លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទីផ្សារពិភពលោក និងប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា ហាក់មានភាពល្អប្រសើរឡើងវិញ តាមរយៈការបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា ស្របពេលកម្ពុជា មានសមត្ថភាពផលិតដែលឆ្លើយតបនឹងតម្រូវការរបស់ពិភពលោក។ បើតាមអ្នកជំនាញរូបនេះ ភាពប្រសើរឡើងនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ គឺមួយផ្នែកកើតចេញពីទំនាក់ទំនងល្អផ្នែកការទូតរបស់កម្ពុជា ជាមួយបណ្ដាក្រុមធុរជនបរទេស គួបផ្សំកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះរំពឹងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងធ្វើដំណើរទៅមុខដោយភាពស្វាហាប់ជាមួយកំណើនល្អប្រសើរនៅឆ្នាំនេះ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ សម្រេចបានជាង២១ពាន់លានដុល្លារ មានការកើនឡើងជាង១៣% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជិត១៩ពាន់លានដុល្លារ។ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ បន្ទាប់មកគឺវៀតណាម មានទំហំជាង៣ពាន់៥៥៨លានដុល្លារ និងសហរដ្ឋអាម៉េរិក ស្ថិតក្នុងលំដាប់ទី៣ ដែលមានទំហំពាណិជ្ជកម្មជាង៣ពាន់៥២៥លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា