ថ្លែងនាពិធីផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួម កម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅនេះ ជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
ឯកឧត្តម វង្សី វិស្សុត ចាត់ទុកខ្លឹមសាររួមនៃសៀវភៅនេះ បានឆ្លុះបញ្ចាំងនូវសុទិដ្ឋិនិយមក្នុងការពង្រឹងសន្ដិសហវិជ្ជមានរវាងប្រទេសទាំងពីរ និងផ្ដល់អនុសាសន៍ល្អៗសម្រាប់ការកសាងអនាគត ប្រកបដោយស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងទូលំទូលាយទាំងក្នុងតំបន់ និងសកលលោក ជាពិសេសជាគំរូដ៏សំខាន់មួយសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយឈរលើមូលដ្ឋាននៃការគោរពសិទ្ធិស្វ័យសម្រេច ឯករាជ្យភាព និងអធិបតេយ្យភាព។
ជាមួយគ្នានេះលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»នាពេលនេះ។ លោកបានចាត់ទុកការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា-ចិន បានក្លាយជាគំរូឈានមុខគេមួយសម្រាប់សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ តួយ៉ាងកាលពីឆ្នាំ២០១៩ ចិននិងកម្ពុជាបានចុះហត្ថលេខាលើផែនការសកម្មភាពស្តីពីការកសាងគមន៍វាសនារួមរវាងចិន-កម្ពុជា ជាលើកដំបូងនៅក្នុងពិភពលោក ហើយនៅឆ្នាំ២០២៣ ចិននិងកម្ពុជា ក៏បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីនេះថែមទៀតផង។
ទន្ទឹមនេះលោក Wang Wenbin បានបញ្ជាក់ថា ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទទួលបានសមិទ្ធិផលយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងសហការគ្នាជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយក្នុងនោះមានវិស័យជាច្រើនបានអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងល្អប្រសើរផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា-សេង វិន