម្លៃ​ដឹក​ជញ្ជូន​ក្នុងស្រុក នៅ​តែ​រក្សា​តម្លៃ​តាម​ធម្មតា គ្រាន់តែ​ផល​ចំណេញ​ពី​ការ​ដឹក​ជញ្ជូន​ថយ​ចុះ​ជាង​មុន​ពេល​ប្រេងឥន្ធនៈ​ឡើងថ្លៃ​បន្តិច​។ ក្នុង​នោះ សម្រាប់​ទូរ​កុងតឺន័រ​ខ្លី​២០​ហ្វី​ត ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ មាន​តម្លៃ ចន្លោះ​ពី ១៦០​ដុល្លារ ទៅ ១៨០​ដុល្លារ រីឯ​ទូរ​កុងតឺន័រ​វែង មាន​តម្លៃ ២៦០​ដុល្លារ ទៅ ២៨០​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ ឧកញ៉ា កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ ពិតជា​បង្ករ​ផល​ប៉ះពាល់​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម និង​សេវា​ដឹក​ជញ្ជូន​។ លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា ការ​ឡើងថ្លៃ​នៃ​ប្រេងឥន្ធនៈ នឹង​ជា​កត្តា​ធ្វើ​ឱ្យ​ផល​ចំណេញ​ពី​ឧស្សាហកម្ម មានការ​ថយ​ចុះ​។ យ៉ាងណា​ក៏​ដោយ​ចុះ លោក​ជំទាវ កែវ មុំ នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ស្ទុះ​កើប​ឡើង​វិញ នៃ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឡើង​វិញ​ជា​បណ្ដើរ​ៗ​។

តម្លៃ​ប្រេងឥន្ធនៈ​នៅ​ប៉ុន្មាន​ខែ​កន្លង​មកនេះ បាន​បន្ដ​កើន​ឡើងជា​បន្ដបន្ទាប់ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភពលោក​ក៏​មាន​តម្លៃ​ខ្ពស់​ដូច​គ្នា​ដែរ​។

សូម​បញ្ជាក់​ថា តារាង​តម្លៃ​ប្រេងឥន្ធនៈ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ តម្លៃ​ប្រេងសាំង​ធម្មតា​ត្រូវ​លក់​ក្នុង​តម្លៃ ៤.៥៥០​រៀល ក្នុង​១​លី​ត្រ ខណៈ​តម្លៃ​ម៉ា​ស៊ូ​ត​វិញ ១​លី​ត្រ មាន​តម្លៃ​៤.១០០​រៀល​។ ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គឺ​ស្របគ្នា​ទៅ​នឹង​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភពលោក​ក៏​កំពុង​ហក់​ឡើង​ខ្លាំង​ដែរ ដោយ​ក្នុង​មួយ​ធុង​បារ៉ែល មាន​តម្លៃ​ក្នុង​រង្វង់​ជាង​៨៣​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​៕

None



អត្ថបទបន្ទាប់


វិស័យសេវាកម្មកើនយឺតនៅឆ្នាំក្រោយ អាចជាកត្តារាំងស្ទះនៃកំណើនសេដ្ឋកិច្ចកម្ពុជាដែរ ឬយ៉ាងណា?

អត្រាកំណើននៃវិស័យសេវាកម្មនៅឆ្នាំ២០២២ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាព្យាករថា នឹងនៅតែមានការងើបឡើងវិញយឺតនៅឡើយ ខណៈដែលវិស័យនេះ គឺស្ថិតនៅក្នុ…

តើនៅឆ្នាំ២០២២ ការវិនិយោគវិស័យអចលនទ្រព្យស្ទុះងើបកម្រិតណា?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យព្យាករថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ នឹងមានកំណើនពី៣០% ទៅ ៤០% នៅដើមឆ្នាំ២០២២ ខណៈបច្ចុប្បន្នអ្នកជំនាញអះអាងថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ