បើតាមសេចក្តីប្រកាសនេះ លោកនាយករដ្ឋមន្រ្តី លី ខឺឈាង នឹងចូលគាល់សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្ររបស់កម្ពុជា នៅព្រះបរមរាជវាំង។ បន្ទាប់មក លោកនឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន ហើយថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារមួយចំនួន និង ប្រកាសជាផ្លូវការនូវគម្រោង «ដំណើរនៃក្តីស្រឡាញ់ពី បេះដូង» នៅកម្ពុជា ជំនួយឥតសំណងសម្រាប់គម្រោងសាង់សង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និង មន្ទីរពេទ្យខេត្តត្បូងឃ្មុំ និង គម្រោងប្លង់ស្ថាបត្យកម្ម អាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង នឹងអញ្ជើញដាក់កម្រផ្កានៅវិមានឯករាជ្យ និង គោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌលព្រះករុណព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋ។
បើតាមសេចក្តីប្រកាសខាងលើ ទស្សនកិច្ចផ្លូវរបស់លោក លី ខឺឈាង បាននឹងប្រព្រឹត្តទៅក្នុងពេលចាប់ផ្តើមខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង ចិន ដើម្បីពង្រឹងបន្ថែមទៀត នូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
តាមពិតទៅ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិននៅពេលនេះ ទំនងជាចង់បញ្ជាក់ឲ្យកាន់តែច្បាស់ចំពោះជំហគាំទ្រឥតងាករេរបស់ក្រុងប៉េកាំង មកលើរដ្ឋាភិបាលក្រុងភ្នំពេញ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងមិនសូវល្អជាមួយសហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប ជុំវិញករណីរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
ក្រៅពីហេតុផលភូមិសាស្រ្តនយោបាយ ទីក្រុងប៉េកាំង ក៏បាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយកម្ពុជាផងដែរ។ គេក៏មិនអាចភ្លេចដែរថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយនាំមុខគេក្នុងការវិនិយោគលើវិស័យកាត់ដេរ វិស័យសំណង់ វិស័យ ទេសចរណ៍ និង វិស័យជាច្រើនទៀត។ ហើយថ្មីៗនេះ អ្នកវិនិយោគចិន បាននិងកំពុងសម្រុកមកខេត្តព្រះសីហនុ និង បានបោះទុនវិនិយោគ ខេត្តជាប់មាត់សមុទ្រមួយនេះ ឲ្យក្លាយជា China Town នៅថ្ងៃអនាគត ទៀតផង។ ទន្ទឹមគ្នានេះ ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-ព្រះសីហនុ ចម្ងាយ ១៩០គីឡូម៉ែត្រ ក្រោមការវិនិយោគរបស់ចិន អាចនឹងចាប់ផ្តើមធ្វើនៅឆ្នាំក្រោយផងដែរ៕