ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីបញ្ហាប្រឈមរបស់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស ពិសេសពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង គឺពួកគាត់ជួបនូវបញ្ហាក្នុងការពន្យារសុពលភាពលិខិតឆ្លងដែន ដែលមានការលំបាក ពីព្រោះថា ដោយតម្រូវឱ្យមានលក្ខខណ្ឌពាក់ព័ន្ធផ្លូវច្បាប់មួយចំនួន ក៏ដូចជា ដើម្បីគិតគូរពីសន្តិសុខជាតិ និងគិតគូរពីការក្លែងបន្លំជាដើម។
ដើម្បីជួយសម្រួល និងដោះស្រាយផលវិបាករបស់ប្រជាពលករខ្មែរនៅទីនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យមានការបើកការិយាល័យធ្វើលិខិតឆ្លងដែនជូនដល់ពលករខ្មែរនៅក្រៅប្រទេស ដោយមានការចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូងមុនគេ ដើម្បីកាត់បន្ថយពេលវេលា និង ការចំណាយរបស់ពលករខ្មែរនៅទីនោះ។ ក្នុងនោះ សម្តេចធិបតី បានបញ្ជាឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ សម្របសម្រួលក្នុងការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ។ តាមរយៈការអនុញ្ញាតនេះ គឺត្រូវបង្កើតការិយាល័យអនុព័ន្ធ ដើម្បីចាត់បញ្ជូនមន្ត្រីទៅប្រចាំការ រៀបចំប្រតិបត្តិការ និងគ្រប់គ្រងទិន្នន័យនៅទីនោះតែម្តង។
ទន្ទឹមនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំទាវ ជ្រឹង បទុមរង្សី នាថ្ងៃទី១០ ខែកញ្ញានេះ បានចាត់ទុកការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាដំណឹងដ៏សែនរីករាយឥតឧបមា សម្រាប់ពលករ-ពលការនី និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស មិនថាតែនៅប្រទេសកូរ៉េខាងត្បូងនោះទេ។ មិនតែប៉ុណ្ណោះ នេះ គឺជាការសម្រេចចិត្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យដល់ដៃប្រជាពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។ នេះបើតាមការបញ្ជាក់ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉។
សូមជម្រាបថា បើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃខែសីហា ឆ្នាំ២០២៣ មានពលករខ្មែរចំនួនជាង ១លាន៣សែននាក់ កំពុងធ្វើការនៅក្រៅប្រទេស ដោយក្នុងនោះនៅក្នុងប្រទេសថៃមានប្រមាណជាង ១លាននាក់ នៅកូរ៉េខាងត្បូងមានប្រមាណជាង ៥ម៉ឺននាក់ និងនៅជប៉ុន និងម៉ាឡេស៊ី មានប្រមាណជាង ២ម៉ឺននាក់៕