នៅក្នុងរយៈពេល២ ឆ្នាំ២០២៤នេះ សហគ្រាសសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំទឹកប្រាក់នៃការនាំចេញនាំចូលសរុបជិត ៦៣០លានដុល្លារ កើនឡើងជាង៣៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននិងកំពុងបន្តលើកកម្ពស់នូវការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ផ្តោតសំខាន់ទៅលើការទាក់ទាញគម្រោងវិនិយោគដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាររថយន្ត សំបកកង់រថយន្ត និង ផ្សេងៗទៀត ។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសហគ្រាសកំពុងវិនិយោគសរុបចំនួន១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក ដែលបានបង្ហាញពីកម្លាំងចលករអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំជាងគេរបស់កម្ពុជាមួយនេះ។ យ៉ាងណាមិញ ចាប់ពីឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានទាក់ទាញសហគ្រាសថ្មីចំនួន៨សហគ្រាសបន្ថែមទៀតផងដែរ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា កត់សម្គាល់ឃើញថានៅរយៈពេល២ខែដើមឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិ ហាក់មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសគឺការនាំចេញនូវផលិតផលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែម្តង។
សម្រាប់អ្នកជំនាញរូបនេះ ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវការសម្របសម្រួលជាច្រើនសម្រាប់ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ និងទទួលបានក្រុមហ៊ុនវិនិយោគធំៗជាបន្តបន្ទាប់ផងដែរ។
ទន្ទឹមនេះ ឧកញ៉ា ស៊ិន ចន្ធី មានសុទិដ្ឋិនិយមខ្ពស់ និងជឿជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងទទួលបានការវិនិយោគបន្ថែមជាបន្តបន្ទាប់ទៀតផងដែរ។
សូមជម្រាបថា នៅរយៈពេល២ខែដើមឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងអន្តរជាតិ មានទំហំទឹកប្រាក់សរុបជាង ៨ពាន់លានដុល្លារ ការកើនឡើងជាង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជិត ៤ពាន់លានដុល្លារ កើនឡើងជាង២២% ខណៈការនាំចូលពីទីផ្សារអន្តរជាតិមកកម្ពុជាវិញមានចំនួនជាង ៤ពាន់លានដុល្លារ កើនឡើងជាង១៦%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕