ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ លំហូរទុនវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានប្រមាណជាង៤៨ពាន់លានដុល្លារ មានការកើនឡើងជិត៨% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះប្រភពទុនវិនិយោគផ្ទាល់ពីបរទេសចម្បង គឺមកពីប្រទេសចិន ដែលបានរួមចំណែកជាង៤៥% នៃវិនិយោគផ្ទាល់បរទេសសរុប ដោយតាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ កាណាដា និងចក្រភពអង់គ្លេស។ លំហូរចូលវិនិយោគទាំងនេះ ត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់ជាដើម។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់នេះ គឺដោយសារកម្ពុជា រក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ខណៈប្រទេសមួយចំនួនក្នុងតំបន់កំពុងជួបវិបត្តិសេដ្ឋកិច្ច និងអតិផរណាជាដើម ដែលជំរុញឱ្យវិនិយោគិនបរទេសបានងាកមកចាប់ឱកាសវិនិយោគនៅកម្ពុជា។
ម្យ៉ាងទៀត តាមរយៈការដំឡើងពន្ធដាក់គ្នារវាងអាម៉េរិក និងចិន ក៏បានហុចផលដល់កម្ពុជា ក្នុងការទទួលបានការវិនិយោគមកពីប្រទេសចិន ជាច្រើនផងដែរ ដើម្បីផលិត និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការអនុគ្រោះពន្ធមួយចំនួន។ លើកពីនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើនដែលកម្ពុជាមាន ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ។ យ៉ាងណាមិញ អ្នកជំនាញរូបនេះមានជឿយ៉ាងមុតមាំថា នៅឆ្នាំ២០២៤នេះ លំហូរវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជានឹងមានកំណើនបន្ថែមទៀត។
ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការវិនិយោគផ្ទាល់ពីបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើន និងធានាភាពធន់សម្រាប់សេដ្ឋកិច្ច និងបង្កើតតម្លៃបន្ថែមផងដែរ។ សម្រាប់អ្នកជំនាញរូបនេះការកើនឡើងកំណើនវិនិយោគផ្ទាល់ពីបរទេសគិតត្រឹមឆ្នាំ២០២៣ កន្លងទៅនេះ គឺបានបង្ហាញពីសម្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យវិនិយោគនៅកម្ពុជា ចាប់តាំងពីមានវិបត្តិកូវីដ-១៩។
សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងពង្រីកផលិតកម្ម បានជិត ២៧០គម្រោង ជាមួយទុនវិនិយោគសរុបជិត៥ពាន់លានដុល្លារ និងអាចផ្តល់ការងារបានប្រមាណជាង៣០ម៉ឺនកន្លែង៕