ការអះអាង របស់អ្នកជំនាញ ផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើងទន្ទឹមនឹងពេលបច្ចុប្បន្ននេះ ការនិយមប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់ប្រជាពលរដ្ឋកម្ពុជា កំពុងមានការកើនឡើន ស្របទៅតាមសម័យកាលបច្ចេកវិទ្យាកំពុងរីកដុះដាលយ៉ាងលឿនរហ័ស។
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា ធ្លាប់បានលើកឡើងដែរថា នៅ៥ឆ្នាំខាងមុខនេះ ក្រៅពីការបង្កើនសាខាច្រើន ប្រតិបត្តិករហិរញ្ញវត្ថុ ពិសេសធនាគារតែម្ដង នឹងវិវត្តខ្លួនកាន់តែខ្លាំងឡើងទៅរកការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech តាមរយៈការទូទាត់នានាដោយមិនចាំបាច់ប្រើក្រដាសប្រាក់នោះឡើយ ខណៈដែលបច្ចុប្បន្នវិស័យនេះ ត្រូវបានអ្នកជំនាញ ហិរញ្ញវត្ថុជើងចាស់រូបនេះ អះអាងថា បាននិងកំពុងចាប់ផ្ដើមបោះជំហាននៅក្នុងទីផ្សារកម្ពុជាបណ្ដើរៗហើយ។
លោក បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការចំណាយទូទាត់នានា វាផ្ដល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយក៏ផ្ដល់នូវផលចំណេញសម្រាប់ម្ចាស់អាជីវកម្មផងដែរ ព្រោះរាល់ការទូទាត់អតិថិជនអាចធ្វើបានដោយស្វ័យប្រវត្តជាមួយនឹងម៉ាស៊ី ព្រមទាំងអាចទូទាត់បាននៅគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈទូរស័ព្ទស្មាតហ្វូន។
តាមការគូសបញ្ជាក់ អគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះ បានឲ្យដឹងទៀតថា ទៅថ្ងៃអនាគត ធនាគារឌីជីថល នឹងមានកាន់តែច្រើនឡើងថែមទៀត នៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងមានការលូតលាស់។
ក្នុងនាមជាធនាគារនាំមុខគេនៅកម្ពុជា អេស៊ីលីដា ក៏បានបោះជំហានទៅមុខបានខ្លះៗហើយ ទាក់ទងនឹងវិស័យធនាគារឌីជីថលនេះ តួយ៉ាង ធនាគារ អេស៊ីលីដាបានបង្កើតនូវសេវាកម្ម អេស៊ីលីដាទាន់ចិត្ត ដែលក្នុងនោះ មាននូវសេវាកម្មជាច្រើន ពិសេសគឺអនុញ្ញាតឲ្យអតិថិជនអាចទូទាត់ចំណាយ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈទូរស័ព្ទ ស្មាតហ្វូន។
ថ្មីៗនេះទៀតសោត ធនាគារក្នុងស្រុកដ៏ធំជាងគេមួយនេះ ក៏ទើបតែបានសាងសង់មជ្ឈមណ្ឌលទិន្នន័យធំមួយសម្រាប់គ្រប់គ្រងទិន្នន័យនៅទូទាំងប្រទេស ក៏ដូចជាសាខាមួយចំនួននៅក្រៅប្រទេសផងដែរ ដែលនេះ គឺជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធពេញលេញមួយ ដើម្បីវិវឌ្ឍខ្លួនឲ្យស័ក្ដិសមជាធនាគារឌីជីថល។ នេះបើតាមការរៀបរាប់បន្ថែមពី លោកបណ្ឌិត អ៊ិន ចាន់នី។
ជាមួយគ្នានេះដែរ លោក ឈ គង់ផេង អគ្គនាយកក្រុមហ៊ុន អាស៊ីវេរលុយ បានលើកឡើងថា បច្ចុប្បន្នកំណើននៃអ្នកប្រើប្រាស់បច្ចេកវិទ្យាទាក់ទងនឹងការទូទាត់ ដោយមិនប្រើប្រាស់ក្រដាសប្រាក់នេះ គឺមានកំណើនជារៀងរាល់ថ្ងៃ ដែលវាសបញ្ជាក់ឲ្យឃើញថា ប្រជាជនកាន់តែមានការយល់ដឹងកាន់តែច្រើនឡើងជុំវិញ វិស័យបច្ចេកវិទ្យា ពិសេសទាក់ទងនឹងផ្នែកហិរញ្ញវត្ថុនេះ។ តែយ៉ាងណា លោកថា ក៏នៅមានផលលំបាកមួយចំនួនផងដែរ ក្នុងការពន្យល់ប្រជាពលរដ្ឋឲ្យជ្រើសរើសយកការចំណាយតាមបែបឌីជីថល ដូចជាការស្កែន QR កូដ ដើម្បីទូទាត់ចំណាយនានាជាដើម ព្រោះវាជាមធ្យោបាយថ្មីមួយសម្រាប់ពួកគាត់។
ទោះជាយ៉ាងនេះក្ដី លោក គង់ផេង បានគូសបញ្ជាក់ថា ដើម្បីអាចជំរុញឲ្យវិស័យទូទាត់តាមឌីជីថលនេះ មានការរីកចម្រើនមុខកាន់តែឆាប់រហ័ស ចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ហើយបើតាមទិសដៅរបស់ក្រុមហ៊ុនអាស៊ីវេលុយ នឹងធ្វើឲ្យទូរស័ព្ទដៃនឹងក្លាយជាកាបូបលុយ។
គួរជម្រាបថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានខិតខំអភិវឌ្ឍខ្លួនទៅជាធនាគារឌីជីថល គេសង្កេតឃើញថា ក៏មានក្រុមហ៊ុនប្រតិបត្តិករហិរញ្ញវត្ថុជាច្រើនចាប់ផ្ដើមអភិវឌ្ឍខ្លួនកាន់តែខ្លាំងដែរ ទៅរកការទូទាត់ឌីជីថលនេះ តួយ៉ាង ក្រុមហ៊ុនវេលុយជាច្រើននៅកម្ពុជា បាននិងកំពុងពង្រឹង និងពង្រីកសេវាកម្មទូទាត់ចំណាយតាមអេឡិចត្រូនិកកាន់តែច្រើនឡើង។ ជាក់ស្ដែង ការស្កែន QR កូដ ដើម្បី ទូទាត់ចំណាយផ្សេងៗជាដើម។
តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់ បានបញ្ជាក់ថា សេវាហិរញ្ញវត្ថុ Digitalក្នុងប្រទេសកម្ពុជានឹងរួមចំណែក៦ ភាគរយ នៃកំនើនសេដ្ឋកិច្ច ដែលក្នុងនោះនឹងជំរុញឲ្យមានចរន្ត នៃការចំនាយ តាមប្រព័ន្ធអេឡិចត្រូនិចប្រមាណ ១,៧ ពាន់លានដុល្លារ ធ្វើឲ្យមានការស្រូបយកឥណទានបន្ថែម ប្រមាណ ២,៥ ពាន់លានដុល្លារ នឹងអាចធ្វើឲ្យមានការសន្សំប្រមាណ ៥០០លានដុល្លារអាមេរិក។
ដោយឡែក បើពិនិត្យទៅមើល វិសាលភាពនៃអ្នកប្រើប្រាស់បច្ចេកវិទ្យា តាមរយៈទូរស័ព្ទដៃ និងអ៊ីនធើណែត តាមរបាយការណ៍ពី និយ័តករទូរគមនាគមន៍កម្ពុជា បានបង្ហាញថា គិតមកទល់ចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ចំនួនស្ថិតិសេវាទូរគមនាគមន៍ នៅប្រទេសកម្ពុជាយើង រួមមានដូចតទៅ៖
- ចំនួនទូរស័ព្ទចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន៦) សរុប ១៩.០៧៥.៧២៥ ស៊ីមកាត ត្រូវនឹង ១១៨,៧០% បើធៀបនឹងប្រជាជនសរុប។
- ចំនួនទូរស័ព្ទអចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន៧) សរុប ១០២.៧៧៥ ខ្សែ ត្រូវនឹង ០,៦៤% បើធៀបជាមួយប្រជាជនសរុប។
- ចំនួនបណ្តាញអ៊ីនធឺណិតចល័ត 3G/4G-LTE (ផ្តល់ដោយប្រតិបត្តិករចំនួន ៧) សរុប ១២.០៩៦.៣១៦ ស៊ីមកាត ក្នុងចំណោមស៊ីមកាតទូរស័ព្ទចល័ត ១៩.០៧៥.៧២៥ ត្រូវនឹង ៧៥,២៧% បើធៀបជាមួយប្រជាជនសរុប។
- ចំនួនបណ្តាញអ៊ីនធឺណិតអចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន ៣៤) សរុប ១៣២.៨៨៩ ខ្សែ ត្រូវនឹង ០,៨២% បើធៀបជាមួយប្រជាជនសរុប។
- អ្នកប្រើប្រាស់គណនីហ្វេសបុកនៅកម្ពុជា ត្រឹមខែមករា ឆ្នាំ២០១៨ មានរហូតដល់ប្រមាណ ៦,៨ លានគណនី (មិនមានតួលេខបានធ្វើបច្ចុប្បន្នភាពរហូតដល់ខែសីហា ឆ្នាំ២០១៨ នៅឡើយ)។
- ប្រជាជនកម្ពុជាសរុប តាមការប៉ាន់ស្មានដោយអង្គការ JiCa ជប៉ុន មានចំនួន ១៦.០៦៩.៩២១ នាក់៕