ទំនាក់ទំនង​ កម្ពុជា-ចិន-អាមេរិក

សម្តេចនឹងចូលរួមវេទិកា ខ្សែក្រវាត់ និងផ្លូវនៅប៉េកាំង ខណៈអាមេរិកបន្តរិះគន់គម្រោងរបស់ចិន


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែននឹងអញ្ជើញចូលរួមវេទិកា ខ្សែក្រវាត់មួយ ផ្លូវមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន ខណ:ដែលសហរដ្ឋអាមេរិកបន្តរិះគន់គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន ថា ខ្វះតម្លាភាព និងគណនេយ្យភាព។
ប្រធានាធិបតីចិន (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្ដាំ) (http://www.sundaynews.co.zw)

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ក្រសួងការបរទេស​នៅថ្ងៃចន្ទនេះ វេទិកា​ខ្សែក្រវាត់​មួយ ផ្លូវមួយ​លើកទី២​នេះ មានរយៈពេល ៥ថ្ងៃ ហើយនឹងចាប់​ផ្តើមពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ២០១៩។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បានសរសេរ​ដូច្នេះថា«នៅក្នុង​សម័យ​ប្រជុំជាន់​ខ្ពស់​នៃវេទិកា​ខ្សែ​ក្រវាត់ និងផ្លូវ​លើកទី២ នៅថ្ងៃទី ២៦ ខែមេសា សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​នឹងថ្លែង​សុន្ទរកថា​ពីមូល​បទ​របស់​វេទិកា កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និងផ្លូវៈ បង្កើត​ជោគវាសនា​រួម​ដ៏ត្រចះត្រចង់។»

ថ្នាក់ដឹកនាំ​បរទេស​ប្រមាណជា ៤០នាក់ និងអ្នក​តំណាង​មកពីជាង ១០០ប្រទេស​ផ្សេងទៀត​នឹងចូល​រួមវេទិកា​ខ្សែក្រវាត់ និងផ្លូវលើក​ទី២នេះ នេះយោង​តាម​កាសែត​ចិន People’s Daily។

ចំពោះ​សហរដ្ឋអាមេរិក​វិញ ខ្លួនក៏បាន​ប្រកាសរួច​ហើយថា ខ្លួននឹង​មិនបញ្ជូន​មន្រ្តីជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះទេ ដោយសារ​មានការព្រួយ​បារម្ភ​ពីការ​អនុវត្ត​ផ្តល់ហិរញ្ញប្បទាន​របស់គម្រោង​ខ្សែក្រវាត់​មួយ ផ្លូវ​មួយនេះ។

នៅថ្ងៃចន្ទ​នេះផងដែរ ស្ថានទូត​អាមេរិក​នៅកម្ពុជា បានបង្ហោះ​សារ​រិះ​គន់​ថ្មី​លើក្រុមហ៊ុន​សំណង់​រដ្ឋ​ចិន​ដែលបាន​សង់ទំនប់​វារីអគ្គិសនី​នៅប្រទេស​អេក្វាឌ័រ​ដែលហាក់​ដូចជា​គ្មានដំណើរការ​សោះ។

ស្ថានទូតអាមេរិក​បានសរសេរ​ដូច្នេះថា​តាមរយ:​ហ្វេសប៊ុកផ្លូវការ​របស់ខ្លួន​ «សំណង់គ្មាន​គុណភាព និងការមិន​គិតពី​ស្តង់ដា​សុវត្ថិភាព មានន័យថា កសិករ​នៅផ្នែក​ខាងក្រោម​ត្រូវទទួល​រងការជន់​លិចជា​ញឹកញាប់។ សូមអាន​បន្តស្តីពីគម្រោង​សាងសង់​នេះ ក្រោមគោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវមួយ​របស់ចិន ហើយនិង​បញ្ហារបស់​វាទាក់ទង​នឹងកង្វះ​តម្លាភាព និងគណនេយ្យ​ភាព​នៅត្រង់នេះ។ តើអ្នកមើល​ឃើញរូបភាព​រួមទេ?»

តាមរយ:​ហ្វេសប៊ុក​ដដែល ស្ថានទូត​អាមេរិក​បានភ្ជាប់​នូវអត្តបទ ដែលនិយាយ​ពីទំនប់​វារីអគ្គីសនី​នៅអេក្វាឌ័រ​មួយ ដែលហាក់​ដូចជា​មិនដំណើរការ​បន្ទាប់​ពីសង់ហើយ​បាន២ឆ្នាំ ដោយក្រុមហ៊ុន​រដ្ឋចិន។

អត្តបទនោះ​និយាយថា ក្រុមហ៊ុន​ចិនបាន​សាងសង់​ទំនប់នេះ ដោយមិនគោរព​តាមស្តង់ដារ​សុវត្ថិភាព និងគុណភាព​ហើយដោយសារតែ​ការសាងសង់​មិនល្អ កសិដ្ឋាន​នៅខ្សែទឹក​ខាងក្រោម​បាន​ជន់លិច។

អត្តបទនោះក៏និយាយ​ផងដែរពី​លក្ខខណ្ឌ​និងស្ថានភាព​បំណុល​របស់អេក្វាឌ័រ​សរុប​នាពេល​បច្ចប្បន្ន ដែលកំពុងតែ​ប្រកាស​រកជំនួយ​អន្តរជាតិ ដើម្បីជួយ​សង ឬទិញបំណុល​ចិន។

ការរិះគន់ថ្មី​របស់​ស្ថានទូត​អាមេរិក​នៅថ្ងៃ​ចន្ទនេះ មានបន្ទាប់​ពីការលើកឡើង​របស់ស្ថាន​ទូតចិន អំពីចំនួន​ផ្លូវ ស្ពាន និងវារីអគ្គិសនី​ដែលខ្លួន​បានកសាង​នៅកម្ពុជា។

កាសែតចិន People’s Daily ដដែលនេះក៏បាន​ដកស្រង់​សម្ដី​មន្រ្តីជាន់ខ្ពស់​ចិនដោយ​បដិសេធការចោទ​ប្រកាន់ថា គំនិតផ្តួច​ផ្តើមនេះ​ថា ជាអន្ទាក់​បំណុល តែផ្ទុយទៅវិញ វាជាកិច្ច​សហប្រតិបត្តិការ​ ដែលធ្វើឲ្យ​ប្រទេស​ជាច្រើន​ទទួលបាន​ការអភិវឌ្ឍ។

ហាក់បីដូចជា​អត្ថាធិប្បាយ​លើការរិះគន់​គ្នា​រវាងអាមេរិក និងចិន​ពីរឿងកម្ពុជា លោកហ៊ុយ វណ្ណ: រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បានសរសេរ​តាមហ្វេសប៊ុក​នៅថ្ងៃចន្ទនេះថា«ឱ! លោកអ្នក​ថ្លៃថ្នូរ! ហេតុម្តេច​ក៏មក​ឡូឡាអី នៅរបង​ផ្ទះយើងខ្ញុំ។ សុំមាន​សីលធម៌​ផង កុំមករំខាន​ដល់ដំណេក​កូនៗ​យើងខ្ញុំ។ បើចង់កាច់​កុង​គ្នាលើ​សេដ្ឋកិច្ច ឬភូមិសាស្ត្រ នយោបាយ ក៏សុំ​អញ្ជើញ​ឈ្លោះផ្ទាល់​គ្នាឯងចុះ។ កម្ពុជា គឺជា​ប្រទេស​អធិបតេយ្យ»៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ គំរូអភិវឌ្ឍន៍ខេត្តព្រះសីហនុ កំពុងជះឥទ្ធិពលវិជ្ជមាន ទៅដល់ខេត្តមាត់សមុទ្រដទៃទៀត

ដូចដែលយើង បានដឹងបានឭហើយថា ខេត្តព្រះសីហនុ នាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងទទួលបានការអភិវឌ្ឍយ៉ាងលឿនគំហុក ពិសេស គឺវិស័យសំណង់ និ…

ឧញ៉ា សៀ ឫទ្ធី៖ ធនធានមនុស្សល្អ ចាំបាច់មានការអប់រំពីសាលាផង និងការអនុវត្តជាក់ស្ដែងផង

សេដ្ឋី និងជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប គឺលោក ឧកញ៉ា សៀ ឫទ្ធី បានលើកឡើងនាពេលថ្មីៗនេះថា ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព មិនត្រឹមតែមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ