លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជាមានដីអំណោយផល សម្រាប់វិស័យកសិកម្ម ជាពិសេស ដំឡូងមី និង មៀនប៉ៃលិន ហើយយើងចង់សហការជាមួយអ្នកវិនិយោគចិន កែច្នៃផលិតផលទាំងពីរនេះ ដើម្បីនាំទៅទីផ្សារចិនផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទីបីដូចបច្ចុប្បន្ន»។
បើតាមលោករដ្ឋមន្រ្តី កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និង ដំណាំផ្សេងៗ ដូចជា មៀនប៉ៃលិនជាដើម ដើម្បីជំរុញការនាំចេញ ដែលជាការធ្វើពិពិធកម្មវិស័យការងារ ដល់ពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រ។
បញ្ហានេះ ត្រូវបាន លោក ហ៊ឺ ជៀនយ៉ាង សន្យាថា នឹងយកសំណើនេះទៅពិភាក្សា និង សិក្សាបន្ថែម ឲ្យបានស៊ីជម្រៅអំពីលទ្ធភាពសហការវិនិយោគអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផលដំឡូមី និង មៀនប៉ៃលិន និង ដំណាំរួមផ្សំដទៃទៀត។
ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) លោក ហ៊ឺ ជៀនយ៉ាង បានផ្តល់អនុសាសន៍ដល់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម យកសំណើនេះ ទៅពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មចិន ដែលនឹងអមដំណើរលោកនាយករដ្ឋមន្រ្តីចិនមកកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា ចិនជាប្រទេសដែលដាក់ទុនវិនិយោគនៅកម្ពុជាឈានមុខគេមួយនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ លើវិស័យកម្មន្តសាល សំណង់ វាយនភណ្ឌ និង អគ្គិសនីជាដើម។ កាលពីឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទសទាំងពីរ មានរហូតដល់ ៤,៨០០ លានដុល្លារសហរដ្ឋអាមេរិក។ លើសពីនេះ ឆ្នាំ២០១៨នេះ ចិនបានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករចូលទីផ្សារចិន៣០ម៉ឺនតោនផងដែរ៕