ថ្មីៗនេះដែរ គេសង្កេតឃើញថា ម្ចាស់អាជីវកម្មហាងកាហ្វេមួយចំនួនបានសម្លឹងឃើញឱកាសទីផ្សារថ្មីនៅតំបន់ក្បែរខាងជាយរាជធានីភ្នំពេញ ដោយសារតែពួកគាត់យល់ថា ប្រជាពលរដ្ឋក្នុងតំបន់នោះ មានជីវភាពសមរម្យក្នុងការទទួលយកបទពិសោធន៍ថ្មីនៃការទទួលទាន។
ការសម្លឹងទៅជាយក្រុងនេះ ដោយសារភាពជន់ជោរនៃចំនួនហាងកាហ្វេនៅកណ្ដាលរាជធានីភ្នំពេញជាមួយនឹងការប្រកួតប្រជែងគ្នាខ្លាំង បានធ្វើឲ្យម្ចាស់ហាងកាហ្វេមួយចំនួនបានសម្លឹងឃើញឱកាសពង្រីកវិសាលភាពរបស់ខ្លួនទៅតំបន់ក្បែរខាងរាជធានីភ្នំពេញវិញម្ដង។
បើតាមការឲ្យដឹងពីលោកស្រី ប៊ុន ណាវី ម្ចាស់ហាង FOX Coffee បានឲ្យដឹងថា អ្នកស្រីបានសម្រេចចិត្តបោះទុនប្រមាណជាង ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីបើកសាខាទី២របស់ខ្លួននៅតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ៦ ដោយសារតែអ្នកស្រីបានមើលឃើញពីសក្ដានុពលនៃតំបន់មួយនេះ ជាគោលដៅដែលកំពុងមានការអភិវឌ្ឍខ្លាំង ខណៈប្រជាជនក៏មានជីវភាពកាន់តែប្រសើរជាងមុនផងដែរ។
លើសពីនេះទៀត លោកស្រី ប៊ុន ណាវី បានលើកឡើងថា ការវិវឌ្ឍទៅរកនិន្នាការថ្មីនៃឥរិយាបថរបស់អតិថិជនក្នុងការទទួលទានកាហ្វេក៏បានជំរុញឲ្យមានហាងកាហ្វេកាន់តែរីកដុះដាលច្រើនឡើង ដោយសារតែបច្ចុប្បន្នហាងកាហ្វេមិនត្រឹមតែជាកន្លែងសម្រាប់ទទួលទានកាហ្វេនោះទេ ប៉ុន្ដែ វាក៏ជាកន្លែងសម្រាប់ជួបជុំគ្នាជជែកកម្សាន្ដ ក៏ដូចជាពិភាក្សាការងារផ្សេងៗផងដែរ។
សូមបញ្ជាក់ដែរថា តំបន់ជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦នេះ ក៏បាននិងកំពុងធ្វើការអភិវឌ្ឍទីក្រុងរណបថ្មីដ៏ធំមួយ ព្រមជាមួយនឹងគម្រោងលំនៅឋានធំៗមួយចំនួនក៏បានសម្រុកការសាងសង់នៅតំបន់នោះផងដែរ។
មិនត្រឹមតែតំបន់ជាយរាជធានីភ្នំពេញនោះទេ ដែលកំពុងមានការចាប់រម្មណ៍ពីម្ចាស់ហាងកាហ្វេ សូម្បីតែនៅបណ្ដាខេត្តមួយចំនួនក៏មានវត្តមានហាងកាហ្វេល្បីៗជាច្រើនផងដែរ៕